ដោយ យ៉ង ចាន់តារា
2022.07.29
RFA

ពលរដ្ឋ និងយុវជន ទៅឃ្លាំមើលសវនាការតុលាការកំពូល លើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
តុលាការកំពូលកាលពីព្រឹកថ្ងៃទី២៩ កក្កដានេះបានរក្សាសេចក្ដីសម្រេចសាលាឧទ្ធរណ៍ភ្នំពេញ ករណីសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ក្រោមបទចោទ ញុះញង់ ទុកជាបានការ។ សកម្មជនមាតាធម្មជាតិ សោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ដោយពួកគេថាវាជារឿងអយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិល ក៏ខកចិត្តលើសេចក្ដីសម្រេចរបស់តុលាការកំពូលនេះដែរ ហើយថាការលះបង់របស់យុវជនចលនាមាតាធម្មជាតិ គួរត្រូវបានគេលើកទឹកចិត្ត ដើម្បីយុវជនដ៏ទៃទៀតយកគំរូតាម។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ចៅក្រម និល ណុន បានប្រកាសរក្សាសេចក្ដីសម្រេចរបស់សាលាឧទ្ធណ៍ភ្នំពេញ ពីបទចោទ ញុះញង់ លើសកម្មជនចលនាមាតាធម្មជាតិ៣នាក់ គឺ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ទុកជាបានការដដែល។
សមាជិកចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី សោកស្ដាយ និងចាត់ទុកសេចក្ដីសម្រេចនេះជារឿងអយុត្តិធម៌។ កញ្ញាបន្តថា ការសម្រេចរបស់តុលាការកំពូលនេះ គឺធ្វើឡើងក្នុងគោលបំណងបំបាក់ស្មារតី យុវជនចលនាមាតាធម្មជាតិ និងជាការគម្រាមដល់យុវជនសកម្មដ៏ទៃទៀត មានភាពភ័យខ្លាចមិនហ៊ានចូលរួមតវ៉ាបញ្ហាបរិស្ថានក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា កញ្ញានៅតែបង្ហាញគោលជំហររឹងមាំ ដើម្បីបន្តការងារបរិស្ថាន និងទាមទារឱ្យមានការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយតម្លាភាព និងសមធម៌ដ៏ដែល៖ «ពួកយើងមិនបានទៅប្រព្រឹត្តិបទល្មើស មិនបានទៅធ្វើខុសទេ ខ្ញុំមិនជឿថា គេមកផ្ដល់ពានរង្វាន់ឱ្យជនឧក្រិដ្ឋ ឬមួយក៏អ្នកដែលប្រព្រឹត្តបទល្មើស អ្នកដែលទៅបំផ្លាញប្រទេសជាតិហ្នឹង គេមកផ្ដល់អ្នកការពារឈានមុខ គេមកផ្ដល់អ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសឱ្យទេ អ៊ីចឹងអាហ្នឹងហើយដែលជា ជាអីដែលខ្ញុំនិយាយថា យើងមិនទាន់ទទួលបានយុត្តិធម៌ពីខាងស្ថាប័នតុលាការទេ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋ សម្រាប់អង្គការជាតិ អន្តរជាតិ អ្នកតាមដានទស្សនាយើង គឺយើងមិនដែលបានប្រព្រឹត្តខុសក្រសែភ្នែកគេ ហើយយើងនៅតែជាជនស្អាតស្អំសម្រាប់ពួកគេជានិច្ច»។
ជាមួយគ្នានេះ មេធាវីការពារក្ដី សកម្មជនចលនាមាតាធម្មជាតិទាំង៣នាក់ គឺលោក សំ ចំរើន ថ្លែងថា ការសម្រេចក្ដីរបស់តុលាការកំពូលនេះ ជាសេចក្ដីសម្រេចចុងក្រោយបិទផ្លូវតវ៉ា ហើយលោកយល់ថា ការសម្រេចនេះ គឺជារឿងមិនសមហេតុផលនោះទេ។ លោកមេធាវី សំ ចំរើន នៅតែអះអាងថា កូនក្ដីរបស់លោកគ្រាន់តែធ្វើការងារទាក់ទងបរិស្ថាន និងទាមទារឱ្យមានដំណោះស្រាយពីរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយសកម្មភាពរបស់ពួកគេ មិនដែលញុះញង់បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ដូចតុលាការបានចោទកន្លងនោះឡើយ៖ «សកម្មភាពពួកយើង វាដូចជាការថ្លែងហេតុការណ៍ ប្រអប់អវិជ្ជមានដូចក្នុងទូរទស្សន៍អ៊ីចឹងណា ហើយតុលាការយល់ផ្សេង អាហ្នឹងហើយដែលជារឿងមួយដែលធ្វើឱ្យយើងសោកស្ដាយហ្នឹងណា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បីសុំអត្ថាធិប្បាយអំពីសេចក្ដីសម្រេចតុលាការកំពូលនេះបានទេ នៅថ្ងៃទី២៩ កក្កដា ដោយទូរស័ព្ទចូលតែពុំអ្នកទទួល។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានតុលាការសម្រេចឱ្យជាប់ឃុំ ១៤ខែ និងព្យួរទោស ៤ខែ ចំណែកលោក ថុន រដ្ឋា វិញ ត្រូវបានតុលាការសម្រេចឱ្យជាប់ឃុំ១៤ខែ និងព្យួរទោស៦ខែ និងដាក់ឱ្យនៅក្រោមការត្រួតពិនិត្យ២ឆ្នាំ កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២១។ ក្រោយពីការសម្រេចព្យួរទោស អ្នកទាំង៣មិនត្រូវបានដោះលែងឱ្យមានសេរីភាពនោះទេ ពីព្រោះពួកគេនៅជាប់សំណុំរឿងមួយទៀត គឺបទចោទ រួមគំនិត ជាមួយសកម្មចលនាមាតាធម្មជាតិ៣នាក់ទៀត គឺកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត។ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា បានជាប់ពន្ធនាគារបន្ថែម ៧ថ្ងៃទៀត លុះដល់ថ្ងៃទី១២ វិច្ឆិកា ២០២១ ទើបចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញបានដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំងអស់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ជុំវិញរឿងនេះដែរ មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការសម្រេចក្ដីរបស់តុលាការកំពូលនេះ គឺជាការដាក់ទណ្ឌកម្ម លើសកម្មជនដែលមានភាពក្លាហាន និងលះបង់ដើម្បីធ្វើការងារបរិស្ថាន។ លោកបន្ថែមថា សកម្មជនចលនាមាតាធម្មជាតិ គួរតែត្រូវបានលើកទឹកចិត្តជាយុវជនគំរូ ដើម្បីយុវជនដ៏ទៃទៀតយកលំនាំតាម នៅក្នុងការចូលរួមគិតគូរពីបញ្ហាបរិស្ថាន និងលើកឡើងពីភាពមិនប្រក្រតីពីបញ្ហាពុករលួយក្នុងវិស័យទាញយកធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែខ្សាច់ និងការលុបបឹងផ្សេងៗដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងក្នុងទីក្រុងភ្នំពេញ៖ «យើងមិនបាច់ទៅគិតស្អីទេ មកដល់ថ្ងៃនេះភ្លៀងបន្តិចបន្តួច ស្អីបន្តិចបន្តួចក៏លិចលង់ដោយសាររឿងបរិស្ថានហ្នឹងដែលយើងបំផ្លាញអត់ចេះគិត អ៊ីចឹងក្មេងៗគាត់មានគំនិត មានន័យថាគួរតែលើកទឹកចិត្ត នេះហើយទី២ខ្ញុំគិតថាវាហាក់ដូចជាស្តង់ដារ២ អ្នកណាដែលមិនគាំទ្រគាត់សូម្បីតែធ្វើអំពើល្អ ក៏គាត់នៅតែខឹងដែរ នៅតែដាក់ទោសទណ្ឌដែរ ខ្ញុំថាគួរកែអាផ្នត់គំនិតហ្នឹងណាស់ តាំងពីលើរហូតដល់ថ្នាក់ក្រោម»។
ក្រោយពីការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន សកម្មជនចលនាមាតាធម្មជាតិ ទទួលបានពានរង្វាន់២ គឺពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ ពីបណ្ដាញអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងមួយទៀតគឺជាពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការហ្វ្រនឡាញ ឌីហ្វិនឌឺ (Frontline Defender) ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ដើម្បីការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។