កម្ពុជា-សង្គម
17/01/2023 – 07:06
ដោយ៖ សាំ ឧត្តម
RFI

កញ្ញា សូ មេត្តា សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន © Internet
សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន កញ្ញា សូ មេត្តា បានសម្រេចចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯក្រៅប្រទេសដោយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយកញ្ញាអះអាងថា មានជនមិនស្គាល់មុខប៉ុនប៉ងសម្លាប់ជាច្រើនលើកច្រើនសារ។ បើតាមកញ្ញា សូ មេត្តា ទោះបីកញ្ញាកំពុងរស់នៅឯក្រៅប្រទេសយ៉ាងណាក្តី ប៉ុន្តែសកម្មភាពគំរាមកំហែង និងការតាមឃ្លាំមើលពីជនមិនស្គាល់មុខដែលបញ្ជាពីក្រោយដោយរដ្ឋាភិបាលកម្ពុជានៅតែកើតមានដដែល និងញឹកញាប់ជាងមុន ខណៈកញ្ញាព្រួយបារម្ភពីសុវត្ថិភាពបន្ថែមទៀត។
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា សកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស នៃក្រុមយុវជនខ្មែរថាវរៈបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអង្គារថា ការបង្ខំចិត្តចាកចេញពីប្រទេសកំណើតជាមួយប្អូនស្រី២នាក់ទៅរស់នៅឯក្រៅប្រទេស គឺធ្វើឡើងបន្ទាប់ពីកញ្ញាប្រឈមនឹងការប៉ុនប៉ងសម្លាប់ម្តងជាពីរម្តងពីសំណាក់ជនមិនស្គាល់មុខ ខណៈក្រុមគ្រួសាររបស់កញ្ញាវិញ ក៏រងការគំរាមកំហែងដូចគ្នា។
កញ្ញាសូ មេត្តាបន្តថា នាពេលកន្លងមក កញ្ញាត្រូវបានជនមិនស្គាល់ដែលបញ្ជាដោយរដ្ឋាភិបាលក្រុងភ្នំពេញប៉ុនប៉ងសម្លាប់ចំនួនបីដង និងម្តងទៀតស្ទើតែបាត់បង់អាយុជីវិត ដោយពេលនោះមានជនមិនស្គាល់មុខបើកឡានដេញបុកកញ្ញាឱ្យដួល និងរបួសធ្ងន់។ បើតាមសកម្មជនរូបនេះ ការគំរាមកំហែងផ្នែកអាយុជីវិតតែងតែកើតមានញឹកញាប់ បន្ទាប់ពីកញ្ញាបន្តចេញមុខធ្វើសកម្មភាពសង្គមដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បរិស្ថាន និងសិទ្ធិកម្មករជាដើម។
តែយ៉ាងណា ក្នុងរយៈពេល១ខែនៃរស់នៅក្រៅប្រទេសមិនទាន់ស្របច្បាប់ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា បានបញ្ជាក់ថា កញ្ញានិងប្អូនស្រី២នាក់កំពុងរស់នៅក្នុងស្ថានភាពភ័យខ្លាច និងគ្រោះថ្នាក់បំផុត។ ម្យ៉ាងកំពុងខ្វះថវិកាដើម្បីចាយវាយប្រចាំថ្ងៃ និងម្យ៉ាងទៀត មានការតាមដានជាបន្តបន្ទាប់ពីជនមិនស្គាល់មុខដែលបញ្ជាពីក្រោយដោយរដ្ឋាភិបាលកម្ពុជា។
ទាក់ទិននឹងរឿងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានច្រាលចោលការចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជានៅពីក្រោយករណីប៉ុនប៉ងសម្លាប់កញ្ញា សូ មេត្តា។ លោក ផៃ ស៊ីផានបានលើកឡើងថា គ្មានហេតុផលណាមួយដែលរដ្ឋាភិបាលកម្ពុជាជួលក្រុមជនអន្តពាលទៅគំរាមកំហែងដល់បុគ្គលណាមួយនោះទេ។ ផ្ទុយទៅវិញលោកចាត់ទុកថា ការចោទប្រកាន់បែបនេះមកលើរដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្ររបស់អ្នកប្រឆាំង ដើម្បីអាចសុំសិទ្ធិជកកោននៅក្រៅប្រទេសបានដោយស្របច្បាប់។
ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានស្នើឱ្យកញ្ញា ស៊ូ មេត្តា និងប្អូនស្រី២នាក់ដាក់ពាក្យប្តឹងទៅមកកាន់អាជ្ញាធរកម្ពុជា និងទៅកាន់អាជ្ញាធរនៃប្រទេសទី២នោះ ដើម្បីធានាបាននូវសុវត្ថិភាព និងដើម្បីឱ្យច្បាប់អនុវត្តទៅលើជនមិនស្គាល់មុខដែលបានប៉ុនប៉ងសម្លាប់។ បន្ថែមពីនេះ លោក ជិន ម៉ាលីនថា ច្បាប់នឹងការពារចំពោះបុគ្គលណាដែលរងការបំពាន។
តែយ៉ាងណា លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃអង្គការលីកាដូ មើលឃើញថា សកម្មជនដែលមានភាពសកម្ម ក្នុងការចេញមុខឈឺឆ្អាលលើបញ្ហាសង្គម ហើយប៉ះពាល់ដល់ផលប្រយោជន៍ណាមួយរបស់រដ្ឋាភិបាល តែងតែរងការគំរាមកំហែង និងឈានដល់ការរត់ភៀសខ្លួនជាដើម។ ហើយលោកថា គ្មានបុគ្គលណាមួយបង្ខំចិត្តចាកចេញពីប្រទេសកំណើតដើម្បីទៅរស់នៅក្រៅប្រទេសដោយយកលេស ការគំរាមកំហែងជាថ្នូរនឹងការទទួលបានសិទ្ធិជ្រកកោននៅប្រទេសទីពីរ ឬទីបីឡើយ។
សូមជម្រាបថា កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ធ្លាប់ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារជាងមួយឆ្នាំ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ពាក់ព័ន្ធនឹងគម្រោងស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដើម្បីទាមទារឱ្យតុលាការដោះលែងមេសហជីពលោក រ៉ុង ឈុន។ និងក្រោយមកតុលាការបានសម្រេចឱ្យនៅក្រៅឃុំ ប៉ុន្តែបន្តស្ថិតក្រោមការតាមដានរបស់តុលាការដដែល៕