ពលរដ្ឋ​ប្រតិកម្ម​រដ្ឋសភា ដែល​អនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី១០

ដោយ ទីន ហ្សាការីយ៉ា
2022.07.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ប្រតិកម្ម​រដ្ឋសភា ដែល​អនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី១០

 រូប៖ ហ្វេសប៊ុករដ្ឋសភា


ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត ចំពោះ​ស្ថាប័ន​រដ្ឋសភា​ឯក​បក្ស ដែល​បាន​អនុម័ត​ទាំង​ស្រុង​លើ​សេចក្ដី​ព្រមព្រៀង​កែប្រែ​រដ្ឋធម្មនុញ្ញ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ ពលរដ្ឋ​យល់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​គួរតែ​មាន​ការ​ដេញដោល​មតិ​ឲ្យ​បាន​ចម្រុះ​តាំង​តែ​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ថ្នាក់​ជាតិ ទើប​អាច​ជៀស​ផុត​ពី​ការ​រិះគន់​បាន។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០ ដែល​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​គ្រប់​រូប ចាំ​តែ​លើក​ដៃ​អនុម័ត​ដោយ​ពុំ​មាន​សំឡេង​ជំទាស់ ឬ​ជជែក​ដេញដោល​រក​ចំណុច​ខ្វះខាត​នោះ គឺ​ជា​រឿង​ដែល​អាម៉ាស់​បំផុត និង​ដូច​ជា​ទីង​មោង ដែល​ចាំ​តែ​ប្រថាប់​ត្រា​តាម​ការ​ចង់​បាន​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន។ 

ពលរដ្ឋ​នៅ​ខេត្តកណ្ដាល និង​ជា​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២៩ខែកក្កដាថា លោក​មាន​ការ​សោកស្ដាយ​មែនទែន ចំពោះ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ស្ថិត​ក្នុង​ស្ថានការណ៍ ដែល​ប្រទេស​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស និង​មិន​ទាន់​មាន​ស្ថិរភាព​នយោបាយ​នៅ​ឡើយ ព្រោះ​មិន​ទាន់​មាន​សំឡេង​ប្រឆាំង​ឲ្យ​បាន​ពេញ​ទំហឹង។លោក​បន្ត​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គួរ​តែ​ទទួល​បាន​ការ​ធ្វើ​ប្រជា​មតិ និង​មាន​ការ​ដេញដោល​ពី​សំឡេង​ប្រឆាំង ដើម្បី​ជជីក​សួរ​រក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ណា​មួយ ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ មិន​មែន​មាន​តែ​បក្ស​មួយ​ចាំតែ​យល់​ស្រប​ក្នុង​រដ្ឋសភា​នោះ​ទេ៖

ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ម្នាក់​ទៀត កញ្ញា លី រស្មី ក៏​ហាក់​មិន​ពេញ​ចិត្ត​នឹង​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ក្នុង​វិសោធនកម្ម​នេះ​ដែរ ជា​ការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​រដ្ឋសភា។ កញ្ញា​យល់​ថា នៅ​តែ​មិន​ទាន់​មាន​ភាព​ត្រឹមត្រូវ​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​បាន​ប្រសូត​ចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ខេត្តកណ្ដាល​ម្នាក់​ទៀត លោក អាន សារូ ក៏​យល់​ឃើញ​ថា ពលរដ្ឋ​គួរ​តែ​បាន​ដឹង​ឮ​ខ្លះ និង​គួរ​តែ​មាន​ការ​ស្រង់​មតិ​ពី​ពលរដ្ឋ ពេល​ដែល​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ ព្រោះ​ពលរដ្ឋ ក៏​អាច​មើល​ឃើញ​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​តាក់តែង​ច្បាប់​ផ្សេងៗ របស់​ប្រទេស​ដែរ។ លោក​នៅ​តែ​បារម្ភ​ថា ការ​កែប្រែ​ច្បាប់​ជាតិ​លើក​នេះ អាច​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អំពើ​ពុករលួយ និង​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​កាន់​តែ​ច្បាស់ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​នេះ​ហាក់​ដូច​ជា ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឲ្យ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​យ៉ាង​ងាយ៖ 

ចំណែក​ឯ​ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​ម្នាក់​ទៀត លោកស្រី ជិន សុធានី ក៏​បាន​រិះគន់​ទៅ​រដ្ឋសភា ដែល​ហាក់​ដូច​ជា​ចាំ​តែ​បន្ទរ​តាម​តែ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន ព្រោះ​មិន​បាន​ឃើញ​បញ្ចេញ​មតិ​យោបល់​អ្វី​ឲ្យ​បាន​ជា​ដុំ​កំភួន សម្រាប់​ជា​ប្រយោជន៍​ជាតិ​ទេ៖ 

រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែកក្កដា បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ក្នុង​នោះ​មាន​សេចក្ដីព្រាង​ច្បាប់​ធម្មនុញ្ញ​ចំនួន ៦មាត្រា និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ២មាត្រា ដែល​មាត្រា​ទាំង​នេះ ចែង​ជា​សំខាន់​អំពី​ការ​តែងតាំង​តួនាទី​នាយក​រដ្ឋមន្ត្រី ការ​បន្ថយ​អំណាច​សមាជិក​សភា និង​ការ​បង្កើន​សិទ្ធិ​អំណាច​របស់​គណបក្ស ដែល​មាន​អាសនៈ​ច្រើន​ក្នុង​រដ្ឋសភា។ បើ​ទោះ​បី​ជា​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី១០ នេះ ស្ថិត​ក្រោម​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ក្ដី ប៉ុន្តែ​តំណាង​រាស្ត្រ​របស់​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់ នាំ​គ្នា​លើក​ដៃ​អនុម័ត​ដោយ​ពុំ​មាន​មតិ​ជំទាស់​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០ស្ថាប័ន រិះគន់​ថា រដ្ឋសភា​អនុម័ត សេចក្ដី​ព្រាង​ធម្មនុញ្ញ​លើក​ទី១០ នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ះពាល់​ស្មារតី​ឯកភាព​ជាតិ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​នោះ​ទេ។ ចំណែក សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា APHR កាល​ពី​ថ្ងៃ​ទី២៧ ខែកក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​ថា ការ​កែ​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​ថា ជា​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ពង្រឹង​អំណាច​បក្ស​បក្ខពួក លោក ហ៊ុន សែន និង​ជា​ការ​បើក​ត្រួសត្រាយ​ផ្លូវ​លោក ហ៊ុន ម៉ាណែត មាន​ភាព​ងាយ​ស្រួល​ឡើង​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ជំនួស​ឪពុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles