គណៈ​សង្ឃនាយក៖ ការបិទវត្តពោធិលង្កាមិនពាក់ព័ន្ធនយោបាយឬដើម្បី​ប្រយោជន៍បុគ្គល

កម្ពុជា
22/11/2023 – 06:35
ដោយ៖ អោ ស្រីពេជ្រ
RFI

គណៈសង្ឃនាយកកម្ពុជានៅថ្ងៃពុធម្សិលមិញនេះអះអាងថា ​ការសម្រេចបិទវត្តពោធិលង្កា នៅខេត្តសៀមរាប ​គឺជាការពង្រឹងការគ្រប់គ្រង​វត្តឡើងវិញ​ បន្ទាប់ពីរកឃើញថា​ការដឹកនាំ​គ្រប់គ្រង​គណៈសង្ឃក្នុងវត្តពោធិលង្កា​នេះ ​មិនមានសាមគ្គីភាព ​បង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិ​ធ្ងន់ធ្ងរក្នុង​ផ្លូវវិន័យ​ព្រះពុទ្ធសាសនា​។​​ ការបំភ្លឺនេះកើតមាននៅខណៈមានការសង្ស័យថាការបិទវត្តពោធិលង្កានេះមានពាក់ព័ន្ធនឹងនយោបាយ និងដើម្បី​កេងចំណេញប្រយោជន៍បុគ្គលជាដើម​​។

សង្ឃប្រមាណ១៤០អង្គគង់នៅវត្តពោធិលង្កា រួមនឹងអ្នកស្នាក់អាស្រ័យនៅវត្តជាច្រើននាក់ផ្សេងទៀត ត្រូវបានប្រកាសឱ្យចេញពីវត្តកាលពីថ្ងៃទី១៣វិច្ឆិកាកន្លងទៅ។ © FB


គណៈសង្ឃនាយកកម្ពុជានៅថ្ងៃទី២២វិច្ឆិកាម្សិលមិញនេះអះអាងថា ការសម្រេចបិទវត្តពោធិលង្កា នៅខេត្តសៀមរាប គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ។ ​ត្រូវរៀបចំឡើងវិញព្រោះថា កន្លងមកការដឹកនាំ​គ្រប់គ្រងគណៈសង្ឃក្នុងវត្តពោធិលង្កានេះ​ មិនមានសាមគ្គីភាព​ បង្កជាក្រុមបក្សពួក បង្កជាជម្លោះ​​ ​អនាធិបតេយ្យ មិនគោរព​ធម៌​វិន័យ ​និង​បាត់បង់សណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និងសេចក្តីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា​។ ហើយសកម្មភាពនោះ នៅតែកើតមានដដែល បើទោះបីជាមានការអប់រំទូន្មាន​​​ជាច្រើនលើកក៏ដោយ។

តាមគណៈសង្ឃនាយក ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិ​ធម៌វិន័យ​ឱ្យបានល្អប្រសើរ​ និងបំពេញស​ទ្ធាជ្រះថ្លា​ គឺចាំបាច់​ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាម​ពុទ្ធានុញ្ញាត​និងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណា​ឱ្យវត្តនេះក្លាយទៅជា​​បូជនីយដ្ឋាន គួរជាទីគោរពបូជា។ ការណ៍នោះហើយ​ ទើបតម្រូវឱ្យមានការនិមន្ត​ និង​អញ្ជើញព្រះសង្ឃ​អាចារ្យ និងដូនជី​ទៅស្នាក់អាស្រ័យ​នៅតាមបណ្តាវត្ត​ផ្សេងៗជាបណ្តោះអាសន្ន​ ក្រោយបញ្ចប់​សង្ឃកម្មនិងកិច្ចការរដ្ឋបាល​រួចរាល់ ទើបអនុញ្ញាតឱ្យចូល​ស្នាក់អាស្រ័យ​នៅជាប្រក្រតី​ឡើងវិញ។

សេចក្តីបំភ្លឺរបស់​គណៈសង្ឃនាយកកម្ពុជា​នេះកើតមាន នៅខណៈមានការសង្ស័យថាការបិទវត្តពោធិលង្កានេះមានពាក់ព័ន្ធនឹងនយោបាយ ក្នុង​គោលបំណងចង់បានដីវត្ត ជះ​​ប៉ះពាល់ដល់​ព្រះពុទ្ធសាសនាជាដើម។ ចំពោះគណៈសង្ឃនាយក ​នោះគឺជា​ការ​យល់ច្រលំ និងដែលជា​​ចេទនារបស់​​អគតិជន​​មួយចំនួន​ដែលយកបញ្ហានេះ​សម្រាប់កេងចំណេញប្រយោជន៍​ផ្ទាល់ខ្លួន​ ឬ បម្រើ​​ផលប្រយោជន៍​ខាងផ្នែកនយោបាយ។

គួរជម្រាបជូនថា ​​ព្រះសង្ឃប្រមាណ១៤០អង្គគង់នៅវត្តពោធិលង្កា រួមនឹងអ្នកស្នាក់អាស្រ័យនៅវត្តជាច្រើននាក់ផ្សេងទៀត ត្រូវបាន​ប្រកាសឱ្យចេញពីវត្ត​កាលពីថ្ងៃទី​១៣វិច្ឆិកាកន្លងទៅ។ ភ្លាមៗក្រោយពីចេញសេចក្ដីប្រកាសរបស់សាលាគណខេត្តសៀមរាប គេឃើញអាជ្ញាធរមានសមត្ថកិច្ច ដូចជាប៉ូលីស និងសន្តិ​សុខ បានចុះទៅរៀបចំសណ្ដាប់ធ្នាប់នៅទីនោះផងដែរ៕

What Next?

Recent Articles