កម្ពុជា-នយោបាយ
30/06/2022 – 09:06
ដោយ៖ ញឹម សុផល
RFI

មន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិ © សហការី
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ៣រូប កាលពីថ្ងៃពុធម្សិលមិញ បានអំពាវនាវឲ្យមានការពិនិត្យឡើងវិញជាបន្ទាន់លើដំណើរការអនុវត្តច្បាប់ ដែលបានធ្វើឡើងចំពោះក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។ ការស្នើរបស់មន្ត្រីសិទ្ធិមនុស្ស UN ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការកាត់ក្តី និងផ្តន្ទាទោសទ្រង់ទ្រាយធំលើកទី៣ ទៅលើសកម្មជន និងមេដឹកនាំបក្សប្រឆាំងចំនួន ៤៣នាក់ កាលពីពាក់កណ្តាលខែមិថុនានេះ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោល និងស្នើឲ្យមន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិស្តាប់សេចក្តីរាយការណ៍របស់រដ្ឋសមាជិកប្រកបដោយក្រមសីលធម៌។
ការដែលអ្នកជំនាញសិទ្ធិមនុស្ស៣រូបរបស់អង្គការសហប្រជាជាតិ (UN) ដែលក្នុងនោះមានលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងដោះស្រាយជាបន្ទាន់នោះ ក៏ដោយសារតែមានការយល់ឃើញថា ការផ្តន្ទាទោសមេដឹកនាំ និងសកម្មជនដែលជាប់ពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ បង្ហាញពីកំហុសឆ្គងរបស់តុលាការខ្មែរ។
មន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិលើកឡើងថា ពួកគេបង្ហាញនូវក្តីកង្វល់ជុំវិញបញ្ហាផ្លូវច្បាប់ក៏ព្រោះតែជនជាប់ចោទជាច្រើននាក់ត្រូវបានបដិសេធចំពោះការចូលខ្លួនទៅកាន់សវនាការ ហើយជាលទ្ធផលពួកគេត្រូវបានកាត់ទោសដោយកំបាំងមុខ។ ក្រុមសិទ្ធិមនុស្ស UN ក៏បានលើកឡើងពីចំណុចមួយចំនួនទៀតដែរ ដូចជាការបដិសេធការចូលប្រើប្រាស់ឯកសារសំណុំរឿងពេញលេញ។ ការរំលោភលើគោលការណ៍សន្មត់នៃភាពគ្មានទោសពៃរ៍។ ការបន្តឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ក្តីដោយផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ កង្វះភស្តុតាងច្បាស់លាស់ អង្គហេតុ និងសេចក្តីសន្និដ្ឋានដែលបញ្ជាក់ពីការចោទប្រកាន់ជាដើម។
លើសពីនេះ ក្រុមមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពដល់សេរីភាពក្នុងការបញ្ចេញមតិស្របតាមកតិការសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានផងដែរ។
ក៏ប៉ុន្តែស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានហៅសេចក្តីប្រកាសព័ត៌មានរបស់មន្ត្រីសិទ្ធិមនុស្ស UN ទាំង៣រូប ថាបានធ្វើឲ្យមានការយល់ច្រឡំអំពីការជំនុំជម្រះក្តីនៅកម្ពុជា។ តំណាងកម្ពុជានៅទីក្រុងហ្សឺណែវ បានធ្វើការបកស្រាយចំនួន៤ចំណុច ដែលមានន័យថាការចោទប្រកាន់របស់មន្ត្រីសិទ្ធិមនុស្សសហប្រជាជាតិ ធ្វើឡើងដោយមិនផ្អែកលើការពិត និងបែបបុរេវិនិច្ឆ័យ។
តំណាងកម្ពុជាក៏បានបង្ហាញការសោកស្តាយផងដែរចំពោះការវាយតម្លៃរបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងថាជាអត្ថាធិប្បាយដែលធ្វើឡើងដោយលម្អៀង។
ជាមួយគ្នានេះ ស្ថានបេសកកម្ពុជា ក៏បានទទូចឲ្យអ្នករាយការណ៍ពិសេសទាំង៣រូប របស់ UN យកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកជាច្រើន ដែលបានទាមទារឲ្យអ្នករាយការណ៍ពិសេសទាំងអស់អនុវត្តតួនាទីរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌ និងការទទួលខុសត្រូវប្រកបដោយឯករាជ្យ៕