ដោយ ជី វិតា
2022.12.25
RFA

(កណ្តាល) លោក ស្វាយ សំណាង និងយុវជនខ្មែរថាវរៈក្នុងពេលធ្វើកូដកម្មបង្អត់អាហារដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ រូប៖ Khmer Thavrak
យុវជនខ្មែរថាវរៈម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់រហូតទៅព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសថៃ ក្រោយពេលធ្វើកូដកម្មបង្អត់អាហារដួលសន្លប់នៅនឹងកន្លែង ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងតុលាការដោះលែងកញ្ញា សេង ធារី និងអ្នកជាប់ឃុំផ្សេងទៀតដែលត្រូវបានចោទប្រកាន់ក្រោមហេតុផលនយោបាយដោយអយុត្តិធម៌។ មន្រ្តីសង្គមស៊ីវិលចាត់ទុកសកម្មភាពយុវជននោះ គឺជាការលះបង់ធំធេងក្នុងបុព្វហេតុយុត្តិធម៌សង្គម ហើយអំពាវនាវឱ្យរដ្ឋាភិបាលងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
សមាជិកយុវជនខ្មែរថាវរៈ លោក ស្វាយសំណាង ដែលសកម្មក្នុងការចេញមុខតវ៉ារឿងអយុត្តិធម៌ក្នុងសង្គម បានធ្លាក់ខ្លួនឈឺបន្ទាប់ពីធ្វើកូដកម្មបង្អត់អហារដោយសន្តិវិធី។ យុវជនរូបនេះបានទៅដល់ប្រទេសថៃដើម្បីព្យាបាលជំងឺហើយនៅថ្ងៃទី២៥ ខែធ្នូ។
យុវជន ស្វាយ សំណាង ប្រាប់វិទ្យុអាស៊ីសេរីថា ចាប់តាំងពីលោកដួលសន្លប់នៅនឹងកន្លែងធ្វើកូដកម្មបន្ទាប់ពីមិនហូបអាហារជិតមួយសប្តាហ៍មក សុខភាពរបស់លោកចាប់ផ្តើមចុះខ្សោយកម្លាំង ដោយក្អួតចង្អោរ ឈឺក្បាល និងចុកចាប់ខ្លាំងត្រង់ក្រពះជាប្រចាំ។ លោកបន្តថា មូលហេតុដែលលោកសម្រេចចិត្តធ្វើដំណើរមកព្យាបាលជំងឺនៅប្រទេសថៃពេលនេះ ដោយសារកន្លងមកលោកបានពិគ្រោះយោបល់ និងទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញក្នុងស្រុកជាហូរហែដែរ តែអាការៈជំងឺរបស់លោកនៅតែមិនជាសះស្បើយ ហើយស្ថានភាពជំងឺកាន់តែធ្វើទុក្ខធ្ងន់។ យុវជន ស្វាយ សំណាង ឱ្យដឹងថា ប្រាក់ដែលលោកយកមកព្យាបាលជំងឺនេះបានមកការខ្ចីបុលពីអ្នកស្គាល់គ្នា តែបើតាមជីវភាពគ្រួសាររបស់លោកពុំមានលទ្ធភាពចំណាយច្រើនលើថ្លៃព្យាបាល ការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅក្រៅប្រទេសបែបនេះទេ៖
«ពេលមុនខ្ញុំធ្វើកូដកម្មបង្អត់អាហារដើម្បីទាមទារដោះលែងកញ្ញា សេង ធារី ឱ្យនៅក្រៅឃុំហើយវាបានធ្វើឱ្យប៉ះពាល់សុខភាពជាខ្លាំងដោយសារអត់អាហារដោយក្រពះធ្វើទុក្ខឥឡូវត្រូវមកសុងក្រពះដើម្បីពិនិត្យមើលតើក្រះពះយើងកើតអ្វីដោយសារប៉ុន្មានថ្ងៃហ្នឹងអាការៈធ្ងន់ធ្ងរ»។
លោក ស្វាយ សំណាង ថាទោះបីពេលនេះលោកបានធ្លាក់ខ្លួនឈឺដោយសារអត់អាហារ និងកំពុងសម្រាកព្យាបាល ក៏ក្រុមយុវជនខ្មែរថាវរៈមិនបោះបង់ការស្នើសុំឲ្យមានការដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការដែរ។ លោកបន្ថែមថា ក្រុមយុវជនបានប្ដេជ្ញាចិត្តតាំងពីដំបូងថា ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានការឆ្លើយតបវិជ្ជមានណាមួយទេនោះ ក្រុមយុវជននឹងរៀបចំយុទ្ធនាការ ឬកូដកម្មអហិង្សាជាបន្តទៀត ដើម្បីផ្ញើសារដល់រដ្ឋាភិបាលឱ្យងាកមកពិចារណាដោះលែងសកម្មជនសិទ្ធិមនុស្ស និងនយោបាយឱ្យមានសេរីភាពឡើងវិញ។
កាលពីខែវិច្ឆិកា ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រុមយុវជនខ្មែរថាវរៈបាននាំគ្នាធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្តាហ៍ ដើម្បីទាមទារយុត្តិធម៌ជូនអ្នកទោសមនសិការ រួមទាំងដោះលែងកញ្ញា សេង ធារី ផងឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែកូដកម្មអហិង្សានោះ មិនបានប្រព្រឹត្តទៅដោយរលូនឡើយ ព្រោះមានអាជ្ញាធរមកតាមរំខាន បំភិតបំភ័យជាហូរហែក្នុងគោលបំណងបញ្ឈប់សកម្មភាពរបស់យុវជនតាំងពីនៅក្នុងព្រៃខេត្តព្រះវិហារ រហូតដល់ទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ។ កូដកម្មបង្អត់អាហារនេះដែរ បណ្តាលឱ្យយុវជនខ្មែរថាវរៈចំនួន៤នាក់ធ្លាក់ខ្លួនឈឺ និងដួលសន្លប់ និងត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងនោះលោក ស្វាយ សំណាង ផងដែរ។ បច្ចុប្បន្ន យុវជនខ្មែរថាវរៈមួយចំនួនដែលបានធ្វើកូដកម្មអត់អាហារកំពុងព្យាបាលជំងឺ។
ជុំវិញរឿងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក បារម្ភអំពីស្ថានភាពសុខភាពយុវជនខ្មែរថាវរៈដែលធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយពួកគេជ្រើសរើសយកការបង្អត់អាហារ ដើម្បីតស៊ូមតិដោយអហិង្សា និងសន្តិវិធីដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកចាត់ទុកការលះបង់របស់យុវជនទាំងនេះ គឺផ្តល់ជាគម្រូល្អសម្រាប់យុវជនខ្មែរទូទៅ រួមទាំងផ្តល់ប្រយោជន៍ធំធេងដល់សង្គមដែលរដ្ឋាភិបាលគួរលើកទឹកចិត្ត និងយកសំណើពួកគេមកពិចារណាដោះស្រាយ៖
«ខ្ញុំព្រួយបារម្ភពីសុខភាពរបស់យុវជនខ្មែរថាវរៈដែលបង្អត់អាហារប៉ុន្តែយើងដឹងហើយថា ការតស៊ូមតិក្នុងសង្គមប្រជាធិបតេយ្យមានបែបផែនជាច្រើនហើយការតស៊ូមតិនេះក៏ជាជ្រុងមួយនៃការតស៊ូមតិដោយអហិង្សាដែលចែងក្នុងរដ្ឋធម្មនុញ្ញដែរតែអ្វីសំខាន់រដ្ឋាភិបាលគួរតែពិចារណាបើសិនរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នចាត់ទុកខ្លួនថា គោរពលទ្ធិប្រជាធិបតេយ្យសេរីនោះ»។
ចំណែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ឱ្យដឹងថា កាលពីសប្តាហ៍មុន កញ្ញា សេង ធាវី ដែលនៅក្នុងពន្ធនាគារខេត្តព្រះវិហារ មានសុខភាព ស្មារតីរឹងមាំ និងទាមទាររកយុត្តិធម៌មកវិញ។
លោកឱ្យដឹងទៀតថា បច្ចុប្បន្នមេធាវីរបស់កញ្ញា សេង ធារី បានប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញហើយៗក៏គ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃសារជាថ្មី ដើម្បីស្នើផ្ទេរកញ្ហាមកកាន់ពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញវិញ ដើម្បីឱ្យក្រុមគ្រួសារ និងមិត្តភក្ដិ ព្រមទាំងមេធាវីងាយស្រួលក្នុងការចូលជួប។ ទោះយ៉ាងណា លោកមើលឃើញថា សិទ្ធិរបស់កញ្ញា សេង ធារី នៅក្នុងពន្ធនាគាររងការរឹតត្បិតពីសំណាក់អាជ្ញាធរ និងតុលាការ៖
«គាត់ (កញ្ញា សេង ធារី) នៅតែទទូចស្នើសុំប្តូរទៅតាំងឃុំខ្លួនដើម្បីបានមកនៅជិតក្រុមគ្រួសារនិងសាច់ញាតិមិត្តភក្តិអីដើម្បីចូលសួរសុខទុក្ខហើយទីពីរការចាប់ខ្លួនឃុំខ្លួនគាត់គឺជាជំហររបស់គាត់យល់ថា មិនយុត្តិធម៌ទេពីព្រោះគាត់មិនបានប្រព្រឹត្តអ្វីខុសទេហើយការដែលយកគាត់ទៅឃុំខ្លួននេះគឺវាជារឿងមួយរំលោភលើសិទ្ធិសេរីភាពរបស់គាត់»។
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា នៅខាងមុខតុលាការក្រុងភ្នំពេញ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទចោទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មក តុលាការ បានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីរាជធានីភ្នំពេញ រហូតមកទល់នឹងបច្ចុប្បន្ននេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ខែធ្នូ។
កន្លងទៅថ្មីៗនេះ សេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាននៃរដ្ឋាភិបាលអាមេរិកឱ្យដឹងថា ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ជាមួយលោក ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ លោក ចូ បៃឌិន ក្រៅពីលើកឡើងពីបញ្ហាផ្សេងៗ លោកក៏បានស្នើដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយ រួមទាំងកញ្ញា សេង ធារី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។