លោក ហ៊ុន សែន ផ្តល់ថវិកា២ម៉ឺនដុល្លារ និងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរដល់កីឡាករប្រេស៊ីល

កម្ពុជា-សង្គម
08/04/2023 – 08:50
ដោយ៖សឿង ភារៈ
RFI

កីឡាករប្រដាល់សញ្ជាតិប្រេស៊ីល Thiago Teixeira © Internet


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ទី០៨​ ខែ​មេសា​នេះ ​បាន​ប្រកាស​ផ្តល់​ថវិកា​ដល់​កីឡាករ​ប្រដាល់​ Thiago Teixeira ​សញ្ជាតិ​ប្រេស៊ីល​ ចំនួន​២ម៉ឺន​ដុល្លារ។​ ក្រៅ​ពី​ថវិកា ​លោក​ហ៊ុន សែន​ ក៏​មាន​គម្រោង​ស្នើ​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​កីឡាករ​ Thiago​ ប្រសិន​បើ​មិន​ខុស​ទាស់​ផ្នែក​ផ្លូវ​ច្បាប់​ណា​មួយ។​

ការប្រកាសឧបត្ថមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្តាញ Telegram នាថ្ងៃទី០៨ ខែមេសានេះ គឺកើតឡើង ក្រោយពីកីឡាករប្រដាល់រូបនេះ ត្រូវស្ថាប័នប្រដាល់ម៉ឺយថៃពិភពលោក WMO ដកខ្សែក្រវាត់ ហើយមិនទទួលបានប្រាក់ជាង៣ពាន់ដុល្លារ ក្រោយឈ្នះការប្រកួតនៅអាឡឺម៉ង់ នាថ្ងៃទី២ ខែមេសា នៅក្នុងកម្មវិធី APEX Fight Series

ក្រៅពីនាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ ប្រកាសផ្តល់លុយ ១ពាន់ដុល្លារទៅកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដែរ តាមរយៈសមាគមប្រដាល់គុនខ្មែរ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ឃើញគេមិនឲ្យលុយអ្នកប្រដាល់កីឡាករ Thiago Teixeira ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរជួយផ្តល់លុយទៅកីឡាករនោះវិញផង។

កាលពីថ្ងៃទី០៦ ខែមេសា ស្ថាប័នប្រដាល់ម៉ឺយថៃពិភពលោក (WMO) បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនហាមឃាត់ Thiago Teixeira ពីសកម្មភាពប្រដាក់នានារបស់ WMO នាពេលអនាគត។ តាមរយៈសេចក្តីថ្លែងការណ៍នោះ WMO បានថ្លែងថា អាកប្បកិរិយារបស់ Thiago បានធ្វើឱ្យកីឡាមុយថៃគ្មានតំលៃ។ WMO បន្តថា សកម្មភាព​របស់​គាត់​គឺ​មាន​ហេតុផល​នយោបាយ ហើយ​មិនសមជាកីឡាករ​ និងមាន​គោល​បំណងធ្វើឲ្យអាប់អោន​កីឡា​ជាតិ​របស់​ប្រទេស​ថៃ និង​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម។

បើតាមកាសែតថៃ The Nation កាលពីថ្ងៃទី០៧ ខែមេសា Thiago Teixeiraបាន​ហាត់​ក្បាច់​ប្រដាល់​ថៃ​តាំង​ពី​គាត់​មាន​អាយុ ១៦ឆ្នាំ​មក​ម្ល៉េះ ហើយ​ពាក្យ “Muay Thai” ត្រូវបាន​សាក់​នៅ​លើ​ស្មា​របស់លោកទៀតផង។ យ៉ាង​ណា​មិញ អ្នកប្រដាល់រូបនេះ បាន​លើក​ទង់ជាតិ​កម្ពុជា ក្រោយ​ឈ្នះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា និងក្លាយជាអ្នក​ផ្សព្វផ្សាយ​គុន​ខ្មែរ៕

What Next?

Recent Articles