ដោយ នៅ វណ្ណារិន
2023.06.17
RFA

លោក ស៊ិន វត្ថា ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ (រូបឈរ) ថ្លែងក្នុងកម្មវិធីជួបជុំសំណេះសំណាលជាមួយប្រធានប្រតិបត្តិខេត្ត ស្រុក/ក្រុង ទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ
មន្ត្រីគណបក្សភ្លើងទៀន និងជាគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណ លោក ស៊ិន វត្ថា ស្នើប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ បង្ហាញភស្តុតាងនូវកំហុសវិជ្ជាជីវៈរហូតដល់បណ្ដេញលោកចេញពីក្របខណ្ឌ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថាមន្ត្រីគ្រប់រូបមានសិទ្ធិជ្រើសរើសគណបក្សដែលពួកគាត់ពេញចិត្ត ហើយរដ្ឋាភិបាលត្រូវតែបង្ហាញភស្តុតាងជាក់លាក់មុនដកហូតក្របខណ្ឌមន្ត្រីរាជការ។
មន្ត្រីបក្សភ្លើងទៀនដែលក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀន បានដាក់ពាក្យស្នើ មន្ទីរអប់រំខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ទាមទារឱ្យបង្ហាញពីកំហុសរបស់លោកជាក់លាក់។ មន្ត្រីគណបក្សភ្លើងទៀនរូបនេះនៅតែអះអាងថា លោកមិនបានប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈមន្ត្រីរាជការដូចការចោទប្រកាន់នោះឡើយ។
ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យលោក ស៊ិន វត្ថា លើកឡើងថា មូលហេតុនៃការដាក់ពាក្យទៅកាន់មន្ទីរអប់រំខេត្ត ដើម្បីទាមទាមទារនៅក្របខណ្ឌគ្រូបង្រៀននេះ ដោយសារតែលោក ដែលបានប្រលងជាប់ទាំងលំបាក និងតួនាទីដែលព្រះមហាក្សត្រប្រទានឱ្យ តែត្រូវបានប្រធានមន្ទីរអប់រំខេត្តបណ្ដេញលោកចេញពីតួនាទីដោយអយុត្តិធម៌។
លោក ស៊ិន វត្ថា៖ «ការងារដែលមានការលុបនេះ វាអយុត្តិធម៌សម្រាប់បងដែរ ភ្លាមៗរួចហើយការដាក់កំហុសហ្នឹង ជួលកាលអ្នកដែលគេអត់ស្គាល់បង គេអាចគិតថា បងមនុស្សមានកំហុស មនុស្សខ្ជិលបង្រៀន ឬក៏មានកំហុសផ្នែកណាមួយទាក់ទងនឹងវិស័យអប់រំហ្នឹង ពុករលួយអីទៅ។ តែបងខ្លួនឯង អត់អស់ចិត្ត អ៊ីចឹងការលុបក្របខណ្ឌមួយដែលជាសមត្ថភាពបងរកបានទាំងលំបាក មិនមែនមាននរណាចេះតែប្រលងជាប់ទេ អ៊ីចឹងបងត្រូវតែទីមួយមិនពេញចិត្ត ហើយបដិសេធការមិនទទួលយក ហើយចង់ទាមទារឱ្យឃើញជាក់ស្ដែង»។
លោក ស៊ិន វត្ថា បន្ថែមថាគ្រូបង្រៀនមួយចំនួនក្នុងសាលាក៏ជាសមាជិកគណបក្សកាន់អំណាចដែរដូច្នេះបុគ្គលម្នាក់ៗមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ទោះជាយ៉ាងណា លោក ស៊ិន វត្ថា បង្ហាញគោលជំហរថានឹងមិនចុះចូលគណបក្សប្រជាជនកម្ពុជាដើម្បីទទួលបានក្របខណ្ឌគ្រូបង្រៀនវិញនោះទេ។
លោក ស៊ិន វត្ថា៖ «ចង់បញ្ជាក់ថា បងទទួលបានមកវិញ គឺជារឿងល្អ ប៉ុន្តែបងបានបញ្ជាក់ជាមួយប្រធានមន្ទីររួចហើយ ប្រសិនបើយើងនិយាយផ្នែកនយោបាយពិសេសម្យ៉ាងថា សេរីភាពរបស់បង ក៏ដូចជាសេរីភាពមិត្រភក្ដិដទៃ ដែលគាត់ចូលរួមពាក្យថា នយោបាយ ដូចនេះនយោបាយនៅទីនេះបើស្របច្បាប់ ជ្រើសរើសគណបក្សនយោបាយណាមួយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ដែលមានគោលនយោបាយល្អ បងនៅតែប្រើប្រាស់ បងនៅតែប្រើសេរីភាពបងក្នុងនាមប្រជាពលរដ្ឋ ដើម្បីចូលរួម»។
រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី៨ ខែមិថុនា បានប្រកាសលុបឈ្មោះមន្ត្រីគណបក្សភ្លើងទៀនលោក ស៊ិន វត្ថា ដែលបម្រើការងារជាគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ ក្រោមហេតុផលថា គ្រូបង្រៀនរូបនេះ មានកំហុសឆ្គងវិជ្ជាជីវៈជាមន្ត្រីរាជការ។ ប៉ុន្តែលិខិតរបស់លោក ហង់ ជួនណារ៉ុន មិនបានបញ្ជាក់ហេតុផលជាក់លាក់ជុំវិញកំហុសឆ្គងវិជ្ជាជីវៈដែលឈានដល់ការលុបឈ្មោះលោក ស៊ិន វត្ថា ចេញពីក្របខណ្ឌនេះទេ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតប និងប្រធានមន្ទីរអប់រំខេត្តលោក ឈូ ប៉ុនរឿង និងរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានទេ នៅថ្ងៃទី១៦ ខែមិថុនា។
ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបង្កើនការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើក្រុមថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សភ្លើងទៀនតាមទម្រង់នៃការគំរាមកំហែង ការចាប់ចងដាក់ពន្ធនាគារ ជាពិសេសការលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការចំពោះមន្ត្រីរាជការដែលគាំទ្របក្សប្រឆាំងជាដើម។ ផ្ទុយទៅវិញរដ្ឋាភិបាលឯកបក្សបែរជាផ្ដល់ក្របខណ្ឌ រដ្ឋឱ្យសមាជិកបក្សប្រឆាំងរូបណាដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា ប្រសិនបើការលុបឈ្មោះមន្ត្រីណាម្នាក់ដោយសារតែពួកគាត់ជាសមាជិកគណបក្សប្រឆាំង ឬការលុបក្របខណ្ឌដោយមិនបង្ហាញភស្តុតាងជាក់លាក់ពីកំហុសនោះ ដូច្នេះរដ្ឋាភិបាលគួរតែលុបចោលរាល់បញ្ញត្តិច្បាប់ទាំងឡាយណា ដែលអនុញ្ញាតឱ្យពលរដ្ឋជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រលាញ់ដូចគ្នាដែរ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «សូមបញ្ជាក់ថា ច្បាប់ដែលមានចែងហ្នឹងវាអត់ប្រយោជន៍ អ៊ីចឹងគួរតែរំលាយច្បាប់នៅក្នុងប្រទេសកម្ពុជាចោលទៅ ធ្វើម៉េចពួកអញ បក្សអញ ធ្វើបាន មានសិទ្ធិធ្វើនេះ ធ្វើនោះ ច្បាប់ដែលថាមនុស្សគ្រប់រូបមានសិទ្ធិធ្វើសកម្មភាពណាមួយអីផ្សេងៗ ត្រូវលុបចោលទៅ»។
គិតចាប់ពីឆ្នាំ២០២០ ក្រៅពីលោក ស៊ិន វត្ថា គឺមានមន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចណាស់៥នាក់ ត្រូវបានរដ្ឋាភិបាលឯកបក្សលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ។ ក្នុងនោះរួមមាន លោក អ៊ី មុយលី មន្ត្រីការិយាល័យផ្នែកច្បាប់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ផុន សុភា មន្ត្រីបម្រើការងារនៅការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្តកណ្ដាល លោក កែវ សុមុនី មន្ត្រីបម្រើការនៅនាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល លោក អេង ស្រូយ គ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក ខឹម មុនីកុសល មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ ក្រៅពីនេះលោក រ៉ុង ឈុន និងអតីតសកម្មជនបក្សសង្គ្រោះជាតិជាង១០នាក់ក៏ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន លុបឈ្មោះបុគ្គលិកអប់រំ និងគ្រូបង្រៀនចេញពីក្របខណ្ឌរដ្ឋដែរ កាលពីឆ្នាំ២០១៨ ជាងនេះទៅទៀតអ្នកខ្លះមិនត្រឹមអស់ក្របខណ្ឌនោះទេ ពួកគេថែមទាំងអាជ្ញាធរចាប់ដាក់គុកជាបន្តបន្ទាប់ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។