សមត្ថកិច្ច​ថា​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជនដៃដល់​បង្ក​ហិង្សា​លើ​មន្ត្រី​បក្សប្រឆាំង ដើម្បី​ចាត់​វិធានការ​ច្បាប់

តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ណាត សុភាព | ០១ សីហា ២០២២ | ម៉ោង ១៧:៤៧
VOD

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធារិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន ក្នុងពេលគណបក្សនេះសមាជកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក នល់ ពង្សធារិទ្ធ ឈ្មោះកំហែង ជ័យ)

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន អំឡុងពេលគណបក្សនេះធ្វើសមាជកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក នល់ ពង្សធារិទ្ធ – កំហែង ជ័យ)


សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ឱ្យដឹងថា សំណុំ​រឿង​ក្រុម​ជន​ដៃ​ដល់បង្កហិង្សាលើសកម្មជនបក្សភ្លើងទៀនមួយរូប ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ ក្រុមការងារជំនាញមិនទាន់បញ្ជូនទៅតុលាការនៅឡើយ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកភស្តុតាងនិងជនល្មើស។

មន្ត្រីផ្នែកព្រហ្មទណ្ឌនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោក ឡេង វាសនា បានប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា សំណុំរឿង​លោក នល់ ពង្សធិរិទ្ធ អនុ​ប្រធាន​​គណបក្ស​ភ្លើងទៀន​ ប្រចាំ​ខណ្ឌពោធិ៍សែនជ័យ និងជា​អតីតមន្ត្រីសន្តិសុខ​អន្តរាគមន៍​​ពិសេស​​របស់​​លោក សម រង្ស៊ី ត្រូវ​បាននា​យ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅទី៣ បញ្ជូន​មក​ដល់​អធិការដ្ឋាននគរបាល​​ខណ្ឌ​ពោធិ៍សែន​ជ័យ កាល​ពីចុងសប្ដាហ៍មុននេះ។ លោកបន្តថា ក្រោយពីទទួលបានសំណុំរឿងនេះ ក្រុមការងារជំនាញនឹងបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើសបន្ថែមទៀត ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ និងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ។

លោកមានប្រសាសន៍ថា៖ «សំណុំរឿងនេះនៅលើដៃយើង [អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ] ដោយ​សារ​តែ​យើង​នៅ​ស្រាវ​ជ្រាវ​រក​មុខសញ្ញាជនដៃដល់។ យើងអត់ទាន់កំណត់ថា អ្នកណាជាអ្នកប្រព្រឹត្តនៅឡើយទេ។ បើសិន​ជា​យើង​កំណត់មុខសញ្ញាបាន បានយើងអនុវត្តបន្ថែមទៀត។ ឥលូវយើងកំពុងស្រាវជ្រាវ»។

