កម្ពុជា-នយោបាយ
29/07/2022 – 08:12
ដោយ៖ ជួប នរក្សា
RFI

គណបក្សខ្មែរស្រលាញ់ជាតិប្រកាសរំលាយខ្លួន © FB
គណបក្សខ្មែរស្រលាញ់ជាតិ នៅព្រឹកថ្ងៃសុក្រទី២៩កក្កដា បានចេញសេចក្តីប្រកាស អំពីការរំលាយគណបក្ស ចាប់ពីថ្ងៃទី២៩កក្កដាតទៅ។ សេចក្តីសម្រេចរំលាយគណបក្សប្រឆាំងមួយនេះបានឆ្លងកាត់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៩រូបនៃគណបក្សខ្មែរស្រលាញ់ជាតិ។
ក្រោមហេតុផលចម្បងចំនួនពីរ គណបក្សខ្មែរស្រលាញ់ជាតិបានអះអាងថា ការរំលាយគណបក្សពេលនេះ ធ្វើឡើងដោយសារ គណបក្សខ្មែរស្រលាញ់ជាតិយល់ឃើញថា ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការដឹកនាំត្រឹមត្រូវ ដោយកម្ពុជាមានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង។ ហេតុផលមួយវិញទៀត គឺ គណបក្សខ្មែរស្រលាញ់ជាតិ យល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺជាការបង្ហាញពីការគិតគូប្រយោជន៍ជាតិជាធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សខ្មែរស្រលាញ់ជាតិ។
លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រលាញ់ជាតិ មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។ ដោយលោកបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នាមុននេះបន្តិច ថាសូមនៅឲ្យស្ងៀមនិងរង់ចាំសិន។
នៅចំពោះមុខនៃការរំលាយនេះ លោក ជីវ កត្តា បានអំពាវនាវឲ្យសមាជិករបស់ខ្លួនទាំងអស់ និងរួមទាំងអ្នកនយោបាយគណបក្សប្រឆាំងផ្សេងទៀត ទៅចូលរួមដំបូលតែមួយគឺគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលគណបក្សខ្មែរស្រលាញ់ជាតិអះអាងលែងបន្តប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាការកត់សម្គាល់ ការប្រកាសរបស់ពីការរំលាយគណបក្សខ្មែរស្រលាញ់ជាតិពេលនេះ ធ្វើឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសជាផ្លូវការ។ ជាលទ្ធផលគណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន៥អាសនៈ ក្នុងចំណោមគណបក្សទាំង៩ដែលទទួលបានអាសនៈផ្លូវការ។
មកដល់ពេលនេះ អាសនៈទាំង៥របស់គណបក្សខ្មែរស្រលាញ់ជាតិ នៅមិនទាន់មានការបញ្ជាក់ថា នឹងត្រូវគិតគូយ៉ាងណា ខណៈដែលគណបក្សបែកធាងដំបូងគេ ក្រោយអតីតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយមួយនេះ បានប្រកាសដកខ្លួនចេញពីសង្វៀននយោបាយ៕