ជនរងគ្រោះ​ដែល​ត្រូវ​ជនជាតិ​ចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​មិន​ទាន់​ទទួល​បាន​យុត្តិធម៌

ដោយ យ៉ង ចាន់តារា
2022.07.31
RFA

ជនរងគ្រោះ​ដែល​ត្រូវ​ជនជាតិ​ចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​មិន​ទាន់​ទទួល​បាន​យុត្តិធម៌

​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ចិន​បាន​វាយ​ពលរដ្ឋខ្មែរ​មួយ​គ្រួសារ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យរងរបួសធ្ងន់ធ្ងរ កាល​ពី​ដើម​ខែមីនា ឆ្នាំ២០២២។ រូប៖ កាមេរ៉ាសុវត្ថិភាព


ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជនជាតិ​ចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ពួកគាត់​មិនទាន់​ទទួល​យុត្តិធម៌​នៅឡើយ ដោយសារតែ​អាជ្ញាធរ​បណ្តោយ​ឱ្យ​ក្រុម​ជនល្មើស​រស់នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​។ ក្រុម​គ្រួសារ​ជនរងគ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ទំនងជា​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទទួល​សំណូក​ពី​ជន​ជាតិចិន​ទើប​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញមុខ​ចាប់​ក្រុម​ជនល្មើស​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់។

សាច់ញាតិ​ជនរងគ្រោះ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ដែល​ត្រូវ​ជនជាតិ​ចិន​លើកគ្នា​មក​វាយ​ធ្វើ​បាប​ដល់​ផ្ទះ រិះគន់​ថា អាជ្ញាធរ​មិន​បាន​អើពើ​ក្នុង​ការ​ស៊ើបអង្កេត​តាម​ចាប់​ក្រុម​ជនល្មើស​ប្រដាប់​ដោយ​អាវុធ​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​ឡើយ។


ម្ដាយ​ស្រី្ត​ជនរងគ្រោះ​លោកស្រី រ៉ានី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​កក្កដា​ថា គ្រួសារ​លោកស្រី​នៅតែ​ឈឺចាប់​ចំពោះ​ទង្វើ​ជនជាតិ​ចិន​ដែល​លើកគ្នា​មក​ព្រួត​វាយ​កូនៗ​លោកស្រី​កន្លង​នេះ។ លោកស្រី​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ក្រុម​ជនល្មើស​នៅតែ​រស់នៅ​មាន​សេរីភាព ទោះបីជា​អាជ្ញាធរ​បាន​ដឹង​ពី​ទីតាំង​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ក្ដី ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ក្រុម​ជន​ដៃដល់​ទាំងនោះ​ដែរ។

លើស​ពី​នេះ​ទៀត លោកស្រី​ថា ក្រុម​ជនជាតិ​ចិន​ដែល​វាយ​ធ្វើបាប​កូនលោក​ស្រី​នោះ តែងតែ​ចាត់​មេការ​ជា​ជនជាតិ​ខ្មែរ ដើម្បី​ឱ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ​លោកស្រី​ឱ្យ​ដក​ពាក្យបណ្ដឹង​ដើម្បី​ទទួល​យក​សំណង «យើង​ចង់​បាន​មនុស្ស ដើម្បី​ថា​ថ្ងៃក្រោយ​កុំឱ្យ​មនុស្ស​ហ្នឹង​វា​ធ្វើ​អ៊ីចឹង​ទៀត​។ បើ​រឿង​លុយ យើង​អត់​គិត​ឃើញថា​ចង់បាន​លុយ​គេ​ទេ ស្រ​វ៉ា​យក​លុយ​គេ របៀប​ដូច​ថា​យើង​លក់​កូន​ឱ្យ​កូន​គេ​វាយ​ហើយ​ចង់បាន​លុយ​យើង​អត់​ចង់​អ៊ីចឹង»។លោកស្រី រ៉ានី ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ដែល​តែងតែ​បង្ខំ​ឱ្យ​គ្រួសារ​លោកស្រី​ទទួល​សំណង​កន្លង​មក​នេះ ថា មិន​ផ្តល់​តម្លៃ​ឱ្យ​កូនៗ​លោកស្រី​ដែល​រង​ការ​វាយ​ដំ​ពី​ក្រុម​ជនល្មើស។ លោកស្រី​ចង់​ឃើញ​អាជ្ញាធរ អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដោយ​ចាប់​ក្រុម​ជនល្មើស​ទាំងអស់​យក​មក​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ផ្លូវច្បាប់។

