អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ យ៉ង ចាន់តារា
2023.01.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

ករណីគ្រោះថ្នាក់ចរាចរណ៍។ រូប៖ បណ្តាញសង្គម


សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើកឡើង​ថា ការ​អំពាវនាវ និង​រឹត​បន្តឹង​ច្បាប់​តែមួយ​គ្រា មិន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ឡើយ។ ការ​លើកឡើង​របស់​ពួកគាត់​បែប​នេះ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​បន្ត​កើន​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។ ជាមធ្យម មាន​មនុស្ស​ស្លាប់​៦នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងមួយថ្ងៃ។

សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោកលើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ភាព​ធូររលុង និង​ការ​បណ្តោយឲ្យ​ជនល្មើស​បង្ក​គ្រោះ​រួចខ្លួននោះ ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​ពលរដ្ឋ​មិនសូវ​គោរពច្បាប់ និង​បណ្តាលឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង។

អ្នកជំនាញ​ផ្នែក​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ លោក​ គង់ រតនៈ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី​២៨ មករា ​ថា យន្ត​ការសំខាន់ៗ ដែល​អាច​កាត់បន្ថយ​បញ្ហា​នេះ​បាន​ គឺ​ទាល់តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ទៅកាន់​ពលរដ្ឋ និង​កែ​លម្អ​ផ្លូវថ្នល់​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ហើយ​ពលរដ្ឋ​គួរ​ចូលរួម​គោរពច្បាប់ និង​ឱ្យ​តម្លៃ​ទៅលើ​អាយុជីវិត​អ្នកដទៃ៖

«យើង​សង្កេតឃើញ​សព្វថ្ងៃ​ភាគច្រើន​គាត់​ (ពលរដ្ឋ)​មាន​ប័ណ្ណ​បើកបរ ប៉ុន្តែ​ឥរិយាបថ​របស់​គាត់ គឺ​គេ​ហៅថា​ទំនើង គាត់​មិន​គោរព​(ច្បាប់) ​គាត់​អត់​ចេះ​ផ្ដល់​ការ​អធ្យាស្រ័យ​ជាដើម។ ហើយ​យើង​ឃើញ​ថា​ ​ក៏មាន​វត្តមាន​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង និង​គ្រឿងញៀន​ហ្នឹង​សម្រាប់​អ្នក​បើកបរ​ឡានធំ​ហ្នឹង គឺ​រហូតដល់​ខាង​សមត្ថកិច្ច​គាត់​ចាប់​ធ្វើ​តេស្ត ដែល​មាន​ប្រហែល​៦ទៅ​៧ភាគរយ​នៃ​អ្នក​បើកបរ​ឡានធំ​ហ្នឹង​មាន​វត្តមាន​គ្រឿងញៀន​ទៅទៀត»

ជាមធ្យម ក្នុងមួយថ្ងៃ ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៦នាក់ ​និង​រង​របួង​ជាង​១០នាក់ ​ហើយ​ថ្ងៃ​ខ្លះ​អាច​ឈាន​ដល់​មាន​មនុស្ស​ស្លាប់​១០នាក់​ផង​ក៏មាន។ ជាពិសេស​ករណី​គ្រោះថ្នាក់ ​ចរាចរណ៍​កាន់តែ​កើតមាន​ច្រើន នៅ​ក្នុង​ថ្ងៃបុណ្យ​ទាន​ធំៗ ​ដែល​មនុស្ស​ឈប់​សម្រាក​ពី​ការងារ​ហើយ​ធ្វើដំណើរ​កម្សាន្ត។ ជាឧទាហរណ៍ ​រយៈពេល​២ថ្ងៃ ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២០លើក ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៨នាក់ ​និង​របួសធ្ងន់​ស្រាល​ចំនួន៤៧​នាក់។

របាយការណ៍​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា រយៈពេល​៩ខែ ​ឆ្នាំ២០២២ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា បាន​កើតឡើង​ចំនួន​២ពាន់ ​២រយ ​៨៦លើក​(២.២៨៦)​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ជាង ១ពាន់ ​៣រយនាក់​ (១.៣៤២នាក់) ​របួស​ធ្ងន់​និង​ស្រាល​ជាង​ ៣ពាន់នាក់។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឈន៍ និង​សន្តិភាព លោក​ យង់ គិមអេង មានប្រសាសន៍ថា ​កត្តា​ដែល​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើន​ឡើង គឺ​បណ្ដាលមកពី ការយល់​ដឹង​ពី​ច្បាប់​ចរាចរ និង​សុជីវធម៌​របស់​អ្នក​បើកបរ​មួយ​ចំនួន​នៅ​មាន​កម្រិត ជាពិសេស​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង ដោយសារ​ជន​បង្ក​ហេតុ​តែងតែ​រួចខ្លួន​បន្ទាប់ពី​ផ្ដល់​សំណង​រដ្ឋប្បវេណី​រួច។ លោក​យល់ឃើញ​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន ដើម្បី​ឱ្យ​អ្នក​បើកបរ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម៖

«ការ​អនុវត្ត​ច្បាប់ យើង​ឃើញ​ថា ជា​ផ្នែក​មួយ ជា​ការ​រឹត​បន្តឹង។ ខ្ញុំ​ឮ​ថា ការ​រឹត​បន្តឹង​ហ្នឹង ធ្វើ​ជាប្រចាំ​រាល់តែ​ឆ្នាំ​ហ្នឹង។ ប៉ុន្តែ​ប្រសិទ្ធិភាព​នៅតែ​ពិបាក​ឃើញ​ប្រសិទ្ធិភាព​ទូលំទូលាយ​នៅឡើយ»

រដ្ឋាភិបាល ​បាន​ដឹង​ជាយូរមកហើយ​ថា ​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាលមកពី​ការ​អនុវត្ត​ច្បាប់​ធូររលុង ​បើកបរ​លើស​ល្បឿន​កំណត់ ​និង​បើកបរ​ដោយមាន​ស្ថានភាព​ស្រ​រឹងជា​ដើម។ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល ​មិនបាន​ដោះស្រាយ​មូលហេតុ​ទាំងនេះ​ឲ្យ​មានប្រសិទ្ធិភាព​ទេ ​ផ្ទុយទៅវិញ ​បែរជា​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្សព្វផ្សាយ​និង​ការប្រើប្រាស់ ​គ្រឿងស្រវឹង​កាន់តែ​ផុស​ផុល​ថែមទៀត។

កន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​និង​ស្ថាប័ន​ពាក់ព័ន្ធ តែងតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរពច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ជាពិសេស លោក​ ហ៊ុន សែន ​ថែមទាំង​ធ្លាប់​បង្កើត​ពាក្យស្លោក​ថា ​«ថ្ងៃនេះ ​ថ្ងៃស្អែក ​កុំ​ឱ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​តទៅទៀត» ​ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើត​មាន​ដដែល។

មន្ត្រី​សង្គម​ស៊ីវិល ថា រដ្ឋាភិបាល ​គួរតែ​មានការ​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យបាន​ស្មើភាព លុបបំបាត់​អំពើពុករលួយ និង​រក​វិធី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​មានប្រសិទ្ធិភាព បើ​ពុំនោះទេ ពលរដ្ឋ​ខ្មែរ នឹង​បន្ត​បាត់បង់​អាយុជីវិត នៅ​លើ​ដង​ផ្លូវ​កាន់តែ​ច្រើន​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles