ក្រសួង​​សុខាភិបាល ក្រើន​រំលឹក​​ដល់​​ពលរដ្ឋ​ឱ្យ​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​បង្ការ​​ការ​ចម្លង​​ជំងឺ​អុតស្វា

ដោយ សុជីវី
2022.07.24
RFA

ក្រសួង​​សុខាភិបាល ក្រើន​រំលឹក​​ដល់​​ពលរដ្ឋ​ឱ្យ​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​បង្ការ​​ការ​ចម្លង​​ជំងឺ​អុតស្វា

រោគសញ្ញា​របស់​អ្នក​ជម្ងឺ​អុតស្វា​ដែល​បង្ហាញ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា។ រូប៖ ក្រសួងសុខាភិបាល


ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​ពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​បង្ការ​ការចម្លង​ជំងឺអុតស្វា (Monkeypox)។ 

បើតាម​ក្រសួង​សុខាភិបាល សម្រាប់​ករណី​សង្ស័យ ឬករណីឈឺ ដោយ​មាន​រោគសញ្ញា​ដូចជា ចេញ​កន្ទួល​រមាស់​បែប​ពងទឹក​នៅលើ​ដងខ្លួន បាតដៃ បាតជើង និង​ផ្ទៃមុខ អមដោយ​រោគសញ្ញា​ក្តៅខ្លួន​លើសពី ៣៨,៥ អង្សាសេ និង​មាន​ឈឺក្បាល ហើម​កូនកណ្តុរ ឈឺសាច់ដុំ និង​ខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង ត្រូវ​ដាក់​អ្នកជំងឺ​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​ដោយក្រុម​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ ឬ​អាច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅជិត។ ទន្ទឹមនឹងនេះ ត្រូវ​តាមដាន​រក​អ្នកឆ្លងបន្ត​តាមរយៈ​អ្នកនៅជុំវិញ ជាពិសេស​ក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់​ផ្សេងៗ។

ពលរដ្ឋ​ត្រូវ​អនុវត្ត​នូវ​អនាម័យ​ខ្លួនប្រាណ និង​រស់នៅស្អាត ដោយ​ធ្វើ​អនាម័យ​ដៃស្អាត​ជាមួយ​សាប៊ូ ឬ​ជែល​អាល់កុល និង​អនុវត្ត​ការការពារ​ការចម្លង​តាម​ផ្លូវ​ដង្ហើម ជាដើម។ ជៀសវាង​ការប៉ះពាល់​ដោយផ្ទាល់ ឬដោយ​ប្រយោល​ជាមួយ​អ្នក​ជំងឺ ឬបុគ្គល​សង្ស័យ រួមទាំង​ការរួមភេទ ជាពិសេស​ការប៉ះពាល់​ស្បែក កន្លែង​ដែល​មាន​ចេញ​ពងទឹកបែក ឬ​សម្ភារៈ​ប្រើប្រាស់​​របស់​អ្នកជំងឺ​ជាដើម។

ការក្រើនរំលឹក​នេះ ធ្វើឡើង​ស្របពេល​ដែល​កម្ពុជា​បាន​រកឃើញ​ករណី​ជនជាតិ​នីហ្សេរីយ៉ា​ (Nigerian)​​ ម្នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ធ្វើរោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺអុតស្វា ហើយ​បុរស​រូបនេះ​បាន​រត់គេចខ្លួន​ចូលមក​កម្ពុជា។ បច្ចុប្បន្ន បុរស​ជនជាតិ​នីហ្សេរីយ៉ា​រូបនេះ ត្រូវ​ក្រសួង​សុខាភិបាល​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត កាលពី​យប់ថ្ងៃទី២៣ ខែកក្កដា ក្រោយ​ក្រសួង​បាន​រកឃើញ​បុរស​រូបនេះ​កាលពី​យប់​ថ្ងៃដដែល។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) ថា គិតត្រឹម​រសៀល​ថ្ងៃទី២៤ ខែកក្កដា កម្ពុជា​មិនទាន់​មាន​ករណី​ឆ្លងជំងឺ​អុតស្វា ពី​បុរស​ជនជាតិ​នីហ្សេរីយ៉ា​នៅឡើយទេ។ អ្នកស្រី​ថា ក្រសួង​បាន​រកឃើញ​អ្នកដែល​ពាក់ព័ន្ធ​នឹង​បុរសរូបនេះ​ចំនួន ៥នាក់។ ក្រសួង​បាន​ណែនាំ​ឱ្យ​ពួកគេ​នៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព និង​រង់ចាំ​លទ្ធផល​បញ្ជាក់​ផ្លូវការ។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) នៅទូទាំង​ពិភពលោក គិតចាប់​ពី​ថ្ងៃទី១ ខែមករា មក ជំងឺអុតស្វា​ត្រូវបាន​រកឃើញ​កើតមាន​លើ​មនុស្ស​ចំនួន​ជិត ១ម៉ឺន៦ពាន់ (១៥.៧៣៤) ករណី និង​ស្លាប់​សរុប​ចំនួន ៥នាក់ នៅតាម​បណ្តាប្រទេស​ចំនួន ៧៥​ប្រទេស​ក្នុង​តំបន់​ចំនួន ៥ ដូចជា​នៅ​តំបន់អឺរ៉ុប តំបន់​អាមេរិក អាហ្រិក មេឌីទែរ៉ាណេខាងកើត និង​នៅ​អាស៊ីប៉ាស៊ីហ្វិក​ខាងលិច។ អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី២៣ ខែកក្កដា បាន​ប្រកាស​ដាក់​ភាពអាសន្ន​សុខភាព​សាធារណៈ​នៃ​ជំអឺ​រាតត្បាត​អុតស្វា​នៅលើ​សាកលលោក និង​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ហ្មត់ចត់។

កម្ពុជា​នៅ​មិនទាន់ដាក់ចេញ​វិធានការ​ហាមឃាត់​អ្នកដំណើរ​មកពី​ប្រទេស​ណាមួយ​ចូលមក​កម្ពុជា​នៅឡើយទេ គ្រាន់តែ​មាន​ការប្រុងប្រយ័ត្ន និង​តាមដាន​ស្ថានភាព​អ្នកដំណើរ​ចូល​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles