ដោយ នៅ វណ្ណារិន
2023.05.11
RFA

មន្ត្រីពន្ធនាគារផ្កាយមួយម្នាក់រងការចោទថា បោកលុយលុយពលរដ្ឋជិត ១០ម៉ឺនដុល្លារ ក្រោមហេតុផលជួយរត់ការឱ្យពួកគេចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ រូប៖ ពីហ្វេសប៊ុក
ពលរដ្ឋចំនួន ១១គ្រួសារនៅខេត្តបាត់ដំបង សម្រេចដាក់ពាក្យបណ្ដឹងទៅ ក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍លើករណីមន្ត្រីពន្ធនាគារម្នាក់បោកលុយពួកគេជិត ១០ម៉ឺនដុល្លារ ក្រោមហេតុផលជួយរត់ការឱ្យពួកគេចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មន្ត្រីសង្គមស៊ីវិលថា ឱ្យរដ្ឋាភិបាលគួរស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់លើជនទាំងនោះ។
ពលរដ្ឋចំនួន ១១គ្រួសារ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងក្រុមយុវជនស្រឡាញ់សន្តិភាពអះអាងថា ពួកគេបានចាញ់បោកមន្ត្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង អស់លុយម្នាក់ៗរាប់ពាន់ដុល្លារ ដើម្បីឱ្យមន្ត្រីរូបនេះជួយរត់ការប្រឡងចូលក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប៉ុន្តែ មិនសមតាមបំណង។ ពួកគាត់បានសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បន្ទាប់ពីបាត់បង់ប្រាក់សរុបអស់ជិត ១០ម៉ឺនដុល្លារ ហើយកំពុងប្រឈមនឹងបំណុលធនាគារ។
ពលរដ្ឋនៅស្រុកសំឡូតលោក អ៊ិន កុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ឧសភា ថា លោកបានប្រគល់ប្រាក់ចំនួន ៨ពាន់ដុល្លារ (៨.០០០) ឱ្យទៅលោកស្រី ស៊ឹម សុខុន ជាថ្នូរនឹងការសន្យារត់ការជួយឱ្យលោកបានប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឈរជើងនៅច្រកព្រំដែន។ លោកបន្តថាលោកស្រី ស៊ឹម សុខុន បានសន្យា ថានឹងសងលុយមកវិញប្រសិនបើមិនអាចជួយលោកឱ្យប្រឡងជាប់ ប៉ុន្តែលោកស្រីមិនបានធ្វើតាមការសន្យានោះទេ បន្ទាប់ពីលោកប្រឡងមិនជាប់ដូចការធានារបស់លោកស្រី។ លោកបន្ថែមថា លោកបានស្វែងរកដំណោះស្រាយតាមអភិបាលខេត្តបាត់ដំបងច្រើនលើកមកហើយ តែនៅតែមិនទាន់ទទួលបានលុយត្រឡប់មកវិញ។
លោក អ៊ិន កុសល៖ «រឿងហ្នឹងមានការតវ៉ាតាំងពីខែ៩ឆ្នាំ២០២២ហើយរហូតមកដល់ពេលហ្នឹងអត់ទាន់មានបានផ្លែផ្កាអីទេ។ហើយខ្ញុំដាក់ពាក្យបណ្ដឹងគាត់លោកស្រីហ្នឹងគាត់មិនដែលជំទាស់ទេ គាត់ថា ព្រមទទួលសងតែដល់ថ្ងៃសងបែរជាមិនបានលុយ»។
ក្នុងពាក្យបណ្ដឹងដាក់ទៅលោក ស ខេង ពលរដ្ឋទាំង១១នាក់ បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ពួកគេបានប្រគល់ប្រាក់ឱ្យលោកស្រី ស៊ឹម សុខុន បន្ទាប់ពីជនសង្ស័យ អះអាងថា នឹងជួយឲ្យពួកគេចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារតែពួកគេជាយុវជនគណបក្សប្រជាជនកម្ពុជា ឬក្រុមយុវជនស្រឡាញ់សន្តិភាព។
ពលរដ្ឋម្នាក់ទៀតដែលជាអនុប្រធានភូមិស្រែអណ្ដូងលោកស្រី រដ្ឋ ហឿង ប្រាប់វិទ្យុអាស៊ីសេរី ថាលោកស្រីចាញ់បោកលោកស្រី ស៊ឹម សុខុន អស់ប្រាក់ចំនួន៩ពាន់ដុល្លារ (៩.០០០) ដើម្បីរត់ការជួយឱ្យកូនប្រុសលោកស្រីប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលនៅច្រកព្រំដែន ខ្មែរ-ថៃ នៅស្រុកសំឡូត។ លោកស្រីបន្តថា កន្លងទៅជាច្រើនខែ កូនប្រុសរបស់អ្នកស្រីមិនចូលធ្វើការក្របខ័ណ្ឌរដ្ឋនោះទេ ទើបអ្នកស្រីជាមួយជនរងគ្រោះដទៃទៀត បានទាមទារឱ្យលោកស្រី ស៊ឹម សុខុន ដែលជាអ្នកស៊ីឈ្នួលរត់ការ ឱ្យសងប្រាក់មកពួកគាត់វិញតាមការសន្យា។ លោកស្រីលើកឡើងថា ដោយសាររយ:ពេលមួយឆ្នាំហើយមិនទទួលប្រាក់មកវិញ ទើបលោកស្រីដាក់ពាក្យបណ្តឹងទៅ សាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្ត បានព្យាយាមដោះស្រាយចំនួន៣លើក នៅតែមិនបានថវិកាមកវិញ ទើបលោកស្រីសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ជួយដោះស្រាយនិងរកយុត្តិធម៌ឱ្យ។
លោកស្រី រដ្ឋ ហឿង៖ «ខ្ញុំគិតថាលុយប៉ុណ្ណឹងមិនមែនជាការស៊ីសំណូកទេ។នឹកឃើញថាលុយប៉ុណ្ណឹងគេយកទៅរត់ការទៅចុះ។មិនគិតថាជាការសូកប៉ាន់អីទេ។ រត់ការទៅឱ្យតែកូនបានការងារធ្វើសុខចិត្តជំពាក់គេព្រោះថានៅពេលបានប្រាក់ខែមកយើងបង់រំលោះគេ។ឥឡូវដល់ឆ្នាំធនាគារតម្រូវការលុយបានពួកខ្ញុំស្រវេស្រវា ចង់បងប្អូនយើងថាម៉េចថាទៅ»។
ពលរដ្ឋដែលបានពឹងពាក់ឱ្យមន្ត្រីពន្ធនាគារខេត្តបាត់ដំបងលោកស្រី ស៊ឹម សុខុន ជួយរត់ការឱ្យខ្លួនឯង ឬកូនចៅបានចូលបម្រើក្នុងការងារក្របខ័ណ្ឌរដ្ឋនេះ មានអ្នកខ្លះជាមន្ត្រីមូលដ្ឋានខ្លះ ជាគ្រូបង្រៀន ដែលពួកគាត់សុទ្ធសឹងជាយុវជន ឬសកម្មជនស្រឡាញ់សន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា។
ពួកគាត់បញ្ជាក់ថា ប្រាក់ដែលពួកគាត់យកទៅឱ្យលោកស្រី ស៊ឹម សុខុន ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលនេះ គឺបានមកពីការខ្ចីធនាគារ ដោយដាក់កម្មវត្ថុថា យកមកបណ្ដាក់ទុនរកស៊ី និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រកសិកម្ម។ ពួកគាត់បារម្ភថា ប្រសិនបើលោកស្រី ស៊ឹម សុខុន មិនសងប្រាក់មកវិញទេនោះ ផ្ទះ និងដីរបស់ពួកគាត់នឹងត្រូវលក់ឡាយឡុងដើម្បីយកប្រាក់សងធនាគារ។ ពួកគាត់បង្ហើបប្រាប់ថា មន្ត្រីពន្ធនាគារខេត្តបាត់ដំបងលោកស្រី ស៊ឹម សុខុន បានប្រកបរបររត់ការចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការនេះ ជាយូរមកហើយដោយមានបណ្ដាញមន្ត្រីថ្នាក់ស្រុកមួយចំនួនជាអ្នកណែនាំ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងលោកស្រី ស៊ឹម សុខុន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១០ ឧសភា ដោយលោកស្រីចុចផ្ដាច់ទូរស័ព្ទ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងបានដែរ។
