ដោយ សន ចាន់រដ្ឋា
2022.08.01
RFA

ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅប្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្ដាល និងខេត្តតាកែវ ជិត១០០នាក់តំណាងអោយពលរដ្ឋជាង៣០០គ្រួសារនៅព្រឹកថ្ងៃទី៣១កក្កដា បានទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ រូប៖ ពលរដ្ឋ
ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅប្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្ដាល និងខេត្តតាកែវ ជិត១០០នាក់តំណាងអោយពលរដ្ឋជាង៣០០គ្រួសារនៅព្រឹកថ្ងៃទី៣១កក្កដា បានទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ ដាក់ញត្តិឲ្យជួយអន្តរាគមន៍ដល់ពួកគេ។ ពលរដ្ឋទាំងនោះអះអាងថា ពួកគាត់មិនបានបង្កបង្កើនផលលើដីនេះ អស់រយៈពេល៤ឆ្នាំមកហើយ ដោយសារក្រុមហ៊ុនធ្វើរបងហ៊ុំព័ទ្ធមិនឲ្យពលរដ្ឋចូលទៅជិតដីមានជម្លោះ។
ពលរដ្ឋដែលមានវិវាទដីធ្លី មិនព្រមទទួលយកសំណងដែលក្រុមហ៊ុនឲ្យតម្លៃក្នុង១ម៉ែត្រការ៉េ៨ដុល្លារនោះទេ ព្រោះពួកគាត់អះអាងថា តម្លៃនេះមិនអាចយកទៅទិញដីនៅក្បែរប្រលានយន្តហោះភ្នំពេញថ្មី ឬដីស្រែកន្លែងផ្សេងដើម្បីដាំដុះរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារបានឡើយ។ ពលរដ្ឋទាំងនោះមកពី ឃុំពត់សរ ស្រុកបាទី និងឃុំបឹងខ្យាង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ទៅផ្ទះលោក ហ៊ុន សែន ជាលើកទី៦ហើយ ព្រោះពួកគាត់អស់ជំនឿលើអាជ្ញាធរស្រុក ខេត្ត។
ពលរដ្ឋរងផលប៉ះពាល់ដីធ្លីពីគម្រោងសង់ប្រលានយន្តហោះភ្នំពេញថ្មីរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក សេង ផេង ប្រាប់វិទ្យុអាស៊ីសេរីថា ពួកគាត់មានជីវភាពលំបាកតាំងពីបាត់បង់ដីស្រែមក ពលរដ្ឋត្អូញត្អែរថាមិនដឹងជាពឹងទៅលើអ្វីទៀតទេ ក្រៅតែពីដីស្រែបន្តិចបន្តួចនៅលើដីដែលមានទំនាស់នោះ។ លោកទទូចដល់លោក ហ៊ុន សែន ដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ ។លោក បន្តថាកន្លងមកលោក សាយ ឈុំ និងអ្នកស្រី ម៉ែន សំអន បានចេញលិខិតជូនដល់អភិបាលខេត្តកណ្ដាលដោះស្រាយឲ្យពលរដ្ឋដែរ តែមិនទទួលបានលទ្ធផលឡើយ៖«បាទ! ដូចអត់ឃើញមានដំណោះស្រាយខ្ញុំខ្លាច ក្រែងលោអាម៉េចៗទៅខាង យកទៅហើយយកទៅកប់ទុកចោលអី មិនដឹងអី មានពេលខ្លះខ្ញុំជឿជាក់ថាការងារទាំងអស់ហ្នឹង រឿងឯកសារអស់ហ្នឹងបើសិនជាដល់ដៃសម្ដេចពុកខ្ញុំជឿជាក់ថាគាត់នឹងអាចរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបាន តែខ្លាចថាបងប្អូនគាត់យកទៅតម្កល់ទុកចោលណា។ បាទ!មើលឯកសារ មើលចេញសេចក្ដីលិខិត ស ជ ណ របស់អាដែងសម្ដេច សាយ ឈុំ ចេញមក១ច្បាប់ឲ្យចៅហ្វាយខេត្តលោកជួយធ្វើអន្តរាគមន៍ លោកអត់បានធ្វើអន្តរាគមន៍ជាមួយបងប្អូនប្រជាពលរដ្ឋទេ»។
ពលរដ្ឋរងផលប៉ះពាល់ដីធ្លីម្នាក់ទៀតលោក អ៊ឹម តារា ប្រាប់ថា លោកបានយកញត្តិទៅប្រគល់ដល់ដៃអាជ្ញាធរនៅផ្ទះលោក ហ៊ុន សែន គឺលោក អ៊ុក ឆូ ហើយ ដោយលោកសន្យានឹងយកញត្តិដាក់ទៅថ្នាក់លើបន្តទៀត ដើម្បីឲ្យដល់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា កន្លងមកមានមន្ត្រីរដ្ឋសភាធ្លាប់ប្រាប់ថា មូលហេតុដែលធ្វើឲ្យយឺតយ៉ាវក្នុងការដោះស្រាយ មកពីមានអំពើពុករលួយជាប្រព័ន្ធ បណ្ដាលឲ្យបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ។លោកបញ្ជាក់ថា នៅដាក់ថ្ងៃនេះមានពលរដ្ឋខ្លះមកមិនបាន ទៅដល់ផ្ទះរបស់លោក ហ៊ុន សែន ព្រោះមានអាជ្ញាធរចាំស្ទាក់ចាប់ម៉ូតូដែលពួកគាត់ជិះ៖«សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន លោកជួយអន្តរាគមន៍ដោះស្រាយ អឺ! ផលប៉ះពាល់ក្នុងតម្លៃដីធ្លីហ្នឹងឲ្យវាបានសមរម្យដែលអាចទទួលយកបាន ព្រោះវាក្រោមទីផ្សារពេក១ម៉ែត្រការ៉េ៨ដុល្លារ សម្រាប់ខេត្តកណ្ដាល ឬក៏ខេត្តតាកែវ លក់ទៅវាមិនអាចទៅទិញឯណាបានទេ។ សូម្បីតែយើងក្នុងព្រលានវា៨ដុល្លារ ក្រៅប្រលាន១ការ៉េជាងមួយរយហើយហ្នឹង ១១០(ដុល្លារ) នៅទំនប់៨៨ជាប់គ្នាហ្នឹង»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ទៀត រស់នៅស្រុកបាទី ខេត្តតាកែវ លោកស្រី អុន សឿន និយាយទាំងមុខស្រពោនថា លោកស្រីមិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល ទេ តែសុំកុំឲ្យពលរដ្ឋរងទឹកភ្នែកពីការអភិវឌ្ឍនោះ។ លោកស្រីបន្តថា លោកស្រីមានដីតែមួយកន្លែងនេះទេ ដូច្នេះលោកស្រីស្នើសុំដល់លោក ហ៊ុន សែនជួយអន្តរាគមន៍ដល់លោកស្រី ដើម្បីបានដីដាំដុះរកប្រាក់ចំណូលចិញ្ចឹមជីវភាព៖«សុំឲ្យសម្ដេចពុក សម្ដេចម៉ែហ្នឹងជួយ ជួយរកដំណោះស្រាយរឿងដីធ្លី តាំងពីកូនអត់បានធ្វើស្រែហ្នឹងវា៤ឆ្នាំហើយ ផ្អែកតែទៅលើអង្ករគីឡូទេ។ អីចឹងសុំឲ្យសម្ដេចពុក សម្ដេចម៉ែហ្នឹងជួយកូនផង ជួយរកដំណោះស្រាយឲ្យកូនផង អត់មានដីឯណាទៀតទេ មានតែដីនៅក្នុងប្រលានហ្នឹង»។
ចំណែកឯ ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ទៀត លោក គង់ ឃន ក៏មិនទទួលយកសំណង៨ដុល្លារក្នុង១ម៉ែត្រការ៉េដែរ លោកមកសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយរកដំណោះស្រាយឲ្យបានលឿនយ៉ាងហោចណាស់បានត្រឹមតម្លៃមួយសមរម្យដែលអាចយកទៅទិញដីកន្លែងផ្សេងបាន។ លោកបន្ថែមថា ក្រុមហ៊ុនបានហ៊ុំព័ទ្ធរបងដីស្រែពួកគាត់មិនឲ្យចូលទៅធ្វើស្រែ៤ឆ្នាំហើយ ៖«ទិញអង្ករទិញស្រូវលំបាកវេទនាណាស់ក្មួយ។ កូនប្រសាធ្វើការរោងចក្រធ្វើម៉េចឥឡូវ ដីក្រុមហ៊ុនគេព័ទ្ធអស់ហើយ។ពូរងនឹងជីវភាពការរស់នៅហ្នឹងក្មួយ ខ្វះមុខខ្វះក្រោយ ពីព្រោះខ្លះគាត់ធ្វើស្រែចិញ្ចឹមជីវិត ឥឡូវអស់ស្រែគាត់បានអីបន្តទៀតអូន គាត់គ្រាន់តែអ្នកស្រែមានអីសង្ឃឹម មានតែស្រែហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃទី៣១ខែកក្កដា។ ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា វិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅប្រលានយន្តហោះភ្នំពេញថ្មី គឺអូសបន្លាយពេលមក៤ឆ្នាំហើយ ពលរដ្ឋនៅតែរងទុក្ខ យំស្រែករកយុត្តិធម៌ដដែល ត្បិតអាជ្ញាធរហាក់មិនមានវិធានការជាក់លាក់ណាមួយដើម្បីដោះស្រាយជូនពួកគាត់។ លោកនៅតែទទូចដល់រដ្ឋាភិបាល ឲ្យជួយពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋទាំងនេះឲ្យបានឆាប់ ព្រោះការអូសបន្លាយពេលនឹងធ្វើឲ្យប៉ះពាល់ជីវភាពរបស់ពួកគាត់៖«បើដំណោះស្រាយនេះចេះតែអូសបន្លាយពេលវេលាទៅទៀតហ្នឹងវាប៉ះពាល់ច្រើនទី១ជីវភាពរស់នៅរបស់ពួកគាត់ ទី២ភាពភ័យខ្លាចក្នុងការបាត់បង់ដីធ្លីហ្នឹង ហើយទី៣អាចប្រឈមមុខផ្សេងៗទៀត ពីព្រោះកន្លងមកអឺ! ប្រជាពលរដ្ឋដែលទាក់ទងនឹងរឿងដីធ្លីហ្នឹងក៏ត្រូវបានចាប់ឃុំខ្លួនមួយរយៈ ហើយមានការដោះលែងវិញអីចឹងទៅ។ អីចឹងក៏មានអំពើហិង្សាកើតឡើងដែរ។ ចំណុចនេះដែលយើងបារម្ភថា បើមិនមានការដោះស្រាយឲ្យបានឆាប់ទេ នោះវាអាចប្រឈមមុខនឹងអំពើហិង្សា នៅពេលដែលធ្វើការតវ៉ា ឬក៏ទាមទារតទៅទៀត ប្រឈមការចាប់ខ្លួនតទៅទៀត»។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលសិទ្ធិវិនិយោគលើ គម្រោងសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី។
គម្រោងអភិវឌ្ឍន៍លើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០)នេះ មានភាពចម្រូងចម្រាស់តាំងពីដើមមក ដោយសារ អាជ្ញាធរ បានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះ ពី៣ដុល្លារ ដល់៨ដុល្លារ។ គម្រោងនេះជាន់លើដីស្រែពលរដ្ឋយ៉ាងហោចណាស់ ៤រយគ្រួសារ (៤០០) នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ក្រុមពលរដ្ឋទាំងនោះ ព្រមានថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែមិនដោះស្រាយជូនពួកគាត់ក្នុងតម្លៃសមរម្យដែលអាចទទួលយកបានទេនោះ ពួកគាត់នឹងនាំគ្នាទៅប្រមូលផ្ដុំនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារៀងរាល់ចុងសប្ដាហ៍បន្តទៀត រហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។