អ្នកឃ្លាំមើលប្រតិកម្មនឹងការកាត់ផ្នែកខ្លះឆ្នេរអូឈើទាលដល់ឯកជនធ្វើជាម្ចាស់កម្មសិទ្ធិ

កម្ពុជា-សង្គម
29/01/2023 – 07:17
ដោយ៖ ជួប នរក្សា
RFI

តំបន់ឆ្នេរអូរឈើទាល ត្រូវបានសាងសង់ជាផ្ទះ និងហ៊ុំព័ទ្ធដោយរបង © FB


ក្រុម​បណ្តា​អ្នក​តាម​ដាន​សង្គម​ និង​សកម្មជន​បរិស្ថាន​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​កាត់​ផ្នែក​ខ្លះ​នៃ​តំបន់​ឆ្នេរ​អូរឈើទាល​ ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ។​ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​រូបភាព​តាម​បណ្តាញ​សង្គម​អំពី​ ផ្នែក​ខ្លះ​នៃ​តំបន់​ឆ្នេរ​អូរឈើទាល​ ត្រូវ​បាន​សាងសង់​ជា​ផ្ទះ ​និង​ហ៊ុំព័ទ្ធ​ដោយ​របង។​

ក្រោយមានការផ្សព្វផ្សាយអំពីទីតាំងផ្ទះមួយកន្លែងនៅលើតំបន់ឆ្នេរអូរឈើទាល បានធ្វើឲ្យបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីងឿងឆ្ងល់អំពីការផ្តល់ដីតំបន់ឆ្នេររបស់រដ្ឋទៅឲ្យបុគ្គលឯកជនកាន់កាប់។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាត់ទុកថា នេះជាកំហុសឆ្គងដែលរដ្ឋាភិបាលបានផ្តល់ដីតំបន់ឆ្នេរឲ្យទៅវិស័យឯកជនធ្វើជាម្ចាស់កម្មសិទ្ធិ។

បន្ថែមពីនេះ សម្រាប់លោក គឹម សុខ អ្នកតាមដានបញ្ហានយោបាយខ្មែរ លើកឡើងថា​ ការសម្រេចកាត់ផ្តល់ដីតំបន់ឆ្នេរទៅឲ្យឯកជនបែបនេះ គឺរដ្ឋមិនបានគិតគូរឲ្យម៉ត់ចត់ទើបធ្វើឲ្យរឿងនេះកើតឡើង។ សម្រាប់ក្រុមអ្នកតាមដានសង្គមយល់ថា នេះជាក្តីបារម្ភចំពោះតំបន់ឆ្នេរអូរឈើទាល ដែលអាចបាត់បង់ជាបន្ត។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានច្រានចោលចំពោះការលើកឡើងពីក្តីបារម្ភថា រដ្ឋបាននិងកំពុងកាត់ឆ្វៀលដីតំបន់ឆ្នេរអូរឈើទាល ឲ្យទៅឯកជនកាន់កាប់។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍតំបន់ឆ្នេរអូរឈើទាល ហើយទីតាំងមួយចំនួនផ្សេងទៀត រដ្ឋក៏បានដកហូតត្រលប់មកវិញ ចេញពីការកាន់កាប់ខុសច្បាប់។

ចំពោះករណីសំណង់មួយកន្លែងនៅលើដីឆ្នេរតំបន់អូរឈើទាល លោក ឡុង ឌីម៉ង់ បញ្ជាក់ថា នោះជាទីតាំងរបស់ឯកជនកាន់កាប់ដោយស្របច្បាប់។ តាមលោក ឡុង ឌីម៉ង់ ទីតាំងនោះគឺរដ្ឋបានអនុប្បយោគឲ្យទៅក្រុមហ៊ុនឯកជន និងបន្តផ្ទេរសិទ្ធិឲ្យទៅឯកជនតាំងពីឆ្នាំ២០០៨មកម្ល៉េះ។

យ៉ាងណាមិញ សម្រាប់ក្រុមអ្នកតាមដានសង្គម រដ្ឋគួរតែដកហូតទីតាំងនោះមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ ដ្បិតដោយថា នេះជាតំបន់ឆ្នេររបស់រដ្ឋសម្រាប់ឲ្យប្រជាពលរដ្ឋកម្សាន្ត៕

What Next?

Recent Articles