ទាក់ទងរឿងនេះ ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ លើកឡើងថា ករណីនេះជារឿងបុគ្គល និងបុគ្គល ហើយមន្ត្រីពន្ធនាគារខេត្តបាត់ដំបង កំពុងសាកសួរលោកស្រី ស៊ឹម សុខុន បន្ថែម។ លោកបញ្ជាក់ថា ករណីនេះ អង្គភាពពន្ធនាគារខេត្តបាត់ដំបង មិនបានឃាត់ខ្លួនលោកស្រី ស៊ឹម សុខុន បណ្ដោះអាសន្ននោះទេ ព្រោះមិនមានភ័ស្ដុតាងសំអាង។
លោក សំអុល ធារិទ្ធ៖ «រឿងបុគ្គល!រឿងបុគ្គល! យើងមានស្អីដែលជាសំអាងឆ្លើយថា វាគ្រប់លក្ខខ័ណ្ឌសម្រាប់ដាក់ទោសទណ្ឌហើយឬនៅ?គេកំពុងធ្វើការ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា ទម្លាប់ការរត់ការដើម្បីចូលក្របខ័ណ្ឌរដ្ឋ ដោយមិនបានឆ្លងកាត់ការប្រឡងតេស្ដសមត្ថភាពត្រឹមត្រូវ បានធ្វើឱ្យប៉ះពាល់ដល់អ្នកមានសមត្ថភាពចំណេះដឹងពិតប្រាកដដែលតស៊ូ និងមានបំណងចូលបម្រើជាតិ។ លោកជំរុញឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធត្រូវស៊ើបអង្កេតលើករណីនេះ ឱ្យបានច្បាស់លាស់ និងចាត់វិធានការតឹងរ៉ឹងដើម្បីចម្រាញ់យកអ្នកមានសមត្ថភាព និងចង់ចូលបម្រើជាតិពិតប្រាកដ។
លោក យិន ម៉េងលី៖ «អ៊ីចឹងនេះជាការជះឥទ្ធិពលដ៏អាក្រក់មួយនៅក្នុងសង្គមជាតិយើងក្នុងការចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋសុទ្ធតែចំណាយលុយរាប់ពាន់ រាប់ម៉ឺនដុល្លារទើបបានៗខ្លះទៀតអត់បាន។[…] យើងមាននិស្សិតជាច្រើនណាស់ដែលបានបញ្ចប់(ការសិក្សា) ហើយលោកមានសមត្ថភាពតែលោកពិបាកក្នុងការចូល។អ៊ីចឹងយើងត្រូវតែបើកចំហឱ្យមានតម្លាភាពឱ្យមានការប្រឡងជាក់លាក់កុំឱ្យមានអំពើហ្នឹងទៀត»។
ការដាក់តម្លៃលើតំណែងតួនាទីដើម្បីបានចូលក្នុងក្របខ័ណ្ឌរដ្ឋដូចទំនិញក្នុងទីផ្សារ បានក្លាយជារឿងធម្មតាសម្រាប់បុគ្គលមួយចំនួនដែលឆ្លៀតឱកាសយកចំណុចនេះ ជាការរកស៊ីតាមរយៈការរត់ការ និងរៀបចំឯកសារផ្សេងៗ។ ការរត់ការតំណែង តួនាទី សក្តិ ទាំងនោះភាគច្រើនមាននៅក្នុងជួរនគរបាល កងទ័ព ក្រសួងស្ថាប័ន និងតំណែងមន្ត្រីថ្នាក់ក្រោមជាតិ ដែលមានតម្លៃចាប់ពី៥ពាន់ដុល្លារ រហូតដល់២ទៅ៣ម៉ឺនដុល្លារក៏មាន។
មាត្រា៦០៥នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលនិយាយអំពីបទល្មើស«សូកប៉ាន់» ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ១០ឆ្នាំ ចំពោះបុគ្គលណាដែលពាក់ព័ន្ធនឹងអំពើស៊ីសំណូក សូកប៉ាន់ ដោយផ្ទាល់ ឬប្រយោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។