មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​រង​ការ​រិះគន់​ថា ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​តួនាទី

ដោយ ទីន ហ្សាការីយ៉ា
2023.11.02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​រង​ការ​រិះគន់​ថា ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​តួនាទី

ប្រធានអង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ ប៉ែន បូណា។ រូប៖ ហ្វេសប៊ុកលោក ប៉ែន បូណា


ក្រុម​អ្នក​សារព័ត៌មាន រិះគន់​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ថា ខ្វះ​ការទទួលខុសត្រូវ​បំពេញ​តួនាទី បម្រើ​ជាតិ និង​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់។

ពួកគេ​អះអាង​ថា មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ភាគច្រើន តែងតែ​គេចវេះ មិន​លើក​ទូរស័ព្ទ និង ឆ្លើយតប ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មាន ប្រកបដោយ​ក្រមសីលធម៌​មន្ត្រីរាជការ​នោះ​ឡើយ។

ក្រុម​អ្នកសារព័ត៌មាន​បារម្ភ​ថា ប្រសិនបើ​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​គ្រប់​ស្ថាប័ន នៅតែ​បដិសេធ គេចវេះ មិន​ឆ្លើយតប​នូវ​សំណួរ​របស់​អ្នកសារព័ត៌មាន នោះ​បញ្ហា​ប្រឈម​ក្នុង​សង្គម អំពើពុករលួយ និង ការបំផ្លាញ​ធនធានធម្មជាតិ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​រុញ​ឱ្យ​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​ឡើយ។

អ្នកយកព័ត៌មាន វីអូឌី (VOD) លោក ស៊ុន បាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១ វិច្ឆិកា​ថា មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ភាគច្រើន​អសកម្ម​ក្នុង​ការ​បំពេញ​តួនាទី និង​ខ្វះ​ការ​ទទួលខុសត្រូវ ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​មន្ត្រីរាជការ។

លោក​បញ្ជាក់​ថា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​មន្ត្រី​នាំពាក្យ​ក្រសួង​ជាច្រើន​នាក់​ទៀត ពិបាក​នឹង​ទាក់ទង​ផ្តល់​បទ​សម្ភាស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក ជួប​ការ​លំបាក​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ឱ្យ​គ្រប់​ជ្រុង ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សង្គម។

លោក ស៊ុន បាន៖ «គ្រប់​វិធីសាស្ត្រ​ផ្ញើ​តាម​តាម​តេឡេក្រាម​(Telegram) រហូត​ពេល​ខ្លះ​ផ្ញើ​តាម​Messenger ទៀត គាត់​មើល​ឃើញ​ហើយ តែ​គាត់​មិន​តប​ទៀត។ សោកស្តាយ​នៅ​ពេល យើង​ចង់​បានឱ្យ​ភាគី​ពាក់ព័ន្ធ​បំពេញ តម្រូវការ និង​បំពេញ​ខ្វះចន្លោះ មន្ត្រី​ពាក់ព័ន្ធ​នៅតែ​ព្យាយាម​បដិសេធ គេចវេះ»។

ក្រុម​អ្នកសារព័ត៌មាន​កត់សម្គាល់​ថា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាណត្តិ​មុនៗ គឺ​លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន រួម​ទាំង​មន្ត្រី​នាំពាក្យ​សាលាខេត្ត​ចំនួន​ទៀត តែងតែ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន តាមរយៈ​ទូរស័ព្ទ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម។

ក៏ប៉ុន្តែ​រដ្ឋាភិបាល​អាណត្តិ​ទី៧​នេះ ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​រង​ការ​រិះគន់​ថា គ្មាន​ភាពស្មោះត្រង់​បំពេញ​តួនាទី​បម្រើ​ជាតិ និង​ទំនួល​ខុសត្រូវ ក្នុងនាម​ជា​មន្ត្រីរាជការ ដែល​រដ្ឋ​ផ្តល់​សិទ្ធិ​ឱ្យ​នោះ​ឡើយ។

អ្នកសារព័ត៌មាន (Freelancer) កញ្ញា ជា សុខនី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​តែង​សរសេរ​ព័ត៌មាន​ពី​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន នៅ​ខេត្តរតនគិរី ក្រចេះ និង​ខេត្ត​ព្រះសីហនុ​ជាដើម ដោយ​ចាំបាច់​ត្រូវ សម្ភាស​អ្នកនាំពាក្យ​សាលាខេត្ត​សាមី និង​មន្ត្រី​ពាក់ព័ន្ធ ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ មិន​បាន​ឆ្លើយតប​ទាន់​ពេល​វេលា ដោយ​លើក​ហេតុផល​ថា ជាប់​រវល់ និង​ជាប់​ប្រជុំ។

កញ្ញា​បញ្ជាក់​ថា មាន​ករណី​ខ្លះទៀត​មន្ត្រី​នាំពាក្យ​សាលាខេត្ត បាន​ផ្តល់​បទ​សម្ភាស​មិន​គ្រប់​ជ្រុងជ្រោយ និង​ឆ្លើយ​ពង្វាង ធ្វើ​ឱ្យ​កញ្ញា​ជួប​ការ​លំបាក​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពិត ផ្តល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

កញ្ញា ជា សុខនី៖ «អ្នកនាំពាក្យ​រដ្ឋាភិបាល​ទាំងអស់ ពួកគាត់​ត្រូវ​រក្សា​លំនឹង ឆ្លើយតប​អ្នកសារព័ត៌មាន​លឿន​រហ័ស ប៉ុន្តែ​មិនមែន​លឿន​រហ័ស មិនមែន​ឆ្លើយ​ការពារ យក​រួចខ្លួន​ទេ​បង​។ តែ​ការ​ឆ្លើយ​យក​ដំណោះស្រាយ រាល់​បញ្ហា​អ្វីមួយ ដែល​យើង​សួរ​គាត់»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។​

រីឯ​ប្រធាន​ក្រុម​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា ពលរដ្ឋ​រង​ភាព​អយុត្តិធម៌ ការ​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន មិន​ត្រូវ​បាន​រុញច្រាន​ឱ្យ​មាន​ដំណោះស្រាយ​ទាន់​ពេល​វេលា​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​យល់​ថា មន្ត្រី​រដ្ឋាភិបាល​គួរតែ​សហការ​ល្អជា​មួយ​ក្រុម​អ្នកសារព័ត៌មាន ក្រប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ដោយ​គ្មាន​ការរើសអើង ដើម្បី​រួមគ្នា​ដោះស្រាយ​វិបត្តិ​សង្គម និង​អំពើពុករលួយ

លោក ស៊ឹង សែនករុណា៖ «មាន​តួនាទី​ជា​អ្នកនាំពាក្យ​ឱ្យ​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ បើសិនជា​នៅ​របៀប​នេះ គួរតែ​ពិនិត្យ​សមាសភាព​នេះ​ឡើងវិញ ហើយ​ដាក់​អ្នក​ដែល​គេ​មាន​សមត្ថភាព ដែល​គេ​រាក់ទាក់​ជាមួយ អ្នកសារព័ត៌មាន ជាជាង​មាន​ឥរិយាបថ បែប​ហ្នឹង វា​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋាភិបាល​វិញ​ទេ​។ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើងវិញ កុំឱ្យ​អ្នកសារព័ត៌មាន គ្នា​មានការ​លំបាក»។

កាលពី​ចុង​ខែ កញ្ញា ឆ្នាំ​២០២២ អង្គការ​ការពារ​សិទ្ធិ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល ហៅ​កាត់​ថា CIVICUS បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ដោយ​រកឃើញ​ថា «​សេរីភាព​សារព័ត៌មាន​បន្ត​រង​ការបំពាន ក្នុង​ប្រទេស​កម្ពុជា ដោយ​អ្នកកាសែត​រង​ការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវ​ច្បាប់​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស្ថិត​ក្នុង​ស្ថានភាព​គំរាមកំហែង​ខ្លាំង»

រីឯ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) កាលពី​ឆ្នាំ​២០២២ បាន​វាយតម្លៃ​ថា កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទី​១៤២ ក្នុង​ចំណោម ១៨០ ប្រទេស ហើយ​ចំណាត់ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នៅ​មិនទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles