រដ្ឋាភិបាល​រង​ការ​រិះគន់​ចំពោះ​ការ​តែងតាំង​ស្នងការ​ខេត្តស្វាយរៀង ដែល​មាន​រឿង​អាស្រូវ​ពុករលួយ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2022.08.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋាភិបាល​រង​ការ​រិះគន់​ចំពោះ​ការ​តែងតាំង​ស្នងការ​ខេត្តស្វាយរៀង ដែល​មាន​រឿង​អាស្រូវ​ពុករលួយ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

លោក កឹង ឃន ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង។ រូប៖ ហ្វេសប៊ុកលោក កឹង ឃន


មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន មិន​ទាន់​ស្ងប់​ចិត្ត​នៅ​ឡើយ​ទេ ទាក់ទិន​ករណី​រដ្ឋាភិបាល បាន​ដំឡើង​តំណែង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃន ដែល​មាន​រឿង​អាស្រូវ​ពុករលួយ​ដុះស្លែ និង បក្ខពួក​និយម​ជា​ដើម។ ពួក​គេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល គួរតែ ពិនិត្យ​មើល និង​ដោះស្រាយ​អំពើ​ពុករលួយ​របស់​ស្នងការ​រូប​នេះ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន ដល់​សន្តិសុខ​សង្គម និង​ពលរដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន បារម្ភ​ថា ការ​ដំឡើង​តំណែង មន្ត្រី​ខិលខូច ដែល​មាន​រឿង​អាស្រូវ​អំពើ​ពុករលួយ គឺ​ជា​ប្រថ្នូរ​អាក្រក់ ជះឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ជាតិ។

កាល​ពី​សប្ដាហ៍​មុន (១៨ សីហា) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​មុខ​តំណែង នគរបាល​ជាតិ ដោយ​តែងតាំង​ស្នងការ​នគរបាល​ខេត្តស្វាយរៀង លោក កឹង ឃន ទៅ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ ។

យុវជន​រស់នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង លោក ឯក សុខសុវណ្ណ ចង់​ឃើញ​ស្ថាប័ន​នគរបាល​ជាតិ អនុវត្ត​តួនាទី​ភារកិច្ច មាន​តម្លាភាព និង​ស្មោះត្រង់ ក្នុង​ការ​តែងតាំង​មន្ត្រី​មាន​សមត្ថភាព​គ្រប់គ្រាន់ បម្រើ​ជាតិ និង​ពលរដ្ឋ ឱ្យ​រីក​ចម្រើន និង​គ្មាន​អំពើ​ពុក​រលួយ។ លោក​យល់​ថា បើ​រដ្ឋាភិបាល​មិន​បោស​សំអាត​មន្ត្រី​ខិលខូច និង​លុបបំបាត់​អំពើ​ពុក​រលួយ ពី ស្ថាប័ន​នគរបាល​នោះ​ទេ ពលរដ្ឋ​នៅ​តែ​សង្ស័យ និង​មិន​ទុក​ចិត្ត​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​លុបបំបាត់​អំពើ​ពុករលួយ៖ «ស្នងការ​មក​ថ្មី ខ្ញុំ​គិត​ថា ធ្វើ​ម៉េច​ឱ្យ​ល្អ​ជាង​អ្នក​ចាស់ កុំ​ឱ្យ​មាន​រឿង​អាស្រូវ​ដូច​អ្នក​ចាស់ ធ្វើ​ម៉េច​កុំ​ឱ្យ​កូន​ចៅ​ប្តឹង​ផ្តល់។ កុំ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ណា​មួយ ធ្វើ​ឱ្យ​សង្គម​ជាតិ មិន​អាច​អភិវឌ្ឍន៍​ទៅ​បាន។

កាល​ពី​ដើម​ឆ្នាំ ២០១៩ នគរបាល​ខេត្តស្វាយរៀង​ជិត ៥៧នាក់ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​អនាមិក ប្ដឹង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃន លើក​ទី​មួយ ដោយ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បាន​ប្រើ​អំណាច​គំរាមកំហែង​ជេរ​ប្រមាថ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន។ លិខិត​អនាមិក​បញ្ជាក់​ថា លោក កឹង ឃន មាន​លុយ​រាប់​សិប​លាន​ដុល្លារ និង​ទ្រព្យ​សម្បត្តិ​មហាសាល​មិន​ប្រក្រតី​ដោយសារ​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​នគរបាល​ទាំង​នោះ​នៅ​ឡើយ​ទេ។

