ដោយ វិទ្យុអាស៊ីសេរី
2023.11.22
RFA

លោក ហ៊ុន ម៉ាណែត ថ្លែងសារនយោបាយក្នុងពិធីសម្ពោធឱ្យប្រើផ្លូវជាតិលេខ៥ ជាផ្លូវការ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល ៣ខែ ក្រោមការដឹកនាំរបស់លោក បានបន្សល់ទុកស្នាដៃជាច្រើន ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនទៅមុខ។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះថា គ្រាន់តែជាសារនយោបាយប្រជាភិថុតិបោកប្រាស់ពលរដ្ឋ ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។
មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ លោក ហ៊ុន ម៉ាណែត អួតអាងនៅចំពោះមុខមន្ត្រីការទូត មន្ត្រីរាជការ និងប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ជាផ្លូវការ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ វិច្ឆិកាថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកបានធ្វើការងារជាច្រើនជួយឱ្យសេដ្ឋកិច្ចជាតិរីកចំរើន។ លោកបញ្ជាក់ថា ការងារលេចធ្លោ មានដូចជា គម្រោងកម្ចីដើម្បីអភិវឌ្ឍន៍ ការទាក់ទាញវិនិយោគពីក្រៅស្រុកតាមរយៈក្រុមហ៊ុនផ្សេងៗ ការចរចាជាមួយបណ្ដាប្រទេសមួយចំនួនបើកច្រក ដើម្បីទាញយកទេសចរចូលមកទស្សនាកម្ពុជាជាដើម។ បន្ថែមពីនេះ លោកថា រដ្ឋាភិបាលក៏បានលើកស្ទួយការវិនិយោគក្នុងស្រុក ដើម្បីឱ្យប្រើប្រាស់ធនធានវិស័យឯកជនចូលរួមអភិវឌ្ឍន៍ប្រទេសផងដែរ។
លោក ហ៊ុន ម៉ាណែត៖ «រដ្ឋាភិបាលមិនបានគេងទេ មិនបានគេងអេះពោះ មិនបានធ្វើអីដើរតែខ្ចីលុយគេទេ ៣ខែនេះ។ គឺបានធ្វើគោលនយោបាយចេញគោលការណ៍ច្រើនសម្ពោធសមិទ្ធផលច្រើន និងដាក់គោលនយោបាយ ដើម្បីបន្តទៀតច្រើនគ្រប់វិស័យទាំងអស់ ហើយថ្ងៃនេះ ពាក់ព័ន្ធហេដ្ឋារចនាសម្ពន្ធ ដើម្បីបង្កើតសរសៃឈាមនាំឈាមឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជាច្រើនផ្សេងៗ ជាពិសេស អ្នកកំពង់ឆ្នាំងតែម្ដង»។
ទោះជាយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋប្រតិកម្មនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះថា គ្រាន់តែជាសារនយោបាយប្រជាភិថុតិបោកប្រាស់ពលរដ្ឋតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យ លោកស្រី ព្រិន ឆយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ វិច្ឆិកាថា ក្នុងអំឡុងពេល ៣ខែ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នេះ មិនបានធ្វើឱ្យជីវភាពគ្រួសារលោកស្រីប្រសើរឡើងនោះទេ ផ្ទុយទៅវិញជីវភាពកាន់តែក្រីក្រ ដោយសារអត់ការងារធ្វើ និងលក់ដូរមិនដាច់។ លោកស្រីបញ្ជាក់ថា ពលរដ្ឋរស់នៅខេត្តជាមួយលោកស្រីកាន់តែច្រើនឡើង ធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកប្រាក់សងបំណុលធនាគារ។
