ជម្លោះព្រំដែន ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៣ សីហា ២០២២ | ម៉ោង ១៣:៤៣
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការពារជាថ្មីថា រូបលោកមិនបានកាត់ «កោះត្រល់» និង «កម្ពុជាក្រោម» ប្រគល់ទៅឱ្យវៀតណាមឡើយ ដោយថា ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ដែលបាត់ទៅ ដោយសារបារាំងជាអ្នកកាត់ឱ្យវៀតណាមទៅវិញទេ។
ការអះអាងនេះធ្វើឡើងក្រោយពេលសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក សម រង្ស៊ី បានចេញមុខចោទប្រកាន់លោក ហ៊ុន សែន ជាថ្មីដែរថា នាយករដ្ឋមន្ត្រីក្នុងតំណែងរូបនេះជាជនក្បត់ជាតិ ដែលធ្វើឱ្យបាត់បង់កោះត្រល់ កាលពីឆ្នាំ១៩៨២។
ក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងព្រមានថា សង្រ្គាមនៅកម្ពុជានឹងកើតឡើង បើសិនជាគណបក្សប្រជាជនកម្ពុជាមិនបានដឹកនាំប្រទេសនោះ។
លោកថា៖ «ពួកគេនេះ ឱ្យតែប៉ះវៀតណាម ដឹងតែរករឿងតែម្ដង។ អ៊ីចឹងបានខ្ញុំថា សង្គ្រាមនៅកម្ពុជាចៀសមិនផុតទេ បើសិនជាគណបក្សប្រជាជនមិនគ្រប់គ្រងអំណាច គឺសង្គ្រាមនឹងផ្ទុះ! ខ្ញុំហ៊ាននិយាយអ៊ីចឹង! ហេតុអី? មានកត្តាពីរសំខាន់ ចាំមើលទៅ! កត្តាប្រើពាក្យ ត្រៀមខ្លួនរឹបអូសពីអ្នកមានឱ្យអ្នកក្រ។ អ៊ីចឹងសង្គ្រាមផ្ទៃក្នុងនឹងផ្ទុះ ដែលម៉ែអាណាឱ្យហ្អែងរឹប [ទ្រព្យសម្បត្តិពីអ្នកមានចែកទៅអ្នកក្រ]? ទី២ ត្រៀមវាយយកទឹកដីដែលបានបាត់បង់។ អ៊ីចឹងសង្រ្គាមនៅកម្ពុជាជាមួយវៀតណាម ជាមួយថៃ ចៀសមិនរួច»។
លោក ហ៊ុន សែន ជំរុញគណបក្សនយោបាយដែលបានលើកឡើងបែបនេះ ដាក់ចេញផែនការក្នុងគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងរឿងទាមទារទឹកដីពីប្រទេសវៀតណាមមកវិញ ប្រសិនបើពួកគេចិត្តសឿងនោះ។ លោកបញ្ជាក់ថា រឿងបាត់ទឹកដីទៅប្រទេសវៀតណាមនេះ រូបលោកបានពន្យល់ចំនួន៥ម៉ោងនៅក្នុងរដ្ឋសភារួចហើយ កាលពីឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ក៏បានបន្តថ្លែងការពារជាថ្មីថា រូបលោកមិនបានកាត់កោះត្រល់ និងកម្ពុជាក្រោម ប្រគល់ទៅឱ្យវៀតណាមឡើយ ដោយថា ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ដែលបាត់ទៅ ដោយសារបារាំងជាអ្នកកាត់ឱ្យទៅវៀតណាមតែប៉ុណ្ណោះ។
លោកថា៖ «ប្រវត្តិទឹកដីយើង វាបាត់បង់ពេលណា អ្នកណាស្នេហាជាតិជាងសម្ដេចព្រះបិតាជាតិ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋទៀត? តើព្រះអង្គដែលទារកម្ពុជាក្រោមត្រលប់មកវិញទេ? តើព្រះអង្គធ្លាប់ទៅទារយកកោះស៊ូគោ កោះត្រល់ហ្នឹងត្រឡប់មកវិញ? តាមដែលព្រះអង្គត្រឹមទាមទារតាម លីង[ខ្សែបន្ទាត់] ព្រីវីយេ តែប៉ុណ្ណឹង! ម៉េចក៏អ្នកឯងមកនិយាយថា ខ្ញុំជាអ្នកប្រគល់កោះត្រល់ឱ្យទៅវៀតណាម»។
លោកថា៖ «បើយើង[យោងតាម]ផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិ ទាំងទឹក ទាំងគោក គឺព្រំដែនរាល់ថ្ងៃដែលយើងកំពុងប្រើ ហើយមកដល់ម៉ោងនេះ វៀតណាមមិនទាន់ព្រមប្រើប្រាស់លីព្រីវីយេ ធ្វើជាព្រំដែននៅឡើយទេ ព្រំដែនទឹក។ បើចេះយកបាននោះ យកតាំងពីជំនាន់ព្រះករុណានោះ មិនចាំបាច់ដល់ជំនាន់ ហ៊ុន សែន ទេ! ហ៊ុន សែន កើតក្រោយកោះត្រល់ត្រូវបាត់ទេ! ត្រូវបានសភាបារាំងបោះឆ្នោតប្រគល់កាត់ទៅឱ្យវៀតណាម។ ពេលខាងមុខ អ្នកឯងប្រកាសក្នុងគោលនយោបាយអ្នកឯងទៅ ខ្ញុំអត់ខ្វល់ទេ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែសីហានេះ ទំនងឆ្លើយតបជាមួយនឹងលោក សម រង្ស៊ី ដែលបានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថារូបលោកជាអ្នកការពារបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនដូចលោក ហ៊ុន សែន ដែលកាត់ទឹកដីខ្មែរ ដូចជា កោះត្រល់ ឱ្យទៅបរទេសឡើយ។
ក្នុងកម្មវិធី “សំឡេងសង្គ្រោះជាតិ” កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ លោក សម រង្ស៊ី បានបង្ហាញឯកសារបញ្ជាក់ពីការទទួលខុសត្រូវរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ តំណាងដោយលោក ហ៊ុន សែន និង ហេង សំរិន ក្នុងការធ្វើឱ្យប្រទេសកម្ពុជាបាត់បង់កោះត្រល់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
you are KBOTH CHEATH nothing else to say
good lie HUN NAL you should not born as a Cambodian . the reason why??? you are KBOTH your own nation you become the evil monster killing your own people