នគរបាល​ខេត្តស្វាយរៀង​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ឱ្យ​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ក្នុង​ពេល​ស្នងការ​រូប​នេះ​កាន់​តំណែង​ជាង ១០ឆ្នាំ​កន្លង​ទៅ រួមមាន ការ​គាប​សង្កត់ ធ្វើ​បាប​កូនចៅ​ថ្នាក់​ក្រោម ផ្លាស់ប្ដូរ​តួនាទី នគរបាល​តាម​អំពើ​ចិត្ត និង​បញ្ជូន​បងប្អូន​សាច់​ញាតិ ធ្វើ​ការ​នៅ​កន្លែង​ធំៗ ជាដើម។ លោក​បន្ត​ថា ពួក​គាត់​អស់​ជំនឿ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​ស្នងការ​រូប​នេះ​ជា​យូរ​មក​ហើយ​ដោយ​មិន​ហ៊ាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍ ទៅ​ថ្នាក់​លើ​ខ្លាចក្រែង​ប៉ះពាល់​សុវត្ថិភាព។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​ថ្លឹងថ្លែង​ឱ្យ​បាន​ល្អិតល្អន់ ចំពោះ​ការ​តែងតាំង​មុខ​តំណែង ស្នងការ​ខេត្ត​នីមួយៗ ប្រសិនបើ​រើស​មនុស្ស​មាន​សមត្ថភាព អនុវត្ត​តួនាទី​ល្អ និង​ស្មោះត្រង់ នឹង​ជួយ​ពលរដ្ឋ រួម​ទាំង​សង្គម​ជាតិ​បាន​ច្រើន។ លោក​បន្ត​ថា ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​ការ​តាំង​មន្ត្រី​រូប​ណា​មួយ គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន នឹង​ខាតបង់​ច្រើន​ដល់​រដ្ឋ និង​សង្គម​ជាតិ៖ «ពាក់ព័ន្ធ​អំពើ​ពុករលួយ ខ្វះ​តម្លាភាព ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ​នោះ គួរតែ​មាន​ការ​ដាក់​ទោស​ទណ្ឌ កុំ​ឱ្យ​មាន​ការ​យក​គំរូ​តាម។ បើ​ចង់​ឱ្យ​មន្ត្រី​ធ្វើ​ការ​មានប្រសិទ្ធភាព ទាល់​តែ​យើង​រឹត​បន្តឹង​វិន័យ ក្រិត ក្រម និង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ដែរ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ដំឡើង​មុខ​តំណែង​ស្នងការ​រូប​នេះ ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ។

រីឯ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង លោក កឹង ឃន ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ទី២២ សីហា​នេះ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា សង្កេត​ឃើញ​ថា ព័ត៌មាន​ពាក់ព័ន្ធ​រឿង​អំពើ​ពុករលួយ​របស់​ស្នងការ​រូប​នេះ មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ចាត់​វិធានការ​ច្បាប់ ដែល​ជា​ដើមចម លើក​ទឹក​ចិត្ត​ឱ្យ​មាន​អំពើ​ពុករលួយ ក្នុង​ជួរ​សមត្ថកិច្ច​កាន់តែ​រីក​ធំ​ឡើង។ លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​ស៊ើប​អង្កេត​ឱ្យ​ត្រឹមត្រូវ មុន​នឹង​ដំឡើង​តួនាទី និង​ឋានៈ ទៅ​ឱ្យ​សមត្ថកិច្ច​ណា​មួយ៖ «ប្រសិនជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ផល​ប្រយោជន៍​បក្ខពួក​និយម​ទាំង​អស់​នេះ មិន​ត្រូវ​បាន​ចាត់​វិធានការ​វា​ហាក់​បី​ដូចជា យើង​មាន​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​អំពើ​ពុករលួយ​ក្នុង​ជួរ​សមត្ថកិច្ច​កម្ពុជា​អ៊ីចឹង។

កាលពីឆ្នាំ២០២០ នគរបាល​ខេត្តស្វាយរៀង​រាប់​រយ​នាក់ បាន​សរសេរ​លិខិត​អនាមិក​ជា​លើក​ទី២ ចោទ​ថា លោក កឹង ឃន បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដល់​ឆ្អឹង ដឹកនាំ​បែប​ផ្ដាច់ការ និង​បក្ខពួក​និយម​ជា​ដើម។ ស្នងការ​រូប​នេះ បាន​ប្រើ​អំណាច​បញ្ជូន​សាច់ញាតិ​បងប្អូន​ឱ្យ​គ្រប់គ្រង​តាម​ច្រក​របៀង​ព្រំដែន ដើម្បី​ប្រមូល​លុយ​ពី​ជនជាតិ​វៀតណាម​រាប់​ពាន់​នាក់។ ទន្ទឹម​នឹង​នេះ មាន​រឿង​អយុត្តិធម៌​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ស្ថាប័ន​រដ្ឋាភិបាល​ណា​ដោះ​ស្រាយ​នោះ​ទេ បើទោះបីជា ពួក​គេ​មាន​ភស្តុតាង​ច្បាស់លាស់​យ៉ាង​ណា​ក្ដី។

កាល​ពី​ខែកុម្ភៈ ឆ្នាំ ២០២២ នគរបាល​ខេត្តស្វាយរៀង ១៥១នាក់ បាន​សរសេរ​លិខិត​អនាមិក​លើក​ទី៣ ដោយ​បង្ហាញ​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ចំពោះ​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃន ដែល​បាន​បញ្ជា​ឱ្យ​ស្នងការ​រង​កាត់​ប្រាក់ខែ​មន្ត្រី​ថ្នាក់​ក្រោម​ជិត ៤០០នាក់ ដោយ​ក្នុង​ម្នាក់ៗ ចាប់​ពី ២សែន​រៀល (២០០.០០០) រហូត​ដល់ ៤លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles