កម្ពុជា-សង្គម
17/06/2023 – 08:36
ដោយ៖ អ៊ឹង ប៊ុនថន
RFI
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបានចង្អុលមុខមេខ្លោង២នាក់ និងបក្ខពួក២០នាក់ទៀតដែលកំពុងកាប់បំផ្លាញព្រៃឡង់ ក្នុងតំបន់មុំបី រវាងខេត្ដព្រះវិហារ ខេត្ដកំពង់ធំ និងខេត្ដស្ទឹងត្រែង។ ក្រុមជនល្មើសទាំងនោះក៏មានដែរ អាវុធកែច្នៃចំនួន ៨ដើម ប្រើប្រាស់ គំរាមកំហែងដល់ក្រុមអ្នកចុះល្បាតព្រៃ។ ការចង្អុលមុខក្រុមបំផ្លាញព្រៃឈើនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោក សៅ សុខា ជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានស្នើឲ្យចង្អុលមុខ អ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើកន្លងមកនេះ។

បទល្មើសព្រៃឈើ © Internet
មនុស្សយ៉ាងតិច២នាក់គឺ ឈ្មោះ អុល (ហៅខ្លាឃ្មុំ) និង ឈ្មោះ សូប៉ោង ត្រូវបានចង្អុលមុខថាមេខ្លោងនិងបក្ខពួក ២០នាក់ផ្សេងទៀត បានចូលទៅសម្ងំកាត់ឈើយ៉ាងអនាធិបតេយ្យក្នុងព្រៃឡង់ នៅចំណុចស្រែស្តៅ ចំណុចវាលលំហាច ចំណុចអូរពូរោង ចំណុចស្រែពពេល ស្ថិតក្នុងភូមិសាស្ដ្រតំបន់មុំបី ចំណុចប្រសព្វ ៣ខេត្ត រវាងខេត្ដព្រះវិហារ ខេត្ដកំពង់ធំ និងខេត្ដស្ទឹងត្រែង។ នេះបើតាមរបាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃនេះ។
បើតាមរបាយការណ៍គឺបណ្តាញសហគមន៍ព្រៃឡង់ ចំនួន ៣៤នាក់ បានចុះល្បាតរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយរកឃើញក្រុមជនល្មើសទាំងនោះមានអាវុធកែច្នៃចំនួន ៨ដើម ប្រើប្រាស់ និងធ្វើការគំរាមកំហែងដល់ក្រុមអ្នកចុះល្បាតទៀតផង។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បន្តរកឃើញឈើថ្មី ចំនួន ២៥០គល់ឈើ និងរកឃើញឈើអារច្រៀកជាបន្ទះក្ដា និងឈើអារឃ្លុំជាបួនជ្រុង ពុំទាន់ដឹកចេញសរុប ២១.២៤ម៉ែត្រគូប រួមទាំងក្រុមជនល្មើសចំនួន ២២នាក់ ប្រើប្រាស់រណាយន្តចំនួន ៧គ្រឿង គោយន្តចំនួន ៦គ្រឿង ម៉ូតូចំនួន ៦គ្រឿង ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលថ្មីៗបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងអភិបាលខេត្តពាក់ព័ន្ធបង្ក្រាបការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីរដ្ឋ ដែលតែងតែកើតមានអំឡុងពេលមានការបោះឆ្នោត។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានថ្លែងថា គណៈកម្មការដែលមានសមាសភាពពាក់ព័ន្ធបានកោះប្រជុំភ្លាមៗ និងចុះធ្វើការជាប្រចាំផងដែរ ដោយប្រើយន្តការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបមេខ្លោងនៅពីក្រោយ។ លោក សៅ សុខា ក៏បានប្រតិកម្មផងដែរ ទៅនឹងការលើកឡើងពីសង្គមស៊ីវិលពីរបាយការណ៍បទល្មើសព្រៃឈើនេះ ដោយលោកស្នើឲ្យចង្អុលប្រាប់លោកចំៗថាតើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនេះ។
បើតាមលោក សៅ សុខាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅរយៈពេលចុងក្រោយនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយ៕