មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ជួប​ជាមួយ​ទូត​លោក​ខាង​លិច​ជា​បន្ត​បន្ទាប់​ក្រោយ​បរាជ័យ​តាម​ផ្លូវតុលាការ

កម្ពុជា-នយោបាយ
02/03/2023 – 07:24
ដោយ៖ ញឹម សុផល
RFI

មេដឹកនាំគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក សុន ឆ័យ អនុប្រធានគណបក្ស ត្រូវបានទទួលជួបពិភាក្សាដោយលោក ហ្សាក់ ប៉ឺឡេ(Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ស្តេហ្វាន ម៉េសសឺរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលជំនួបនេះបានធ្វើឡើងនៅស្ថានទូតបារាំង។ © FB


មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ភ្លើងទៀន ​បាន​បង្ហាញ​ពីជំនួប​ជាបន្ត​បន្ទាប់​ជាមួយ​អ្នកកាទូត​លោកខាងលិច​ប្រចាំ​នៅកម្ពុជា ​ក្នុង​នោះ​មាន​ឯកអគ្គរដ្ឋទូត​បារាំង​ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ​និង​អ្នកកាទូត​សហរដ្ឋអាមេរិក​ផងដែរ។​ ជំនួប​របស់​មេដឹកនាំ​បក្សប្រឆាំង​ ដែល​ត្រៀម​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧​ខាងមុខនេះ​ ត្រូវ​គេមើល​ឃើញ​ថា​ធ្វើឡើង​បន្ទាប់​ពីមេដឹកនាំ​នៃ​គណបក្សភ្លើងទៀន​មួយ​ចំនួន​បាន​រង​នូវ​ការ​ចោទប្រកាន់​ និង​ចាញ់ក្តី​តាម​ផ្លូវ​តុលាការ​ជា​បន្ត​បន្ទាប់។

ចាប់តាំងពីថ្ងៃទី២៨​ ខែកុម្ភៈមក មេដឹកនាំគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក សុន ឆ័យ អនុប្រធានគណបក្ស ត្រូវបានទទួលជួបពិភាក្សាដោយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ស្តេហ្វាន ម៉េសសឺរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលជំនួបនេះបានធ្វើឡើងនៅស្ថានទូតបារាំង។ ដោយឡែកខ្លឹមសារនៃជំនួបមិនត្រូវបានបង្ហើបឲ្យដឹងឡើយ។

ក៏ប៉ុន្តែជំនួបជាមួយអនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិក និងសហការី នៅថ្ងៃទី០១ ខែមីនា ម្សិលមិញ គណបក្សភ្លើងទៀនបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា ភាគីទាំងពីរបានជជែកគ្នាស្ដីអំពីបញ្ហាសិទ្ធិមនុស្ស និងស្ថានភាពនយោបាយនៅកម្ពុជា។

ជាការកត់សម្គាល់ជំនួបជាបន្តបន្ទាប់រវាងមេដឹកនាំគណបក្សភ្លើងទៀន និងអ្នកកាទូតលោកខាងលិចត្រូវអ្នកតាមដានសង្គម និងនយោបាយនានាមើលឃើញថា ជាការស្វែងរកការគាំទ្ររបស់គណបក្សប្រឆាំងជុំ វិញស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា ដែលកាន់តែតានតឹង។ តានតឹង ដោយសារមេដឹកនាំកំពូល២រូប គឺលោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀន កំពុងរងនូវចំណាត់ការរបស់តុលាការ។

លោក សុន ឆ័យ កាលពីពេលថ្មីៗនេះ ត្រូវតុលាការទាំង៣ថ្នាក់នៃប្រទេសកម្ពុជាកាត់ឲ្យមានទោស ដោយត្រូវបង់ពិន័យ និងសងជំងឺចិត្តជាទឹកប្រាក់រហូតដល់ជាង១លានដុល្លារ ទៅគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីបទបរិហារកេរ្តិ៍អំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែកក្កដា ឆ្នាំ២០២២។

ដោយឡែកលោក ថាច់ សេដ្ឋា ត្រូវបានតុលាការឃុំខ្លួន ពីបទចេញសែកគ្មានសាច់ប្រាក់ ដែលបានកើតឡើងកាលពីចុងឆ្នាំ២០១៩។ គណបក្សបក្សប្រឆាំងតែហៅការចោទប្រកាន់ និងដាក់ទោសមេដឹកនាំរបស់ខ្លួនពេលនេះ ថាជារឿងនយោបាយ ខណៈដែលគណបក្សកាន់អំណាចយល់ថាជារឿងផ្លូវច្បាប់៕

What Next?

Recent Articles

One Response to "មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ជួប​ជាមួយ​ទូត​លោក​ខាង​លិច​ជា​បន្ត​បន្ទាប់​ក្រោយ​បរាជ័យ​តាម​ផ្លូវតុលាការ"

  1. Anonymous says:

    I knew any opposition leader that pop up the communist Vietcong will never let them fight on the stage expressly Mr THACH SITHA, in another hand the killer during POL POT is coming recently they get still get angry over his enemy just like in 1970 to 1975 .right now they are looking for CIA agent that mean their policy of killing is coming back . I have no though HUN SEN was the killer during POL POT .