ដោយ សេក បណ្ឌិត
2023.02.03
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៤ មករា ២០២៣។ រូប៖ ហ្វេសសប៊ុកលោក ហ៊ុន សែន
ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កាន់តែតាំងខ្លួនធ្វើជាចិត្តល្អដែរ ដោយលោកប្រកាសឱ្យអ្នកគាំទ្រនិងសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសឱ្យវិលចូលស្រុកវិញ ដោយមិនមានការចាប់ចងឡើយ។ សកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចាត់ទុកការអំពាវនាវរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។
លោក ហ៊ុន សែន ជាមេដឹកនាំដែលនិយាយបាត់ដៃខ្នងដៃពិបាកធ្វើឲ្យគេជឿទុកចិត្ត ដោយសារទើបតែប៉ុន្មានថ្ងៃមុននេះ លោកប្រកាសជាបន្តបន្ទាប់ពីការតាមធ្វើបាបអ្នកណាដែលជេរប្រមាថ ឬរិះគន់លោក។ ប៉ុន្តែពេលនេះ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បែរជាប្រកាសជាថ្មីម្ដងទៀតហើយថា លោក នឹងមិនយកទោសពៃរ៍លើអ្នកគាំទ្រ និងសកម្មជនគណបក្សប្រឆាំងដែលកំពុងរស់នៅនិងភៀសខ្លួននៅក្រៅប្រទេសហើយចង់ត្រឡប់មកកម្ពុជាវិញឡើយ។ លោក ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស អេ(A) នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២កុម្ភៈថា ប្រសិនបើអ្នកគាំទ្រ និងសកម្មជនគណបក្សប្រឆាំងទាំងណាដែលគ្មានដីការបស់តុលាការទេ ពួកគេអាចវិលចូលស្រុកវិញបាន ដោយមិនមានការចាប់ចងនោះឡើយ។ លោក ហ៊ុន សែន និយាយដោយសំដីទន់ភ្លន់ខុសពីធម្មតាថា ប្រទេសកម្ពុជាជារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ដូច្នេះបើទោះបីជាពួកគេធ្លាប់រិះគន់រដ្ឋាភិបាលរបស់លោកក្ដី ក៏អាជ្ញាធរមិនយកទោសពៃរ៍លើពួកគេដែរ។
លោក ហ៊ុន សែន៖ «ហើយបងប្អូនដទៃទៀតដែលនៅប្រទេសដទៃ ដែលគេធ្លាប់គាំទ្របក្សប្រឆាំងចូលទៅគេចាប់អត់ទេ កុំទៅជឿអាហ្នឹង ជាការឃោសនាអកុសល។ អ្នកមានដីកាចាប់ខ្លួនគេប្រកាសដីកាទៅហើយ ហើយយើងអត់មានដីកានឹងគេមានអីមកៗ ស្រុករបស់យើងតើ។ ហើយមានប៉ាសស្ព័រមួយចំនួនត្រូវប្រើឱ្យអស់មួយជីវិតណោះ ប៉ាសស្ព័រមួយត្រូវយើងដាក់ហៅថា វីសា ទិដ្ឋាការចេញចូលអចិន្ត្រយ៍ ដូច្នេះជាការសម្រួលមួយ អានេះជាការដោះស្រាយបញ្ហាសម្រាប់ជាតិសាសន៍របស់យើងឱ្យមានការរួបរួមគ្នា»។
ទោះជាយ៉ាងណាការអំពាវនាវរបស់លោក ហ៊ុន សែន នេះ ហាក់មិនចេញពីចិត្តទេ។ អ្នកគាំទ្រនិងសកម្មជនបក្សប្រឆាំង យល់ថា នេះគ្រាន់តែ ជាសារនយោបាយប្រជាភិថុតិ ដើម្បីបំបែកអ្នកគាំទ្រពីលោក សម រង្ស៊ី ឬអូសទាញអ្នកគាំទ្រគណបក្សប្រឆាំងឱ្យងាកមករួមរស់ជាមួយគណបក្សកាន់អំណាចតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការដើរតួសម្ដែងធ្វើជាមេដឹកនាំចិត្តល្អនៅពេលនេះ ហាក់មិនសូវសមទំនងឡើយ ព្រោះប៉ុន្មានថ្ងៃមុននេះ លោក ហ៊ុន សែន បានប្រកាសជាបន្តបន្ទាប់ក្នុងការប្រើប្រាស់គ្រប់វិធីដើម្បីតាមធ្វើទុក្ខបុកម្នេញអ្នកណាដែលរិះគន់លោក។ លោកបានបញ្ជាឲ្យមេប៉ូលិស គឺលោក នេត សាវឿន ដែលត្រូវជាក្មួយប្រសាររបស់លោក តាមរកអ្នកណាដែលរិះគន់លោកទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយបើអ្នកណានៅក្រៅប្រទេស មិនអាចធ្វើអ្វីបាន ក៏ត្រូវទៅរករឿងដល់ក្រុមគ្រួសារឪពុកម្តាយដែលកំពុងរស់នៅក្នុងស្រុកដែរ។
ព្រះតេជព្រះគុណ ហេង គឹមឡាយ ដែលកំពុងភៀសព្រះកាយនៅប្រទេសថៃ មានថេរដីកាថា បើទោះបីជាព្រះអង្គគ្មានដីកាចាប់ខ្លួនពីតុលាការក្ដី ក៏ព្រះអង្គមិនអាចវិលត្រឡប់ទៅកម្ពុជាវិញតាមការអំពាវនាវរបស់លោក ហ៊ុន សែន បានដែរ ព្រោះខ្លាចអាជ្ញាធរចាប់ផ្សឹកនិងមិនឱ្យព្រះចៅអធិការតាមវត្តទទួលព្រះអង្គគង់នៅក្នុងវត្ត។
ព្រះតេជព្រះគុណ ហេង គឹមឡាយ៖ «នយោបាយរបៀបតែថោកទាបអីចឹង ភាគច្រើនគឺអត់មានដីកាទេ ដែលចាប់ខ្លួននឹង យើងចូលទៅចាប់រួចចេញដីកា មិនជាស្អីគេ។ចាប់មនុស្សបីបួយនាក់យកទៅឃុំរួច គេថាចាប់ខុសនីតិវិធីគេចេញដីកា ព្រោះអីតុលាការរបស់គេអីរបស់គេ គេចង់ធ្វើយ៉ាងម៉េចក៏បាន។ សំខាន់បំផុតយកយើងចូលទៅមកច្រើនដាក់យើង ឱ្យពួកអាថ្នាក់ក្រោមមកលួងលោមយើងឱ្យចុះចូលចេញសរសេរឱ្យយើងអាចទៅអីចេះ អីចុះដឹកនាំត្រឹមត្រូវទៅ បើយើងមិនធ្វើតាមពួកគេគេចាប់»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ម៉េង សុធារា យល់ឃើញថា សារអំពាវនាវរបស់លោក ហ៊ុន សែននៅពេលនេះ ជាសារនយោបាយបោកប្រាស់អ្នកគាំទ្រគណបក្សប្រឆាំង ដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតជាតិ។ លោក បញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន ពិតជាចិត្តល្អមែននោះម៉្លេះលោកមិនប្ដឹងនិងចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនដែលគ្រាន់តែសម្ដែងមតិដោយស្របតាមច្បាប់និងមិនបានប្រព្រឹត្តអ្វីខុសច្បាប់ជាបន្តបន្ទាប់ឡើយ។
លោក ម៉េង សុធារា៖ «នរណាក៏គេដឹងថា ជាល្បិចកលរបស់លោក ហ៊ុន សែន ដែលគាត់មិនអាចសម្របសម្រួលបញ្ហាផ្ទៃក្នុងបានទេ។ នេះជាការនិយាយស្ដីដើម្បីឱ្យល្អមើលដើម្បីបោកអន្តរជាតិតែប៉ុណ្ណោះ តាមពិតឆន្ទៈរបស់គាត់គឺ មិនមានភាពស្មោះត្រង់ក្នុងការឱ្យសកម្មជនគណបក្សប្រឆាំងទៅនៅជាមួយគាត់បានទេ ។ យើងមើលឃើញថា តាំងពីការអំពាវនាវសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាថ្នាក់ដឹកនាំដែរចុងក្រោយមានតែជាប់គុក អ្នកខ្លះក៏បានបាត់បង់ជីវិតរហូតដល់ចុងក្រោយបាត់បង់តួនាទីការងារអីទាំងអស់»។
ដោយឡែកអ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា សារអំពាវនាវរបស់លោក ហ៊ុន សែន ដែលធ្វើជាចិត្តល្អនេះ គឺជាយុទ្ធសាស្ត្រដើម្បីបំបែកសំឡេងគាំទ្រ និងសកម្មជនគណបក្សប្រឆាំងចេញពីលោក សម រង្សី ដើម្បីកេងចំណេញផ្នែកនយោបាយ។
លោក គឹម សុខ៖ «គាត់មិនដែលចិត្តល្អជាមួយអ្នកដែលមាននិន្នាការប្រជាធិបតេយ្យទេ ពីព្រោះប្រជាធិបតេយ្យគឺជាសត្រូវនៃអំណាចនៃគ្រួសារគាត់។ ដូច្នេះល្បែងរបស់គាត់នៅពេលនេះគឺឌឺដងទៅក្រុមអ្នកប្រឆាំង ហើយដែលធ្ងន់ធ្ងរ ជាយុទ្ធវិធីអចិន្ត្រយ៍ក្នុងការកម្ទេចក្រុមអ្នកប្រឆាំងតែម្ដង។ ពុំមានអ្វីក្រៅអំពីលួងលោមអ្នកប្រឆាំងទាំងឡាយណាដែលគាត់ថាអាចលួងលោមបានឱ្យចូលធ្លុងនយោបាយរបស់គាត់ ដើម្បីបន្តបំបែកកម្លាំងដែលមាននិន្នាការប្រជាធិបតេយ្យ»។
នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន ប្រកាសឱ្យអ្នកគាំទ្រនិងសកម្មជនគណបក្សប្រឆាំងវិញចូលស្រុកវិញ ដោយមិនមានការចាប់ចងនោះ។ កាលពីឆ្នាំ២០១៩លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសមិនយកទោសពៃរ៍លើសកម្មជនគណបក្សប្រឆាំងដែរ ប្រសិនបើពួកគេវិលទៅកម្ពុជាវិញ។ ក៏ប៉ុន្តែសកម្មជនបក្សប្រឆាំងជាច្រើននាក់ត្រូវបានអាជ្ញាធរបក្សកាន់អំណាចចាប់ខ្លួន ក្រោយពេលពួកគេទៅដល់កម្ពុជាបានមួយរយៈ។ ការចាប់ខ្លួននេះ គឺតុលាការបានសើរើសំណុំរឿងចាស់ឡើងវិញ ដោយសារតែពួកគេមិនគាំទ្រគណបក្សកាន់អំណាច ហើយបន្តគាំទ្រគណបក្សប្រឆាំង។ដូច្នេះសកម្មជនបក្សប្រឆាំង ជឿថា សម្ដីរបស់លោក ហ៊ុន សែន ពេលនេះ អាចគ្រាន់តែជាយុទ្ធសាស្ត្រកៀរត្រីឲ្យចូលទ្រូ ដើម្បីលោកចាប់ច្របាច់កតាមចិត្តខឹងរបស់លោកតែប៉ុណ្ណោះ។ ពួកគាត់ បន្តប្រសិនបើលោក ហ៊ុន សែន មានចិត្តមេត្តាពិតមែន លោកគួរតែស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សក្នុងប្រទេស ហើយដោះលែងអ្នកដែលជាប់ឃុំដោយសាររឿងនយោបាយនិងការបញ្ចេញមតិពីពន្ធនាគារឲ្យមានសេរីភាពឡើងវិញទាំងអស់ ។
បច្ចុប្បន្នមានសកម្មជននយោបាយ សកម្មជន អ្នកសារព័ត៌មាន មេសហជីព ប្រមាណ៦០នាក់កំពុងជាប់នៅពន្ធនាគារ ហើយភាគច្រើនពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់។
ប៉ុន្តែកន្លងមកអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងប្រទេសសេរីមួយចំនួនចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់ និងស្នើឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខ័ណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
didn’t any one hear what HUN SEN said ???? he said ANH NENG KAMCHATH POUK KBOTH OUY ORS.. the people that live in the country he will breaking their neck and now he call the fish to come in so that he can slaughter all together . I knew the election in 2023 if HUN SEN not do as international community ask him to do HUN SEN can not be the Prime minister of Cambodia . the 1st they ask is to release political prisoner, let people have peace to talk what they really want, 2023 have to be free and fair election by having international monitor the election . please do not say did not see the true situation in Cambodia this word is so dump while they see HUN SEN walking naked all the time
I hart HUN SEN said in media as evil as this>>>>>>>>> HUN SEN did not even seat stand still in his chair he lift his ass up and grain his teeth said>> I will break any one neck who again with me in Cambodia just like I breaking the mute fish neck also . OH ..GOD he spoke with his face like just wanted to kill some one right away . YES the ugly one eye evil was so scary while he got his hot temper it did not look like a human . my last question is how can Cambodian can say HUN SEN is their GOD . please get lost you evil monster killer HUN SEN