កាលពី​ថ្ងៃទី​២ ខែមីនា ជន​ជាតិចិន​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ និង​ក្រុម​សន្តិសុខ​ជាង​២០​នាក់ បាន​សម្រុក​ចូល​ផ្ទះ​លោកស្រី រ៉ានី ព្រួត​វាយ​កូន​លោកស្រី រ៉ានី ឈ្មោះ សុភ័ក្រ ដាលីន ហៅ​ធីតា និង​កូន​ប្រសា​ជា​ម្ចាស់​ហាង​កាត់សក់​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​។ លោកស្រី រ៉ានី ថា ដើមហេតុ​ដំបូង​ក្រុម​ជន​ជាតិចិន​ទាំងនោះ មានបំណង​មក​វាយ​ជនជាតិ​ថៃ ២​នាក់​ផ្សេង​ទៀត ដែល​មក​ចូល​កាត់សក់​ក្នុង​ហាង​កូន​លោកស្រី​។ ប៉ុន្តែ ជនជាតិ​ថៃ​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​។ ភ្លាមៗ​នោះ ក្រុម​ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ​បាន​ព្រួត​គ្នា​វាយ​កូន​លោកស្រី រ៉ានី ឈ្មោះ សុភ័ក្រ ដាលីន ហៅ​ធីតា ទាំង​កម្រោល​ព្រមទាំង​បំផ្លាញ​ទ្រព្យ​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ ទោះបីជា​កូនស្រី លោកស្រី រ៉ានី ឈ្មោះ សុភ័ក្រ ដាលីន ហៅ​ធីតា បាន​ពន្យល់​ប្រាប់​ថា នាង​មិនដែល​បាន​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយនឹង​ជនជាតិ​ថៃ​ទោះ​នោះ​យ៉ាងណាក្ដី។

លោកស្រី រ៉ានី អះអាង​ទៀត​ថា ក្រុម​ជន​ដៃដល់​ទាំងនោះ​មាន​ម្នាក់​ជា​ជនជាតិ​ចិន​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​កូនលោក​ស្រី​។ ចំណែក ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ​ផ្សេងទៀត មាន ដំបង​ឆក់ ញញួរ និង​បំពង់​ដែក បាន​ព្រួត​វាយដំ​ទាត់​ធាក់​កូនស្រី​ឈ្មោះ សុភ័ក្រ ដាលីន ហៅ​ធីតា និង​កូន​ប្រសារ​បណ្ដាល​ឱ្យ​បែកក្បាល និង​បាក់​ថ្គាម។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៣០ កក្កដា​។ ចំណែក ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ជន​អន្តោប្រវេសន៍​លោក អេង លីហួ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លោក​ឆ្លើយ​ថា រវល់​ប្រជុំ។

ទោះជា​យ៉ាងណា ក្រោយ​មាន​ហេតុការណ៍​ជនជាតិ​ចិន​ទាំងនោះ​លើកគ្នា​ទៅ​វាយ​កូនលោក​ស្រី រ៉ានី លោក អេង លីហួ ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ដោយ​មាន​តម្រុយ​មួយ​ចំនួន ដើម្បី​តាម​ចាប់ខ្លួន​ជនល្មើស​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​។ ប៉ុន្តែ មកដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បាន​បង្ហាញ​របាយ​ការណ៍​ចុងក្រោយ​ពាក់ព័ន្ធ​ការស៊ើបអង្កេត​លើ​ជនល្មើស​ទាំងនោះ​នៅ​ឡើយ។

ក្រុម​គ្រួសារ​ជនរងគ្រោះ​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​សន្តិសុខ​ម្នាក់​តែប៉ុណ្ណោះ ដែល​ជា​មនុស្ស​គ ថ្លង់ យក​ទៅ​អនុវត្ត​ទោស។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មើលឃើញ​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​គ្មាន​ឆន្ទៈ​ចាប់​ជន​ដៃដល់ ដើម្បី​យក​មក​ដាក់ទោស​តាមផ្លូវ​ច្បាប់​នោះ​ទេ​។ លោក​រិះគន់​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​ហាក់​មាន​ស្តង់ដារ​ពីរ ដោយសារតែ​ជនជាតិ​ចិន ជា​ជន​ដៃដល់​ទាំងនោះ​អាច​មាន​អ្នកមាន​លុយ​មានអំណាច​នៅ​ពី​ក្រោយ​ខ្នង៖ «យើង​មានការ​ព្រួយបារម្ភ​ថា ការ​កើត​ឡើយ​ក្រោយៗ​ទៀត បើសិនជា​មិន​មានការ​ផ្តល់​នូវ​យុត្តិធម៌ ដើម្បី​ជូន​ដល់​ជនរងគ្រោះ​នៅពេល​ក្រោយៗ​ទៀត ជន​ទាំងអស់​នោះ​ចេះ​តែ​ធ្វើ​អ៊ីចឹង​ទៀត​ទៅ អំណាច​របស់​ខ្លួន ហើយ​ច្បាប់​កម្ពុជា​មាន​ត្រូវ​អនុវត្ត ត្រូវ​គោរព​ទាំងអស់គ្នា​ហ្នឹង បែរ​ជា​ទុកចោល​គៀន​ជញ្ជាំង​អី​វា​មិនល្អ​មើល»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ដល់​ញាតិ​ជនរងគ្រោះ​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​នៅ​ថ្នាក់​ជាតិ ដើម្បី​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស៊ើបអង្កេត​ចាប់​ជនល្មើស​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់។

​ទោះជា​យ៉ាងណា សាច់ញាតិ​ជនរងគ្រោះ​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅកាន់​អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​ឡើយ ដោយសារតែ​ពួកគាត់​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles