សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នាំកូន​ស្រី​ភៀស​ខ្លួន​ទៅ​ថៃ​ដើម្បី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន

កម្ពុជា
02/11/2023 – 11:28
ដោយ៖ អេង គីមហុង
RFI

អ្នកស្រី ប៉ៃ រ៉េន អតីត​ជំទប់ទី២​ក្នុង​ឃុំម៉ាឡៃ​និង​សមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀនប្រចាំ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​នាំ​កូន​ស្រីវ័យ​១៧ឆ្នាំ​ម្នាក់​ភៀស​ខ្លួន​ទៅ​ប្រទេសថៃ ដោយ​សារ​តែ​ការធ្វើ​ទុក​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។ ព័ត៌មាននេះ​ផ្ដល់​ដោយ​សាម៉ីខ្លួន​ផ្ទាល់​ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី០២​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ ក្រោយ​ភៀស​ខ្លួន​ទៅ​ដល់​ទី​នោះ​ជាង​១០​ថ្ងៃ។

សកម្មជនបក្សប្រឆាំងម្នាក់នាំកូនស្រីភៀសខ្លួនទៅថៃដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន
សកម្មជនបក្សប្រឆាំងម្នាក់នាំកូនស្រីភៀសខ្លួនទៅថៃដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន © FB ប៉ៃ រ៉េន

មុនភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ អ្នកស្រី ប៉ៃ រ៉េន អះអាងថា ធ្លាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូចជាៈ ចូល​រួមសកម្មភាព​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​និង​សកម្មជន​នានា​ តាម​រយៈ​ការ​ញត្តិ​នៅ​តាមស្ថាន​ទូត​នានា​នៅ​ភ្នំពេញ។ ក្នុង​នោះ​ក៏​មាន​ស្ថានទូតចិន​ដែរ ដែល​ញត្តិ​នៅ​ពេល​នោះ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ២០២០ ដើម្បី​ឲ្យ​ប្រទេស​ចិន​គោរពស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ បន្ទាប់​មក​អ្នកស្រី​និងអ្នក​ដទៃ​ទៀត​សរុប​ជាង​១០​នាក់​ត្រូវបាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាង​១​ឆ្នាំ។ ក្រោយ​ជាប់​ឃុំ​ជាង​១​ឆ្នាំ​អ្នកស្រី ប៉ៃ រ៉េន ត្រូវបាន​ដោះលែង​វិញ​ដោយ​ព្យួរ​ទោស​៣ឆ្នាំ។


ងាក​មក​ដំណើរ​ជីវិត​ពេល​ទៅ​ដល់​ប្រទេសថៃ អ្នកស្រី ប៉ៃ រ៉េន  បានអះអាង​ពី​ការ​លំបាក​ក្នុង​ការ​រស់​នៅដោយ​សារ​មិន​ទាន់​មាន​កាត​ធានា​ស្ដី​ពី​សិទ្ធិ​ជនភៀស​ខ្លួន​ចេញ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ប្រទេ​ស​ថៃ។ ប្រយោជន៍​នៃ​កាត​នេះ​មួយ​ផ្នែក​ដើម្បី​ការពារសិទ្ធិ​ជនភៀសខ្លួន​នៅ​ពេល​ដែល​មាន​ការ​ឃាត់​ខ្លួន​សួរនាំ​ពី​សំណាក់​អាជ្ញាធរ​ថៃ។

ជុំវិញ​ការ​លើកឡើង​របស់​អ្នកស្រី ប៉ៃ រ៉េន ដែល​ថា ការ​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃដោយ​សារ​ការ​ធ្វើ​ទុកបុក​ម្នេញ​ឈាន​ដល់​ការ​គំរាម​សម្លាប់​ជាដើម​នោះ ត្រូវបាន​លោក ស៊្រាង ចិន្ដា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ច្រាន​ចោល។ លោក ស៊្រាង ចិន្តា បាន​ប្រៀប​ធៀប​ថា ប្រសិន​បើ​អាជ្ញាធរ​ធ្វើ​ទុក​បុក​ម្នេញមែន​ចុះហេតុអ្វី​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​គេ​គ្មានបញ្ហា ហើយ​ប្រសិន​បើ​មាន​បញ្ហា​មែន​សកម្មជន​ដែលភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​គួរ​ស្វែង​រក​ដំណោះស្រាយ​ការពារ​សិទ្ធិ​ជន​រង​គ្រោះ​ដែល​ពួក​គេ​អាច​រកបាន​តាម​រយៈ​អង្គការសង្គម​ស៊ីវិល​ក្នុង​ស្រុក។

ធ្លាប់​ជា​សកម្មជន​តស៊ូ​មតិ​នៅ​ក្នុង​ស្រុក កញ្ញា សូ មេត្តា  ដែល​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ជាង​១​ឆ្នាំ​បានលើក​ឡើង​ថា មាន​សកម្មជន​ប្រមាណ​ជាង​១០០​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ទី៣។ ពួក​គេ​ទាំង​នោះ​ជា​សកម្មជន​សង្គម សកម្មជ​នយោបាយ សកម្មជនសិទ្ធិ​មនុស្ស​ជា​ដើម។ កញ្ញា​កត់​សម្គាល់​ថា បើ​ទោះ​បី​ទៅ​ដល់​ប្រទេស​ថៃ​ក៏​ដោយ​ការ​ធ្វើ​ទុក​បុក​ម្នេញ​នៅ​តែ​កើត​មាន ខណៈ​អ្នក​ខ្លះទៀត​ខ្វះខាត​ផ្នែក​ជីវភាព៕

What Next?

Recent Articles