ទណ្ឌកម្ម​ និង​ការថ្កោលទោស​ជា​អន្តរជាតិ​ក្រោយ​ការបោះឆ្នោត​ជាតិ​​ឆ្នាំ២០២៣

ដោយ មាន ឫទ្ធិ
2023.07.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទណ្ឌកម្ម​ និង​ការថ្កោលទោស​ជា​អន្តរជាតិ​ក្រោយ​ការបោះឆ្នោត​ជាតិ​​ឆ្នាំ២០២៣

កូនប្រុសច្បង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បង្ហាញចង្អុលដៃ​ជ្រលក់​ទឹកខ្មៅ​ក្រោយ​បោះឆ្នោត​រួច​កាលពី​ថ្ងៃទី២៣ ខែកក្កដា។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ បាន​បញ្ចប់​ទៅ​ដិតដាម​ដោយ​ការថ្កោលទោស​ស្ទើរ​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​មកលើ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​គ្រោង​ប្រសូត​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ទៀតផង។

តើ​ប្រទេស​ណាខ្លះ ដាក់​ទណ្ឌកម្ម និង​ថ្កោលទោស ហើយ​ប្រទេស​ណាខ្លះ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ?

ទណ្ឌកម្ម​ចាប់ផ្តើម​ធ្លាក់​មកលើ​រដ្ឋាភិបាល​កម្ពុជា​​បណ្ដើរ​ៗ​ហើយ ដោយសារតែ​ការជម្នះ​រៀបចំ​ការបោះឆ្នោត​តាម​បែប​«បង្គ្រប់កិច្ច» ឬ​«ក្លែងក្លាយ»​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ពិតប្រាកដ​ចូលរួម​ប្រកួតប្រជែង។

ក្នុង​ចំណោម​ក្រុមប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ សហរដ្ឋអាមេរិក បាន​ឈាន​មុខគេ​ខាង​ប្រកាស​ដាក់​ទណ្ឌកម្ម។ សម្រាប់​អាមេរិក ទណ្ឌកម្ម​ជំហាន​ដំបូង​នេះ មាន​ពីរ​ធ្វើឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក។ នោះ​គឺ​ការរឹតត្បិត​មិន​ផ្តល់​ទិដ្ឋាការ​សម្រាប់​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា​​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​ឱ្យ​ពួកគេ​អាច​ជាន់​ទឹកដី​អាមេរិក​បាន។ រីឯ ទណ្ឌកម្ម​ទី២ គឺ​ការប្រកាស​ផ្អាក​លើ​កម្មវិធី​ជំនួយ​បរទេស​មួយ​ចំនួន។

​លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) «យើង​មិន​អាច​បញ្ចេញ​ឈ្មោះ​មន្ត្រី​ដែល​រង​នូវ​ការរឹតត្បិត​ទិដ្ឋាការ​ទាំងនោះ​ជា​សាធារណៈ​នោះទេ។ យើងបាន​ថ្លែង​ជា​សាធារណៈ​ហើយ​ថា យើង​បាន​កំណត់​ឈ្មោះ​មន្ត្រី​ទាំងនោះ​ហើយ តែយើង​មិន​បញ្ចេញ​ឈ្មោះ​របស់​ពួកគេ​ជា​សាធារណៈ​ទេ ព្រោះ​វា​ជា​គោលនយោបាយ។ [ទាក់ទង​នឹង​រឿង​ផ្អាក​កម្មវិធី​ជំនួយ​វិញខ្ញុំ​មិន​អាច​រៀបរាប់​លម្អិត​អំពី​កម្មវិធី​ជាក់លាក់​បានទេ។ យើង​បាន​ទាក់ទង​រឿងនេះ​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​រួចហើយ។ ប៉ុន្តែ ខ្ញុំ​អាច​និយាយ​បាន​ថា ទឹក​ប្រាក់​សរុប​មាន​ចំនួន​១៨លាន​ដុល្លារ​ក្នុង​ឆ្នាំនេះ។ ហើយ​ការផ្អាក​ជំនួយ​របស់​យើង​នឹង​បន្ត​ក្នុង​ឆ្នាំ​ខាង​មុខ​ជា​បន្តបន្ទាប់​ទៀត​ផងដែរ»

អ្វី​ដែល​គេ​ដឹង​ច្បាស់​នោះ​គឺថា​សហរដ្ឋអាមេរិក​បាន​ប្រកាស​ជំហរ​ច្បាស់លាស់​របស់​ខ្លួន​ហើយ​ថា ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី២៣ កក្កដា នេះ «គ្មាន​ភាពសេរី និង​យុត្តិធម៌»​ឡើយ។

ទន្ទឹមនឹង​ការប្រកាស​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ការបរទេស​អាមេរិក​នេះ ខាង​ស្ថាប័ន​សភា​អាមេរិក​ឯណោះ​វិញ​ក៏​ត្រៀម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ជាក់លាក់​ផ្សេង​បន្ថែម​ទៀត​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​តាមរយៈ​ការដាក់​ចេញ​នូវ​សេចក្តីស្នើច្បាប់​មួយ​ចំនួន។ សេចក្តីស្នើច្បាប់​ទាំងនោះ មាន​ពីរ​ធំៗ គឺ​មួយ​ទាក់ទង​នឹង​សំណុំរឿង​របស់​មេធាវី​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី។ ហើយ​មួយ​ទៀត គឺ​ពាក់ព័ន្ធនឹង​ការដាក់​ស្នើ​ឡើងវិញ​នូវ​សេចក្តីស្នើច្បាប់​ដាក់​«ទណ្ឌកម្ម»​ជាក់លាក់​មកលើ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ជាក់ស្តែង នៅ​មុន​ថ្ងៃ​បោះឆ្នោត​ស្របពេល​ដែល​កញ្ញា សេង ធារី កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​១០ថ្ងៃ​ដើម្បី​ទាមទារ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា គណៈកម្មាធិការ​ត្រួតពិនិត្យ និង​ចាត់ចែង​ថវិកា នៃ​ព្រឹទ្ធសភា​អាមេរិក បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដាក់​បញ្ចូល​សំណុំ​រឿង​កញ្ញា សេង ធារី ធ្វើ​ជា លក្ខខណ្ឌ​ តម្រូវ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធនឹង​ការឃុំខ្លួន​កញ្ញា​ដោយ​ខុសច្បាប់ និង​តម្រូវ​ឱ្យ​អាមេរិក​កាត់ផ្តាច់​ជំនួយ​បរទេស​របស់​អាមេរិក។ លក្ខខណ្ឌ​ពាក់ព័ន្ធនឹង​សំណុំ​រឿង​កញ្ញា សេង ធារី នេះ ត្រូវ​គណៈកម្មាធិការ​ដ៏មាន​ឥទ្ធពល​របស់​ព្រឹទ្ធសភា​អាមេរិក​ដាក់បញ្ចូល​ក្នុង កំណែ​ចុងក្រោយ​ នៃ​សេចក្តីស្នើច្បាប់​ចាយ​វាយ​ថវិកា​របស់​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ២០២៤។ ព្រឹទ្ធសភា​អាមេរិក​ចាត់ទុក​សំណុំ​រឿង​របស់​កញ្ញា សេង ធារី គឺ​ជា​ការ«ឃុំខ្លួន​ពលរដ្ឋ​អាមេរិកាំង​ខុសច្បាប់»។ គេរំពឹង​ថា​សេចក្តីស្នើច្បាប់​នេះ អង្គ​ព្រឹទ្ធសភា​អាមេរិក​ទាំងមូល​គ្រោង​នឹង​អនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ​នេះ។

ក្រៅពី​នេះ នៅ​មាន​ការដាក់​ឡើងវិញ​ដាច់​ដោយឡែក​នូវ​សេចក្តីស្នើ​ច្បាប់​«ដាក់ទណ្ឌកម្ម»​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អាច​តម្រូវ​ឱ្យ​រដ្ឋាភិបាល​អាមេរិក រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ សេចក្តីស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ មាន​ពីរ។ ទីមួយ គឺ ​សេចក្តីស្នើច្បាប់ S.2331 ទើប​នឹង​ដាក់​ស្នើឡើង​វិញ​កាលពី​ថ្ងៃទី១៨ ខែកក្កដា ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាងគណបក្ស​ប្រជាធិបតេយ្យ លោក អ៊ែដវើដ ម៉ារឃីយ៍ (Edward J. Markey) មក​ពី​រដ្ឋម៉ាស្សាឈូសេត (Massachusetts)។ ក្រៅពី​ដាក់​ទណ្ឌកម្ម​តាម​បែប​រឹតត្បិត​ទិដ្ឋាការ​និង​បង្កក​ទ្រព្យសម្បតិ្តិ សេចក្តីស្នើច្បាប់​នេះ ក៏​តម្រូវ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ដាក់​របាយការណ៍​លម្អិត​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​ចិន និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធនឹង​គម្រោង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) ជា​ពិសេស​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ និង​តំបន់​តារាសាគរ​នៅ​ខេត្តកោះកុង។ បច្ចុប្បន្ន សេចក្តីស្នើច្បាប់​ដាក់​ទណ្ឌកម្ម​លេខ S.2331 នេះ កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក។

យន្តការ​ត្រៀម​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក មិន​ទាន់​បញ្ចប់​ត្រឹម​នេះទេ។ នៅ​ឯ​ខាង​រដ្ឋសភា​អាមេរិក​ឯណោះ​វិញ ក៏​មាន​ការដាក់​ស្នើឡើង​វិញ​នូវ​សេចក្តីស្នើច្បាប់​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នា​នឹង​ព្រឹទ្ធសភា​អាមេរិក​ដែរ។ នោះគឺ សេចក្តីស្នើច្បាប់​លេខ H.R.4659 ដាក់​ស្នើ​ឡើងវិញ​កាលពី​ថ្ងៃទី១៤ ខែកក្កដា ដោយ​តំណាងរាស្ត្រ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋញូវជឺស៊ី (New Jersey) គឺ​លោក ស្ម៊ីត គ្រីសតូហ្វឺរ (Smith Christopher)។ បច្ចុប្បន្ន សេចក្តីស្នើច្បាប់​នេះ​កំពុង​ស្ថិតក្នុង​ដៃ​គណៈកម្មាធិការ​កិច្ចការបរទេស​ និង​គណៈកម្មាធិការ​យុត្តិធម៌ នៃ​រដ្ឋសភា​អាមេរិក។

ដោយឡែក សហភាព​អឺរ៉ុប​ឯណោះ ដែល​សភា​របស់​ខ្លួន​បាន​ព្រមាន​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​ពី​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែកក្កដា ក៏​បាន​ថ្កោលទោស​ការបោះឆ្នោត​ថ្ងៃទី២៣ ខែកក្កដា​នៅ​កម្ពុជា​នេះ​ដែរ។ សហភាព​អឺរ៉ុប​ ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃទី២៣ ខែកក្កដា​នៅ​កម្ពុជា ធ្វើឡើង​ដោយ​រឹតត្បិត​លើ​លំហ​នយោបាយ និង​ពលរដ្ឋ ដែល​គណបក្ស​ប្រឆាំង សង្គមស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ មិន​អាច​ដំណើរការ​បាន​ដោយ​ប្រសិទ្ធភាព និង​ដោយ​គ្មាន​ការរារាំង។ សហភាព​អឺរ៉ុប​ថា ខ្លួន​សោកស្តាយ​ដែល​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​បាន​ផាត់ចោល​គណបក្ស​ប្រឆាំង​ដ៏សំខាន់ គឺ​គណបក្ស​ភ្លើងទៀន។ ទោះជា​យ៉ាងណា សហភាព​អឺរ៉ុប នៅ​មិនទាន់​បញ្ជាក់​ពី​ផែនការ​ជាក់លាក់​ដែល​ខ្លួន​នឹង​ធ្វើ​ក្រោយ​ការបោះឆ្នោត​នេះឡើយ។ សហភាព​អឺរ៉ុប គ្រាន់តែ​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា ខណៈ​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា រដ្ឋធម្មនុញ្ញ និង​ស្តង់ដារ​អន្តរជាតិ​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ទទួលស្គាល់។

ប្រទេស​បារាំង​ ឯណោះ ដែល​ធ្លាប់​ធ្វើ​ជា​សហប្រធាន​សន្និសីទ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ១៩៩១ ប្រទេស​នេះ​ថា​ការមិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំជាងគេ​គឺ​គណបក្ស​ភ្លើងទៀន​​ចូលរួម​ការបោះឆ្នោត ធ្វើឱ្យ​ទន់ខ្សោយ​ដល់​លក្ខណៈ​ពហុបក្ស​នៃ​ការបោះឆ្នោត។ ប្រទេស​នេះ​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​សមាជិក​គណបក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​ទាំងអស់។ បារាំង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជាមូលដ្ឋាន​ដែល​ចាំបាច់​ដើម្បី​ស្តា​ប្រជាធិបតេយ្យ ស្របតាម​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

រីឯ ចក្រភព​អង់គ្លេស​ វិញ ប្រទេស​នេះ​បាន​ចាត់​ទុក​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​ថា​មិនសេរី និង​មិន​យុត្តិធម៌»​នោះ​ទេ ដោយសារតែ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ធំជាង​គេ​គឺ​គណបក្ស​ភ្លើងទៀន។ ចក្រភព​អង់គ្លេស​មើលឃើញ​ដំណើរការ​នេះ​ថាជា​ការបាត់បង់​ឱកាស​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មិនខុស​ពី​ចក្រភព​អង់គ្លេស អូស្ត្រាលី ឯណោះ​ថា​ខ្លួន​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​បរិយាកាស​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា និង​អំពី​គន្លង​ប្រជាធិបតេយ្យ​របស់​ប្រទេសនេះ ដែល​ធ្វើឱ្យ​ទន់ខ្សោយ​ដល់​លទ្ធភាព​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ក្នុង​ការសម្តែង​នូវ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី និង​មាន​នូវ​ជម្រើស​ពិតប្រាកដ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​ជ្រើសរើស​រដ្ឋាភិបាល។

ប្រតិកម្មចុងក្រោយ​​ពី​ក្រុមប្រទេស​និយម​ប្រជាធិបតេយ្យ ចេញ​មក​ពី​ប្រទេស​កាណាដា (Canada) និង​អាល្លឺម៉ង់ (Germany)។ កាណាដា ថា​ដោយសារ​តែ​ការបន្ត​ការបំភិតបំភ័យ​លើ​គណបក្ស​ប្រឆាំង យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​នៅ​កម្ពុជា​មិនត្រូវ​បាន​ធ្វើឡើង​ដោយ​សេរី ឬ​យុត្តិធម៌​ឡើយ ខណៈ​​អ្នកបោះឆ្នោត​ពុំ​មាន​ជម្រើស​ពិតប្រាកដ​។ កាណាដា​ នឹង​នៅ​តែបន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ផ្លាស់ប្តូរ​ទិសដៅ ដោយ​ដោះលែង​អ្នកទោស​នយោបាយ ការពារ​សង្គមស៊ីវិល ធានាសេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អនុញ្ញាត​ឱ្យ​មាន​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ប្រកប​ដោយ​អត្ថន័យ។ រីឯ អ្នកនាំពាក្យ​ការិយាល័យ​បរទេស​សហព័ន្ធ​អាល្លឺម៉ង់​វិញ ក៏​បាន​លើកឡើង​ពី​ការសោកស្តាយ​របស់​ខ្លួន​ដែល​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​មិនត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការបោះឆ្នោត​នេះ ករណី​កាត់ទោស​មេបក្ស​ប្រឆាំង លោក កឹម សុខា និង​ករណី​បិទ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​មុន​ការបោះឆ្នោត​ជាដើម។ អាល្លឺម៉ង់ លើក​ទឹកចិត្ត​ឱ្យ​​សមាជិក​តំណាងរាស្ត្រ​ជាប់ឆ្នោត​ថ្មី និង​រដ្ឋាភិបាលថ្មី​នៅ​កម្ពុជា ស្តាលក្ខខណ្ឌ​នានា​សម្រាប់​ប្រជាធិបតេយ្យពហុបក្ស​​ទាំងស្រុង​ឡើងវិញ និង​គោរព​សិទ្ធិមនុស្ស។  

ទន្ទឹម​នឹង​ការប្រកាស​ដាក់​ទណ្ឌកម្ម ការថ្កោលទោស និង​សម្តែង​ក្តីព្រួយបារម្ភ​ពី​សំណាក់​ក្រុមប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ មានតែ​ប្រទេសចិន និង​ក្រុមប្រទេស​និយម​របប​ផ្តាច់ការ ឬ​កុម្មុយនិស្ត​ប៉ុណ្ណោះ ដែល​ប្រកាស​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ ខណៈ​ក្នុង​​ប្រទេស​របស់​ពួកគេ​មិនដែល​ស្គាល់​ប្រជាធិបតេយ្យ​ផងនោះ។ ក្រសួង​ការបរទេស​ចិ ប្រកាស​អបអរ​សាទរ​«យ៉ាងកក់​ក្តៅ»​ចំពោះ​​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ ដែល​ប្រទេស​នេះ​អះអាង​ថា​ធ្វើឡើង​ដោយ​«រលូន»។ ចិន​ជឿជាក់​ថា​នៅ​ថ្ងៃអនាគត​កម្ពុជា​នឹង​ទទួលបាន​សមិទ្ធផល​កាន់តែ​ច្រើន​ក្នុង​ការអភិវឌ្ឍ​និង​កសាង​ប្រទេស​ជាតិ ព្រមទាំង​នាំមក​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន​កម្ពុជា។

ឆ្លើយតប​ចំពោះ​ប្រតិកម្ម​អន្តរជាតិ​ទាំងនេះ ក្រសួង​ការបរទេស​កម្ពុជា​ អះអាង​ថា ការបោះឆ្នោត​សាកល​ឆ្នាំ២០២៣ ឆ្លុះ​បញ្ចាំង​«យ៉ាង​ពិត​ប្រាកដ»​ពី​ភាព​«ចាស់ទុំ»​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា។ ក្រសួង​ការបរទេស​កម្ពុជា​បានលើក​យក​អំណះអំណាង​មួយ​ចំនួន​មក​បកស្រាយ ក្នុង​នោះ​មាន​ដូចជា អត្រា​ខ្ពស់​នៃ​អ្នកចូលរួម​បោះឆ្នោត ការប្រកាន់​ខ្ជាប់​នូវ​គុណតម្លៃ​ប្រជាធិបតេយ្យ អ្នកសង្កតេការណ៍​មិន​លំអៀង ការគោរព​ច្បាប់​ជា​ធរមាន និង​ពហុបក្ស​នយោបាយ ជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ធានាថា គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​ទុកជាមុន ហើយ​លោក​អាច​ផ្ទេរ​ដំណែង​នាយករដ្ឋមន្ត្រី​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ភ្លាមៗ​នៅ​ក្រោយ​ការបោះឆ្នោត​នេះ។ លោក​ ហ៊ុន សែន បាន​និយាយ​នៅ​មុន​ការបោះឆ្នោត​ជា​សាធារណៈ​ថា លោក​មិនខ្វល់​ពី​ការរិះគន់​ដែល​ថា កូនប្រុស​របស់​លោក​ឡើង​តាម​ជើងខោ​ចាំ​ស៊ី​កេរ្តិ៍​ឪ​នោះទេ សំខាន់​ឱ្យ​តែ​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក។

ក្រុមអ្នកវិភាគ​អន្តរជាតិ​មួយ​ចំនួន​បាន​ព្រមាន​ពី​ហានិភ័យ​រួច​ជា​ស្រេច​ទៅហើយ​នៃ​រដ្ឋាភិបាល​ថ្មី​ដែល​ត្រៀម​ប្រសូត​ចេញ​នៅពេល​ខាងមុខ​​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​ពួកគេ​ថា​កំពុង​ទទួល​ថ្មបាក់​ពី​មរតក​នយោបាយ​បន្សល់​ទុក​ដោយ​ឪ​របស់​លោក។ ក្នុង​នោះ​មាន​ដូចជា ប្រព័ន្ធ​នយោបាយ​ផ្តាច់ការ​មិនទុក​ចិត្ត​គ្នា​ទៅវិញមក​មិនខុស​ពី​សម័យ​ខ្មែរក្រហម អំពើ​ពុករលួយ សែស្រឡាយ​បក្សពួកនិយម ​និង​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​គឺ​វិបត្តិហិរញ្ញវត្ថុ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​ត្រដរខ្យល់ ជាដើម។ គេ​នៅ​រង់ចាំ​មើល​តទៅទៀត ថាតើ​លោក ហ៊ុន ម៉ាណែត អាច​យក​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​របស់​លោក មក​ដោះស្រាយ​បញ្ហា​ចាក់ស្រេស​ទាំងនេះ​បាន​ដែរឬទេ និង​ថាតើ​លោក​អាច​ហែល​ឆ្លង​មរតក​ថ្មបាក់​នៃ​នយោបាយ​បន្សល់​ទុក​ដោយ​ឪ​របស់​លោក​បាន​ដោយ​របៀបណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ទណ្ឌកម្ម​ និង​ការថ្កោលទោស​ជា​អន្តរជាតិ​ក្រោយ​ការបោះឆ្នោត​ជាតិ​​ឆ្នាំ២០២៣"

  1. Anonymous says:

    I do not know if you can survive if not Cambodia that I know will become year minus ZERO..