ដោយ ជីវិតា
2022.07.28
RFA

(ឆ្វេង រូបឯកសារ) បណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគជើងចាស់ និងស្ដាំ លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូប៖ RFA និងហ្វេសប៊ុករដ្ឋសភា
រដ្ឋសភាបានអនុម័តវិសោធនកម្មទី១០ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនៅថ្ងៃព្រហស្បតិ៍ ២៨ កក្កដានេះរួចរាល់ហើយ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡើងការពារថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ មានគោលបំណងធានាឱ្យស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ប៉ុន្តែអ្នកតាមដានការវិវដ្ដ រដ្ឋធម្មនុញ្ញកម្ពុជា យល់ថា ការកែរដ្ឋធម្មនុញ្ញនេះ មានចំណុចបំពានលើស្មារតីនៃប្រជាធិបតេយ្យសេរីពហុបក្ស ធ្វើឱ្យរបបសភានិយមចុះទន់ខ្សោយ។
តើវិសោធនកម្មធម្មនុញ្ញនេះធ្វើឱ្យរដ្ឋសភាចុះខ្សោយអំណាចរបស់ខ្លួនបែបណា?
បើទោះជាមានការិះគន់បែបណាក្ដី ក៏រដ្ឋសភាដែលមានតែតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដោយរលូន។
រដ្ឋធម្មនុញ្ញកម្ពុជាច្បាប់ដើមឆ្នាំ១៩៩៣ ផ្ដល់អំណាចដល់រដ្ឋសភាក្នុងការបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោតជាតិម្ដងៗ។ រដ្ឋធម្មនុញ្ញនេះក៏ផ្ដល់អំណាចដល់រដ្ឋសភាឱ្យត្រួតពិនិត្យតាមដានកិច្ចការរបស់រដ្ឋាភិបាល ដើម្បីចៀសវាងអំណាចប្រមូលផ្ដុំក្នុងដៃរដ្ឋាភិបាល។
ប៉ុន្តែអ្នកវិភាគថា ម្ដងបន្តិចៗអំណាចរបស់រដ្ឋសភាត្រូវបានកាត់បន្ថយ តាមរយៈវិសោធនកម្ម ឬកែរដ្ឋធម្មនុញ្ញកន្លងមកនេះ។
អ្នកវិភាគជើងចាស់បណ្ឌិត ឡៅ ម៉ុង ហៃ យល់ថា ការកែរដ្ឋធម្មនុញ្ញនេះ កាន់តែអន្តរាយដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ប៉ះពាល់អំណាចរដ្ឋសភា ដែលពលរដ្ឋបោះឆ្នោតឱ្យដោយផ្ទាល់។
៖ «វិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ វាប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ត្រង់ចំណុចប្រព័ន្ធអំណាចទប់អំណាច (system of check and balances)។ មានន័យយ៉ាងម៉េច គឺច្បាប់ធម្មនុញ្ញថ្មីហ្នឹងវានឹងទៅកាត់បន្ថយអំណាចអធិបតេយ្យរបស់សភាទៅលើរដ្ឋាភិបាល»។
លោកបន្ថែមថា រដ្ឋធម្មនុញ្ញកម្ពុជា ហាមមិនឱ្យសើរើ ឬកែរដ្ឋធម្មនុញ្ញទេ បើការកែនោះប៉ះពាល់ដល់របបប្រជាធិបតេយ្យ។
មាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា៖ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស…។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការកែរដ្ឋធម្មនុញ្ញលើកទី១០នេះ យ៉ាងហោចណាស់មានចំណុចសំខាន់ពីរ ដែលកាត់បន្ថយអំណាចរដ្ឋសភា។ ចំណុចទី១ គឺការដកអំណាចនៃការសម្រេចបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីថ្វាយទៅព្រះមហាក្សត្ររបស់ថ្នាក់ដឹកនាំរដ្ឋសភា នៅក្រោយការបោះឆ្នោតជាតិម្ដងៗ៖ «ម៉េចបានគេឱ្យឆ្លងកាត់រដ្ឋសភា គឺគេឱ្យរដ្ឋសភាហ្នឹងពិនិត្យសិន គឺអំណាចអធិបតេយ្យរបស់រដ្ឋសភា តាមពិតទៅគឺអំណាចអធិបតេយ្យហ្នឹងរបស់រាស្ត្រទេ ដើម្បីគេពិនិត្យមើលឱ្យបានត្រឹមត្រូវ ថាគួរឬមិនគួរ។ ហើយយកផ្លូវកាត់ហ្នឹង អត់បានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ គឺអំណាចសភាហ្នឹង អំណាចអធិបតេយ្យខ្ពស់ជាងអំណាចរដ្ឋាភិបាល»។
វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ១១៩ ថ្មី(ពីរ)
វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ១១៩ ថ្មី(ពីរ) ដែលស្នើឡើងដោយរដ្ឋាភិបាលនេះ តម្រូវឱ្យគណបក្សឈ្នះឆ្នោតដាក់ថ្វាយឈ្មោះវរជនមួយរូបជាបេក្ខជននាយករដ្ឋមន្ត្រីទៅព្រះមហាក្សត្រដោយផ្ទាល់ ដោយគ្រាន់តែជូនដំណឹងដល់ប្រធានរដ្ឋសភាប៉ុណ្ណោះ។ មាត្រានេះសរសេរថា៖ «តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា»។
តើពលរដ្ឋបោះឆ្នោតឱ្យអ្នកណា?
ផ្ទុយពីការយល់ឃើញរបស់អ្នកវិភាគ និងគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ថ្លែងការពារវិសោធនកម្មមាត្រានេះ។ ក្នុងសន្និសីទកាសែតនៅឯក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៤ កក្កដា លោករដ្ឋមន្ត្រីបកស្រាយថា ពលរដ្ឋបោះឆ្នោតឱ្យគណបក្ស ដូច្នេះគណបក្សដែលឈ្នះឆ្នោតគួរតែជាអ្នកថ្វាយឈ្មោះអនាគតនាយករដ្ឋមន្ត្រី ជូនព្រះមហាក្សត្រ ដើម្បីឱ្យទ្រង់ចាត់តាំង ដោយមិនចាំបាច់ឆ្លងថ្នាក់ដឹកនាំរដ្ឋសភា ដូចដែលរដ្ឋធម្មនុញ្ញមាត្រាចាស់ចែងនោះទេ៖ «តើប្រជាពលរដ្ឋគាត់បោះឆ្នោតឱ្យអ្នកណា? តើប្រជាពលរដ្ឋបោះឆ្នោតឱ្យប្រធានរដ្ឋសភា ឬមួយប្រជាពលរដ្ឋបោះឆ្នោតគណបក្សនយោបាយ។ ប្រព័ន្ធបោះឆ្នោតរបស់យើងគឺប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សនយោបាយ។ អ៊ីចឹងគណបក្សនយោបាយគឺទទួលបានអំណាចដោយផ្ទាល់ពីប្រជាពលរដ្ឋ។ អ៊ីចឹងបើគាត់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា កិច្ចការនេះគួរតែជាកិច្ចរបស់គណបក្សនយោបាយ»។
អំណាចទប់អំណាច
ទោះជាយ៉ាងណា បណ្ឌិត ឡៅ ម៉ុង ហៃ នៅតែយល់ថា វិសោធនកម្មមាត្រា ១១៩ ថ្មី នេះ(ពីរ) គឺជាការឆក់យកអំណាចពីរដ្ឋសភាទៅឱ្យរដ្ឋាភិបាល។ លោកយល់ថា នៅពេលអំណាចប្រមូលផ្ដុំក្នុងដៃរដ្ឋាភិបាលកាន់តែច្រើន ទំនោរឆ្ពោះទៅរបបផ្ដាច់ក៏កាន់តែមានច្រើនដែរ៖ «សង្កត់ខ្លាំងទៅលើ system check and balances គឺអំណាចទប់អំណាច។ ដូច្នេះកាន់តែបន្ថយអំណាចសភា បង្កើតអំណាចរដ្ឋាភិបាល រួចឃើញជាក់ស្ដែង ដូចវិសោធនកម្មមុនៗ ជាពិសេសចាប់ពីអាច្បាប់ធម្មនុញ្ញមួយនោះមក»។
ច្បាប់ធម្មនុញ្ញបន្ថែម ដែលបណ្ឌិត ឡៅ ម៉ុង ហៃ យោងទៅនេះ គឺច្បាប់ធម្មនុញ្ញបន្ថែមឆ្នាំ២០០៤ ដែលតម្រូវឱ្យរដ្ឋសភាផ្លាស់ប្ដូរពីការបោះឆ្នោតបង្កើតរដ្ឋសភាមុន ទើបបោះឆ្នោតបង្កើតរដ្ឋាភិបាលជាក្រោយ ទៅជាបោះឆ្នោតបង្កើតរដ្ឋសភា និងបង្កើតរដ្ឋាភិបាលក្នុងពេលតែមួយ ឬហៅថា ការបោះឆ្នោតជាកញ្ជប់។
ព្រះបរមរតនកោដ្ឋ មិនឡាយព្រះហស្ថលេខាលើច្បាប់ធម្មនុញ្ញបន្ថែម ឆ្នាំ២០០៤ ដែលជាច្បាប់ធម្មនុញ្ញបន្ថែមលើកទី១ដ៏ចម្រូងចម្រាស ឆ្នាំ២០០៤នោះ ធ្វើឡើងក្រោមបរិយាកាសនយោបាយអាប់អួរ ពោលគឺការជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០០៣។ ពេលទាំងព្រះបរមរតនកោដ្ឋ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះប្រមុខរដ្ឋ ទាំងលោក ជា ស៊ីម ប្រមុខរដ្ឋស្ដីទី មិនព្រមឡាយព្រះហស្ថ និងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញបន្ថែមនោះទេ។
