ដោយ ជី វិតា
2022.08.07
RFA

ស្លាកសញ្ញាស្វាគមន៍ការចូលទស្សនាសួនសត្វភ្នំតាម៉ៅ។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
សាធារណៈជនសម្ដែងក្ដីរីករាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី៧ ខែសីហានេះ បានចេញបញ្ជាឱ្យរក្សាទុកដីព្រៃតំបន់ភ្នំតាម៉ៅ ដោយឱ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយ និងដាំដើមឈើនៅតំបន់នោះឡើងវិញ។ បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ឱ្យបញ្ឈប់រាល់ការឈូសឆាយ បំផ្លាញព្រៃអភិរក្សការពារដោយព្រះរាជក្រិត្យនៅតំបន់ភ្នំតាម៉ៅនេះ ធ្វើឡើងក្រោយពេលសាធារណៈជនទូទៅ រូមមាន អង្គការសង្គមស៊ីវិល និងយុវជនស្រឡាញ់បរិស្ថានផង បានធ្វើយុទ្ធនាការ និងបញ្ចេញមតិយ៉ាងផុសផុលប្រឆាំងនឹងការបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃនៅទីនោះ។
ពលរដ្ឋរស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ក្បែព្រៃតំបន់ភ្នំតាម៉ៅ លោកស្រី ភួង សុធី ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាជនបាននាំគ្នាថែរក្សាព្រៃតំបន់ភ្នំតាម៉ៅជាង២០ឆ្នាំមកហើយ ពោលគឺតាំងពីព្រៃមានកម្ពស់ត្រឹមក្បាលជង្គង់ ហើយនៅពេលគេឈូសឆាយ គេចំណាយពេលត្រឹមតែ១សប្ដាហ៍ បានផ្លាញព្រៃឈើអស់រាប់រយហិកតា។ យ៉ាងណាក៏ដោយ ទោះបីជាព្រៃត្រូវបានឈូសឆាយកំទេចបែបនេះហើយក្ដី ក៏លោកស្រីថា លោកស្រីសប្បាយចិត្តពេលបានដំណឹងថា រដ្ឋាភិបាលបញ្ឈប់ការឈូសឆាយហើយគ្រោងនឹងឱ្យដាំឈើឡើងវិញ៖ «ពេលខ្ញុំដឹងក្ដីមកដើមឈើនៅតូចៗទេ ឥឡូវថែរក្សាវាបានដើមឈើធំៗអស់ហើយហ្នឹង ឡូវបានថាគាត់អត់នេះអញ្ចឹងវាអរ អរឡើងថាចង់ស្រក់ទឹកភ្នែកហាស»។
មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យបញ្ឈប់ការឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅនៅព្រឺកថ្ងៃទី៧ ខែសីហានេះ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានចេញធ្វើការតស៊ូមតិពីរកន្លែងផ្សេងគ្នា។ អ្នកនាង ឈឿន ដារ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមយុវជនខ្មែរថាវរៈ៩នាក់ ក្នុងនោះមានស្រី៣នាក់ បានទៅលត់ជង្គង់សំពះនៅមុខគ្រឿងចក្រឱ្យបញ្ឈប់ការឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅ តែគ្រឿងចក្រនៅតែបន្តឈូសឆាយ ហើយបន្ទាប់ពីដឹងថា លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ទើបអ្នកបញ្ជាគ្រឿងចក្រទាំងនោះឈប់សកម្មភាព។ អ្នកនាងឈឿន ដារាវី បន្ថែមថា នេះគឺជាគម្រូភាពជោគជ័យបានមកពីការចូលរួមបញ្ចេញមតិរបស់មហាជន ហើយសំណូមពរឱ្យសាធារណៈជនបន្តភាពក្លាហានបញ្ចេញមតិ ដើម្បីដោះស្រាយបញ្ហាផ្សេងៗទៀតដែលកំពុងកើតមានក្នុងសង្គមកម្ពុជា៖«ហើយ អារម្មណ៍ម្នាក់ៗពេលហ្នឹងអរគឺហោះសម្បើមហៃ ដល់ថ្នាក់លោតកញ្ឈែងកញ្ឈាងពេញហ្នឹង ភ្លាមៗគឺរំភើបណាស់ ហើយជាមួយពលរដ្ឋដែលអើយើងបានជួបតាមផ្លូវ ក៏បានប្រាប់ថាឥឡូវគេនឹងឈប់ឈូសហើយ គឺម្នាក់ៗសប្បាយហើយមានសង្ឃឹមឡើងវិញភ្លាមទៅណា អញ្ចឹងអ្វីដែលពួកយើងធ្វើគឺជោគជ័យ»។
ចំណែកសកម្មជនបរិស្ថាន ចលនាមាតាធម្មជាតិ បានធ្វើយុទ្ធនាការសង្គ្រោះភ្នំតាម៉ៅ ដោយជិះស៊ីក្លូពីក្រុងភ្នំពេញ ទៅសួនសត្វភ្នំតាម៉ៅ។ យុទ្ធនាការនេះ មានយុវជនចូលរួមជាង១០នាក់ ហើយពួកគេបានប្រើពាក្យស្លោកថា អភិរក្សតំបន់ភ្នំតាម៉ៅ ឱ្យដូចអភិរក្សស៊ីក្លូ។
អ្នកគ្រប់គ្រងគម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃនៃអង្គការសម្ព័ន្ធសត្វព្រៃ លោក និច ម៉ាក់ (Nick Marx) ប្រាប់វិទ្យុអាស៊ីសេរីថា លោករីករាយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យរក្សាព្រៃតំបន់ភ្នំតាម៉ៅ ហើយអរគុណដល់សាធារណៈជនដែលបានជួយបញ្ចេញមតិ និងធ្វើយុទ្ធនាការសង្គ្រោះព្រៃភ្នំតាម៉ៅនៅលើហ្វេសបុក (Facebook) រហូតមកដល់ពេលនេះ។ ជាមួយគ្នានេះ លោកបន្ថែមថា អង្គការសម្ព័ន្ធសត្វព្រៃ កំពុងត្រៀមពិភាក្សាជាមួយក្រុមហ៊ុនឡេងណាវ៉ាត្រា ដើម្បីដាំដើមឈើឡើងវិញនៅកន្លែងដែលបានឈូសឆាយ ហើយលោកក៏ស្វាគមន៍អង្គការនានាសហការជាមួយអង្គការលោកដើម្បីដាំឈើដែរ៖ «ខ្ញុំយំ សប្បាយឡើងយំ ខ្ញុំអរគុណប្រជាជនទាំងអស់ ជួយអើជួយចង់ការពារព្រៃ ខ្ញុំអរគុណអ្នកកាសែត នឹងមួយទៀតខ្ញុំអរគុណឡេងណាវ៉ាត្រា និងសម្ដេច ហ៊ុន សែន»។
ហ្វេសបុកផេក លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន នៅថ្ងៃទី៧ ខែសីហា បានបង្ហោះសារថា ដោយមានសំណូមពរជាច្រើនមករដ្ឋាភិបាល និងក្នុងនាមលោកជាអ្នកមានទំនួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល លោកចេញបញ្ជាឱ្យរក្សាព្រៃក្បែសួនសត្វភ្នំតាម៉ៅ និងបញ្ឈប់ការឈូសឆាយដីព្រៃ ហើយដាំព្រៃឈើឡើងវិញនៅកន្លែងដែលបានឈូសឆាយ។ ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានបង្ហោះបញ្ជានេះ ពលរដ្ឋបានបញ្ចេញសារសាទរ និងអរគុណដល់លោក ហ៊ុន សែន។ ជាមួយគ្នានេះ ពលរដ្ឋក៏បានសំណូមពរដល់រដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុនផ្សេងៗដែលកំពុងបំផ្លាញព្រៃឈើនៅតំបន់ផ្សេងទៀតដែរ។ ក្នុងនោះម្ចាស់គណនីហ្វេសបុក លោក ហេង គីមហុង បានខមិនថា «ខ្ញុំសូមអរគុណណាស់សម្តេច តែខ្ញុំសូមអោយសម្តេចពិនិត្យមើលនៅព្រៃមេត្តាធម្មជាតិមួយទៀត នៅខេត្តកំពង់ស្ពឺ នៅក្នុងស្រុកឱរ៉ាល់»។
ក្រុមហ៊ុនឡេង ណាវ៉ាត្រា បានចាប់ផ្ដើមឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី១ ខែសីហា ហើយក្រុមហ៊ុនបានសម្រុកឈូសឆាយទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុនបានឈូសឆាយដីព្រៃអស់ជិត ៤០០ហិកតា។ សាធារណៈជនបានថ្កោលទោស ចំពោះការផ្ដល់សិទ្ធិដល់ក្រុមហ៊ុនឯកជនវិនិយោគឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ដែលមានទំហំជាង២ពាន់ហិកតា ព្រោះព្រៃនៅតំបន់នេះជាជម្រកសត្វព្រៃ និងបក្សីជិតផុតពូជ ហើយវាក៏ផ្ដល់អនុផលព្រៃឈើដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះដែរ។ ជាពិសេស ព្រៃតំបន់ភ្នំតាម៉ៅជាព្រៃអភិរក្សការពារដោយព្រះរាជក្រិត្យទៀតផង។
អង្គការសង្គមស៊ីវិលកន្លងមក តែងតែរិះគន់រដ្ឋាភិបាលថា មិនបានសិក្សាស្រាវជ្រាវឱ្យបានត្រឹមត្រូវមុនផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនវិនិយោគនោះទេ។ ហើយប្រការនេះតែងតែនាំឱ្យអ្នកបរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅកន្លែងអភិវឌ្ឍត្រូវរងគ្រោះ។ ជាមួយគ្នានេះ ការផ្ដល់ដីព្រៃតំបន់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏មិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ ព្រោះកន្លងមក ក្រុមហ៊ុនបានចូលឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ដោយសំអាងលើអនុក្រិតអន្ដរកាលចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ។ តាមច្បាប់ភូមិបាល រដ្ឋសភាត្រូវបង្កើតឱ្យមានច្បាប់អនុបយោគជាមុនសិន ហើយប្រើច្បាប់អនុបយោគនេះ ដើម្បីផ្ទេរទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មុននឹងផ្ដល់ឱ្យក្រុមហ៊ុនឯកជនវិនិយោគ។ អ្នកច្បាប់ថា ការប្រើប្រាស់អនុក្រិត្យអន្តរកាលជំនួសឱ្យច្បាប់អនុបយោគ ដែលរដ្ឋសភាខកខានមិនបានអនុម័តរាប់សិបឆ្នាំកន្លងមកនេះ គឺមិនត្រឹមត្រូវតាមច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។