ដោយ មាន ឫទ្ធិ
2022.07.29
RFA

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ។ Photo: RFA រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដកបណ្តឹង ហើយស្នើសុំឲ្យតុលាការ កុំចាត់ការលើសំណុំរឿងប្រឆាំងរូបលោក។
អង្គការសង្គមស៊ីវិលយល់ថា អយ្យការអមសាលាដំបូង គួរតែតម្កល់មិនចាត់ការទៅលើសំណុំរឿងលោក សុន ឆ័យ ដើម្បីឱ្យលោកមានពេលវេលាចូលរួមធ្វើនយោបាយដោយពេញលេញ។អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ តាមរយៈមេធាវីរបស់លោក បានដាក់ចម្លើយ និងភស្តុតាងបន្ថែម ទៅតុលាការក្រុងភ្នំពេញ ដើម្បីឆ្លើយតបនឹងបណ្ដឹង ជ.គ.ប ដើម្បីស្នើសុំ គ.ជ.ប ដកពាក្យបណ្ដឹងលើរូបលោក និងស្នើសុំតំណាងអយ្យការ តម្កល់ទុកសំណុំរឿងដែលចោទប្រកាន់មកលើរូបលោក ដោយឥតចាត់ការ។
លិខិតឆ្លើយបំភ្លឺ៥ទំព័រ ដែលមេធាវីការពារក្ដីឱ្យលោក សុន ឆ័យ គឺលោក ជូង ជូងី បានបង្ហោះលើទំព័រហ្វេសបុកផ្ទាល់ខ្លួន បានរៀបរាប់ពីអំណះអំណាង ដើម្បីបង្ហាញថា លោក សុន ឆ័យ គ្មានបំណងបរិហារកេរ្តិ៍លើ គ.ជ.ប ឬគណបក្សណាមួយឡើយ ហើយការលើកឡើងរបស់លោក ក្នុងកម្មវិធីផ្សាយផ្ទាល់របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ( The Cambodia Daily) កាលពីថ្ងៃទី ៧ មិថុនា កន្លងទៅ គ្រាន់តែជាការបញ្ចេញមតិ ដើម្បីតវ៉ាភាពមិនប្រក្រតី មុន គ.ជ.ប ចេញលទ្ធផលបោះឆ្នោតជាផ្លូវការតែប៉ុណ្ណោះ។
លិខិតបំភ្លឺនេះ បញ្ជាក់ទៀតថា មូលហេតុដែលលោក សុន ឆ័យ លើកឡើងថា ការបោះឆ្នោតមិនប្រក្រតី គឺផ្អែកទៅលើពាក្យបណ្ដឹងគណបក្សភ្លើងទៀនសរុប៩១បណ្ដឹង ក្នុង១៤ខេត្ត ពាក់ព័ន្ធនឹងការបិទរបងមណ្ឌលបោះឆ្នោត ព្រមទាំងការបិទទ្វារ បង្អួច និងការដេញអ្នកបោះ ឆ្នោតចេញមុនការរៀបសន្លឹកឆ្នោត និងមានវត្តមានអាជ្ញាធរមូលដ្ឋានក្នុងមណ្ឌលបោះឆ្នោតជាដើម។
លោក សុន ឆ័យ លើកឡើងក្នុងលិខិតនោះដោយរំពឹងថា គ.ជ.ប នឹងយល់ពីបំណងពិតរបស់លោក ដែលពុំបានបាននិយាយអ្វីប៉ះពាល់កិត្តិយសរបស់ស្ថាប័នជាតិនោះទេ ប៉ុន្តែជាការតវ៉ាពីភាពមិនប្រក្រតីទាំងឡាយ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកថា ការលើកឡើងរបស់លោកក្នុងពេលគ.ជ.ប មិនទាន់ប្រកាសលទ្ធផលផ្លូវការនិងមិនទាន់ដោះស្រាយរាល់បណ្តឹងទាំងឡាយរបស់បក្សភ្លើងទៀន ហើយយោងលើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺគ.ជ.ប មានភារកិច្ចដោះស្រាយរាលការតវ៉ាពីភាពមិនប្រក្រតីនៃការបោះឆ្នោត តែមិនមានចំណុចណាក្នុងច្បាប់ ឲ្យប្តឹងទៅតុលាការនោះទេ។
មេធាវីការពារក្ដីលោក សុន ឆ័យ គឺលោក ជូង ជូងី ប្រាប់អាស៊ីសេរីឱ្យដឹងថា ចម្លើយបន្ថែមលើពាក្យបណ្ដឹងគ.ជ.ប មានសារៈសំខាន់ខ្លាំង ដើម្បីដោះបន្ទុក ព្រោះវាបានបញ្ជាក់អំណះអំណាងកាន់តែល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបន្ថែមទៅលើការខ្វះខាតដែល លោក សុន ឆ័យ បានឆ្លើយទៅកាន់អយ្យការអមសាលាដំបូងកន្លងមក។ ជាមួយគ្នានេះ លោកក៏បានលើកឡើងថា លោកបានដាក់ឯកសារបន្ថែម៨៤ទំព័រ ដែលជាភស្តុតាងបង្ហាញថា លោក សុន ឆ័យ មិនបានបរិហារកេរ្តិ៍គ.ជ.ប ឡើយ។ ជាមួយគ្នានេះ លោកលើកឡើងថា បណ្ដឹងមកលើកូនក្ដីរបស់លោក គឺជាការធ្វើទុក្ខបុកម្នេញដើម្បីកុំឱ្យលោក សុន ឆ័យ ប្រកួតប្រជែងក្នុងឆាកនយោបាយតែប៉ុណ្ណោះ៖ «ដោយសារតែឯកឧត្ដម សុន ឆ័យ គាត់មានសក្ដានុពលខ្លាំង ហើយគាត់មានប្រជាប្រិយភាពល្អបំផុតផង អញ្ចឹងដូចថាអើអញ្ចឹងដូចថាអ្នកដែលមានអំណាចនៅក្នុងសង្គមគាត់មិនសូវសប្បាយចិត្តប៉ុន្មានចំពោះឯកឧត្ដម សុន ឆ័យ ទេ គឺខ្ញុំកត់សម្គាល់ថា ឥរិយាបថរបស់គាត់ អត់ចង់ឱ្យមានវត្តមានឯកឧត្ដម សុន ឆ័យ ក្នុងឆាកនយោបាយរបស់បក្សប្រឆាំងទេ»។
ទាក់ទងនឹងករណីនេះដែរ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា ការលើកឡើងរបស់ លោក សុន ឆ័យ កន្លងមកគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ ហើយវាមិននាំឱ្យមានផលប៉ះពាល់ដល់ស្ថាប័នណាមួយឡើយ។ លោកបន្ថែមថា បណ្ដឹងមកលើលោក សុន ឆ័យ នេះ គឺជាការរំខានការងារនយោបាយរបស់លោក ខណៈការបោះឆ្នោតថ្នាក់ជាតិនឹងមកដល់ក្នុងឆ្នាំ២០២៣ខាងមុខនេះ៖ «ទោះបីជាម៉េចក៏ដោយវាច្រើនណាស់ ១លានដុល្លារនោះ មិនមែន១លានលុយខ្មែរឯណា ១លានដុល្លារណា ហើយ មិនដឹងទៅរកឯណាបាន អ៊ីចឹងបានថារឿងនេះខ្ញុំសូមឱ្យបញ្ចប់ទៅ ដើម្បីរៀបចំធ្វើការសហការមួយគ្នារៀបចំការបោះឆ្នោតឆ្នាំក្រោយជាមួយគ្នាទៅណា»
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសុំអត្ថាធិប្បាយអំពីរឿងនេះបានទេ នៅថ្ងៃទី២៨ កក្កដា ដោយទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។
បច្ចុប្បន្ន លោក សុន ឆ័យ កំពុងរងបណ្ដឹងពីបទបរិហារកេរ្តិ៍២សំណុំរឿង ដោយសំណុំរឿងទី១ គ.ជ.ប ប្ដឹងលោកដើម្បីឱ្យលោកសុំទោសជាសាធារណៈចំពោះការលើកឡើងថា ការបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅមានភាពមិនប្រក្រតី ។ ដោយឡែក ចំពោះសំណុំរឿងទី២ គណបក្សប្រជាជនកម្ពុជា បានប្ដឹងទារសំណងជំងឺចិត្ត ១លានដុល្លា ពីលោក សុន ឆ័យ ដោយចោទថា លោកបាននិយាយចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងគ.ជ.ប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។