ដើម្បីបង្ហាញការមិនពេញព្រះទ័យលើច្បាប់ធម្មនុញ្ញបន្ថែមនោះ ព្រះបរមរតនកោដ្ឋបានយាងចេញពីកម្ពុជានៅព្រឹក ថ្ងៃទី១៣ កក្កដា ឆ្នាំ២០០៤ ទៅប្រទេសកូរ៉េខាងជើង។ ប៉ុន្តែមួយថ្ងៃមុនយាងចេញ ព្រះអង្គបានសរសេរចុតហ្មាយមួយច្បាប់ផ្ញើជូនលោក ជា ស៊ីម ដោយមានព្រះរាជបន្ទូលថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញបន្ថែមដែលនឹងនាំឱ្យមានការបោះឆ្នោតជាកញ្ចប់នោះ គឺជាបញ្ហានាំទៅរកភាពប្រេះស្រាំនៃជាតិរបស់យើង។ ព្រះអង្គថា ព្រះអង្គមិនអាចទទួលខុសត្រូវចំពោះកិច្ចការដ៏ធ្ងន់ធ្ងរនេះបានទេ។ ក្នុងលិខិតដែលបង្ហោះលើគេហទំព័ររបស់ព្រះអង្គ សម្តេចព្រះនរោត្តម សីហនុ ក៏បានមានព្រះរាជបន្ទូលទៅកាន់លោក ជា ស៊ីម ប្រមុខរដ្ឋស្តីទីថា សូមឱ្យប្រើមនសិការរបស់លោកទៅចុះ ក្នុងការសម្រេចថា តើត្រូវចុះហត្ថលេខា ឬមិនចុះហត្ថលេខាលើសេចក្ដីច្បាប់ធម្មនុញ្ញបន្ថែមនោះ។
លោក ជា ស៊ីម ដែលពេលនោះជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក៏មិនព្រមចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញបន្ថែមនោះដែរ។ ទង្វើនេះបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនសប្បាយចិត្តសោះឡើយ។ បន្ទាប់មក ក្នុង ថ្ងៃទី ១៣ កក្កដា ដដែលនោះ គេឃើញលោក ហុក ឡង់ឌី អគ្គស្នងការនគរបាលជាតិ បានដឹកនាំកម្លាំងប្រដាប់អាវុធមួយក្រុមទៅផ្ទះលោក ជា ស៊ីម បង្ខំលោក ជា ស៊ីម ទៅដេកឈឺនៅប្រទេសថៃមួយរយៈសិន ដើម្បីបើកឱកាសឱ្យមានប្រមុខរដ្ឋស្ដីទីថ្មី។
ក្រោយលោក ជា ស៊ីម ចាកចេញភ្លាម អនុប្រធានទី២ នៃព្រឹទ្ធសភា លោក ញឹក ប៊ុនឆៃ ក៏ឡើងជាប្រមុខរដ្ឋស្តីទីភ្លែតដែរ ហើយចុះហត្ថលេខាលើច្បាប់ធម្មនុញ្ញបន្ថែមនោះផ្លាប់តែម្ដង។ ទាំងអស់នេះកើតឡើងយ៉ាងរហ័សក្នុងថ្ងៃទី១៣ កក្កដា ឆ្នាំ២០០៤។
ច្បាប់ធម្មនុញ្ញបន្ថែមនោះ បានបញ្ចប់តួនាទីមាត្រា ៨២ដើមនៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីការបង្កើតរចនាសម្ព័ន្ធរដ្ឋសភា មុនបង្កើតគណៈរដ្ឋមន្ត្រី។
អ្នកវិភាគមើលឃើញថា ការបង្ខំបង្កើតច្បាប់ធម្មនុញ្ញបន្ថែមនៅពេលនោះ គឺដោយសារនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ លោកមិនទុកចិត្តសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានរដ្ឋសភា ហើយក៏មិនទុកចិត្តលោក ជា ស៊ីម ដែរ ថានឹងបោះឆ្នោតឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
ត្រឡប់មកមើលវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាទើបបានអនុម័តនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២២នេះ វិញ។ បណ្ឌិត ឡៅ ម៉ុង ថា ចំណុចសំខាន់ទី២ដែលកាត់បន្ថយអំណាចរដ្ឋសភា គឺការកែរដ្ឋធម្មនុញ្ញមាត្រា៩៨ ទាក់ទងនឹងការបង្កើនចំនួនតំណាងរាស្ត្រពី៣០ទៅ៤២នាក់ ដើម្បីអាចស្នើញត្តិបន្ទោសរាជរដ្ឋាភិបាលម្ដងៗ៖ «អាដំឡើងចំនួនពី៣០ ទៅ៤២នាក់នៃតំណាងរាស្ត្រ ដើម្បីធ្វើញត្តិស្ដីបន្ទោសរដ្ឋាភិបាលហ្នឹង អាហ្នឹងមានន័យថា កាត់បន្ថយអំណាចរបស់រដ្ឋសភា ហើយបង្កើតអំណាចរដ្ឋាភិបាលវិញ»។
…នៅមានបន្តទៀត…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។