សមត្ថកិច្ចរូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចមិនទាន់បញ្ជូនសំណុំរឿងទៅស្នងការ ដោយ​សារភស្តុ​តាង​ដែល​សមត្ថកិច្ចប្រមូលបានតាមរយៈកាមេរ៉ា​សុវត្ថិភាពនោះ ថត​ជាប់​ស្លាក​លេខ​ម៉ូតូ​របស់​ក្រុម​ជន​ដៃដល់​មិន​ច្បាស់ ទើបបង្ក​ការលំបាកដល់ការស្វែងរកជនដៃដល់យក​មកផ្តន្ទាទោសតាមច្បាប់។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីលោក នល់ ពង្ស​ធិរិទ្ធ អនុប្រធាន​គណបក្សភ្លើងទៀន​ប្រចាំ​ខណ្ឌពោធិ៍សែនជ័យ បានទេ នៅថ្ងៃនេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់វីអូឌីថា កាលពីព្រឹកថ្ងៃទី​១៧ ខែ​ក​ក្កដា ​ឆ្នាំ២០២២ មាន​ក្រុម​ជនដៃដល់​​ចំនួន​​៦នាក់ និង​គូកន​ចាំបិទ​ផ្លូវជាច្រើន​​នាក់​ទៀត បាន​នាំគ្នា​ជិះម៉ូតូ​តាម​​វាយ​លោក ​ស្ថិតនៅ​ភូមិព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកអះអាង​ថា ទីតាំង​វាយ​ដំរូបលោកនោះនៅក្បែរ​ទីកន្លែង​ប្រជុំគណបក្ស បណ្ដាល​​ឱ្យលោក​​រងរបួស​​​ចំកញ្ចឹង​ក​ ស្មាស្ដាំ សៀតផ្កាខាងស្ដាំ និង​វាយ​ត្រូវចំ​ពី​ក្រោយ​បណ្ដាល​ឱ្យបែក​ក្បាល​ធ្ងន់ធ្ងរ ដេរអស់​១២ថ្នេរ ថែមទៀត​ផង​។ លោកបញ្ជាក់ថា ក្រោយ​​រ​ងអំពើហិង្សា​នៅថ្ងៃដដែល​នោះ គាត់​បានដាក់​ពាក្យប្ដឹង​ទៅ​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី៣ ដោយ​ភ្ជាប់​ជាមួយ​ភស្តុតាង​ជា​វីដេអូជន​​ល្មើស​​ប្រើហិង្សា និង​ស្លាកលេខម៉ូតូ ​ដើម្បី​ជំរុញទៅ​សមត្ថកិច្ចជួយស្វែងរក​ចាប់ក្រុមជនដៃដល់​​មក​ផ្តន្ទាទោស​តាមច្បាប់ ខណៈរឿងនេះ​ លោក​ថា កើត​ចេញ​ពីរឿង​នយោ​បាយ មិន​មែ​​នជា​​រឿង​ឯកជន​នោះទេ​។

អនុប្រធានគណបក្សភ្លើង​ទៀន លោក សុន ឆ័យ មានប្រសាសន៍ថា សំណុំ​រឿង​ហិង្សា​លើ​សកម្មជនបក្សប្រឆាំង កើត​ចេញ​ពី​ជម្លោះ​នយោបាយច្រើនជាងរឿងបុគ្គល ហើយ​លោក​មិនមានជំនឿលើសមត្ថកិច្ចក្នុងការស្វែង​រកចាប់ខ្លួនក្រុមជនដៃដល់​យកមកផ្តន្ទាទោសតាមច្បាប់នោះទេ​។

លោកមានប្រសាសន៍ថា៖ «មកទល់ពេលនេះ មិនទាន់មានអ្នកណាមួយត្រូវបានរកឃើញ ហើយត្រូវបានផ្ដន្ទាទោស! យើងមិនសង្ឃឹមទេ ដូចករណី ជាមួយតុលាការ បើអ្នកនយោបាយ សកម្មជនដែលមានរឿងអ្វីហើយ ឱ្យតែកាត់ទោសពីសាលាដំបូងហើយ តុលាការសាលាឧទ្ធរណ៍ និងតុលាការកំពូល គេកាត់ដូចៗគ្នា មិនឃើញខុស​គ្នា​ផង»។

​នាយក​ទទួល​​បន្ទុកកិច្ចការ​ទូទៅ នៃ​អង្គកា​រ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញការងឿងឆ្ងល់​ថា ភស្តុតាងនិងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ដែល​ចាប់បានស្លាកលេខម៉ូតូរបស់ជនដៃដល់ គួរណាស់តែសមត្ថកិច្ចស្រាវ​ជ្រាវ​ចាប់​ជន​ល្មើសយកមកផ្តន្ទាទោសតាមច្បាប់បាន ប៉ុន្តែអាជ្ញាធរ​​​បែរជាអះអាងថា មិន​ទាន់​មាន​ភស្តុតាងគ្រប់គ្រាន់សម្រាប់កំណត់​មុខសញ្ញាជនល្មើសទៅវិញ។

មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញថា អំពើហិង្សាកើត​​លើ​​សកម្មជនបក្សប្រឆាំង លោក នល់ ពង្សធិរិទ្ធ នេះ​ បានកើតឡើង​ចំនួ​ន​២លើក​មកហើយ ប៉ុន្តែជនល្មើស​មិនទាន់​ត្រូវបានចាប់ខ្លួន​យក​មកផ្តន្ទាទោសនៅឡើយ។

លោកមានប្រសាសន៍ថា៖ «បើសិនជាបញ្ហាជាច្រើនមិនត្រូវបានដោះស្រាយ ហើយស្វែងរកជនដៃដល់ឃើញទេ វាបង្កើតនូវវប្បធម៌និទណ្ឌភាព ដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ឬប្រព័ន្ធយុត្តិធម៌និងការស្វែងរកយុត្តិធម៌​នៅក្នុងសង្គម ក៏ដូចជាការធានាពីកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម»។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក នល់ ពង្សធិរិទ្ធ ក៏​ធ្លាប់ត្រូវ​បាន​ក្រុម​ជនមិនស្គាល់​មុខ​វាយ​ឱ្យរង្គើធ្មេញមុខ​ស្ទើរតែបាក់ចំនួន​៥ និង​ត្រូវ​ចំក្បាលម្តង​មកហើយ ស្ថិតនៅ​ម្តុំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែ​អំពើហិង្សាកាល​ណោះ លោក​មិនបាន​ដាក់ពាក្យប្តឹង​ទៅសមត្ថកិច្ច​នោះឡើយ ដោយ​ត្រូវ​ភៀស​ខ្លួន​ទៅ​ប្រទេសថៃ​មួយរយៈ​សិន​។

លោក សំ សុគង់ មេធាវីការពារសិទ្ធិឱ្យគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​ បាន​ថ្លែងកាលពីអំឡុងពាក់កណ្ដាល​ខែកក្កដា ឆ្នាំ២០២២នេះថា មាន​ជនរង​​​គ្រោះ​​មិន​​តិ​​ចជាង៣០នាក់​ទេ ដែល​​ត្រូវ​បាន​គេ​លប​វាយ​ប្រហារ ហើយ​​សកម្ម​ភាព​បែប​​​នេះបានកើតឡើងជាញឹកញាប់ ជា​ពិសេស​នៅ​​ក្រោយ​​ពេល​​ដែល​​ «គណបក្ស​សង្រ្គោះ​​​ជាតិ» ត្រូវ​​បាន​​​តុលា​ការកំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧​មក។ លោក​​កត់សម្គាល់​​ថា អំពើ​ហិង្សា​ភាគ​ច្រើនទៅលើសកម្មជនបក្សប្រឆាំង​ ត្រូវ​បាន​​ជន​​​​​​មិន​​​​ស្គាល់មុខ​លបវាយ​​ពី​ក្រោយ ហើយ​​ជួន​​កាល​​​វាយ​​ដោយ​ចំពោះ​មុខ​ក៏មាន។

បើតាម​ការបញ្ជាក់របស់លោកមេធាវី សំ សុគង់ ក្នុងចំណោមការប្រើប្រាស់ហិង្សាទាំងជាង​៣០​ករ​​​ណី​​នេះ មានប្រមាណ១០សំណុំរឿង គឺជាហិង្សាក្នុងកម្រិតធ្ងន់ធ្ងរបំផុត រហូតបណ្តាល​​ឱ្យ​​ជន​​រង​​គ្រោះត្រូវពិការអស់មួយជីវិត។ លោកថា ជនរងគ្រោះ​ទាំងនោះ​​បានដាក់បណ្តឹង​​​ជា​​​ហូរហែ​ទាំង​ក្នុង​​ដំណាក់​​កាល​​​នគរ​បាល​យុត្តិធម៌ និង​តុលាការ ប៉ុន្តែគ្រប់ករណីមិនដែល​​ឃើញ​​មាន​​ចំណាត់​ការ ឬ​មាន​ការ​ឆ្លើយ​តប​​បែប​​ណា ជុំវិញបណ្តឹងទាំងនោះនៅឡើយទេ ក្នុងរយៈពេល​​ជិត៥ឆ្នាំមកនេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles