តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ២៩ កក្កដា ២០២២ | ម៉ោង ១០:៥៥
VOD

យុវជនមាតាធម្មជាតិទាំង៣នាក់ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ក្នុងថ្ងៃសវនាការតុលាការកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
តុលាការកំពូល នៅថ្ងៃសុក្រនេះ បានតម្កល់សាលដីកាសាលាឧទ្ធរណ៍លើសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លើយុវជនចលនាមាតាធម្មជាតិ ៣នាក់ ទុកជាបានការដដែល។
យុវជនចលនាមាតាធម្មជាតិទាំង៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានតុលាការជាន់ទាបកាត់ទោសជាប់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ កាលពីខែឧសភា ឆ្នាំ២០២១ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពរិះគន់បញ្ហាបរិស្ថាននៅកម្ពុជា ដូចជា ការលុបបឹងតាមោក ការបង្ហូរទឹកស្អុយដោយគ្មានបច្ចេកទេស បញ្ហាសំរាម ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំដោះស្រាយ។
កញ្ញា ភួន កែវរស្មី មានប្រសាសន៍នៅមុខតុលាការកំពូលនៅព្រឹកនេះថា ការសម្រេចរបស់តុលាការកំពូលនៅពេលនេះធ្វើឱ្យពួកគាត់នៅជាប់ទោស បើទោះបីជាបច្ចុប្បន្នបាននៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ។ កញ្ញាចាត់ទុកការសម្រេចនេះថាជារឿងអយុត្តិធម៌ ខណៈដែលពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
កញ្ញាបានលើកឡើងថា៖ «ពួកយើងនៅតែនិយាយដដែលអ៊ីចឹង ពួកយើងជាជនស្អាតស្អំ ហើយយើងគិតថា យើងមានសង្ឃឹមចំពោះតុលាការកំពូល ហើយបានយើងខំដើរឱ្យអស់នីតិវិធី ដោយសង្ឃឹមថាខ្លួនឯងបានទទួលយុត្តិធម៌ ប៉ុន្តែឥលូវយើងនៅតែរងនូវអំពើអយុត្តិធម៌ដដែលពីខាងតុលាការកំពូល ដែលសម្រេចឱ្យពួកយើងនៅមានបទចោទ ហើយនិងនៅក្រៅឃុំដោយមានទាំងបទល្មើស រួមគំនិតក្បត់ផង ហើយនិងញុះញង់ផង ហើយមួយទៀតយើងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ[របស់តុលាការ]ទៀត»។
កញ្ញា ភួន កែវរស្មី នៅតែបញ្ជាក់ដដែលថា សកម្មភាពរបស់ពួកគាត់នាពេលកន្លងមក គឺធ្វើឡើងក្នុងគោលបំណងការពារធនធានធម្មជាតិ ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសជាតិ ហើយការស៊ើបអង្កេតនោះទៀតសោត ក៏ធ្វើឡើងដោយមានប្រភពច្បាស់លាស់ និងពុំមានចេតនាណាមួយទៅញុះញង់បង្កឱ្យប៉ះពាល់ដល់សង្គមឬស្ថាប័នណាមួយនោះដែរ។
បើទោះមានបទចោទនៅតុលាការ កញ្ញា រស្មី និយាយថា ពួកគេនៅតែបន្តសកម្មភាពនានា ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងធ្វើយុទ្ធនាការនានា ដើម្បីទាមទារឱ្យមានការទម្លាក់បទចោទទៅលើពួកគេ។
គួរបញ្ជាក់ថា ក្រៅពីការជាប់ទោសពាក់ព័ន្ធនឹងបទញុះញង់នេះ យុវជនចលនាមាតាធម្មជាតិទាំង៣រូបក៏នៅជាប់បណ្តឹងមួយទៀតនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ «រួមគំនិតក្បត់» ផងដែរ ដែលមកដល់ពេលនេះ តុលាការនៅមិនទាន់បើកសវនាការនៅឡើយ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។