លោកស្រី ព្រិន ឆយ៖ «ថាតែមាត់ វាមិនបានដូចគាត់និយាយហ្នឹងទេ។ លក់អីមិនដាច់ រកការងារធ្វើមិនបាន សូម្បីតែធ្វើការសំណង់ ក៏គេបោកដែរ ខ្មែរគ្នាឯងរាល់ថ្ងៃហ្នឹង។ ក្មួយៗ ខ្ញុំធ្វើការងារមិនបានលុយមួយរៀលណា ម្នាក់ៗ មួយលានពីរ គេបោកអស់។ អាថៃក៏បោក ខ្មែរក៏បោក ទៅកន្លែងណាក៏បោក ដាច់បាយសឹងតែគ្រប់គ្នាហើយ។ អាប៉ុន្មានខែមុនបិទរោងចក្រ ធ្លាប់ធ្វើថ្ងៃសុក្រ សៅរ៍ អាទិត្យ ដល់ថ្ងៃសៅរ៍ គេផ្អាក ហើយអូ (OT= ថែមម៉ោង) ក៏គ្មាន ហើយគ្នាមិនធ្លាក់ការងារមានអី។ រត់ចង់អស់ហើយឥឡូវនៅសល់តិចណាស់។ ឥឡូវប្រាក់ខែវាមិនគ្រប់នោះ រត់ទៅថៃផង អីផង រត់ទាំងកូនខ្ញុំកូនគេអីអស់ហើយ»។
ដោយឡែក ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍ នៃអង្គការសង់ត្រាល់ (Central) និងជាអ្នកតាមដានស្ថានការណ៍សង្គម លោក ឌី ថេហូយ៉ា មើលឃើញថា សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ៣ខែចុងក្រោយនេះហាក់មិនមានអ្វីរីកចំរើនទៅមុននោះទេ ខណៈដែលពលរដ្ឋជំពាក់បំណុលធនាគារ និងធ្វើការចំណាកស្រុកកាន់តែច្រើន ដោយសារអត់ការងារធ្វើនៅក្នុងស្រុក។លោកចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះថា គ្រាន់តែជាវោហារសាស្ត្រនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាពពីមហាជនតែប៉ុណ្ណោះ។
លោក ឌី ថេហូយ៉ា៖ «គឺថា គ្រាន់ជាការស្អំនូវអារម្មណ៍ប្រជាពលរដ្ឋ ដែលឈឺចាប់អំពីអត់មានប្រាក់ចំណូល ចំណាកស្រុកទៅស្រុកគេ ជំពាក់បំណុលអីជាដើមអីចឹង ហើយវាអាចបានក្រុងមួយចំនួនដែលជឿគេអីចឹងទៅ អត់បានពិចារណាអីត្រឹមត្រូវ គិតតាមហ្នឹង។ ប៉ុន្តែជាក់ស្ដែង អំពីបញ្ហាសេដ្ឋកិច្ច ជាពិសេស យើងមើលនៅកម្ពុជារាល់ថ្ងៃ អតិផរណានៃតម្លៃទីផ្សារ វាថ្លៃណាស់ ដូចជា ប្រេងសាំងអីចឹង ហើយចំណូលរបស់គាត់វាកើន ឬអត់បើថា ចំណាយវាធំ ហើយចំណូលវាតិច អាហ្នឹងមានន័យថា វាមិនអាចវាស់វែងថា រីកចំរើន ឬប្រសើរជាងមុនបានទេ»។
មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋមួយចំនួនបានធ្វើយុទ្ធនាការបង្ហោះសារនៅលើបណ្ដាញ សង្គមហ្វេសប៊ុក (Facebook) ដោយលើកឡើងថា ពួកគាត់អស់លទ្ធភាពសងបំណុលធនាគារហើយ។ ពួកគាត់ ក៏ទទូចដល់រដ្ឋាភិបាល ឱ្យជួយអន្តរាគមន៍ទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីពន្យារពេលសងប្រាក់ រយៈពេល ១មួយឆ្នាំ។ ចំណែកអតិថិជនទិញផ្ទះ និងបុរីកាន់តែច្រើនឡើង បានផ្ទុះការតវ៉ាទាមទាររដ្ឋាភិបាលឱ្យជួយធ្វើអន្តរាគមន៍ទៅម្ចាស់បុរី កុំឱ្យរឹបអូសផ្ទះ ដោយសារពួកគាត់អស់លទ្ធភាពរកប្រាក់បង់រំលស់បន្ត។ រីឯកម្មកររោងចក្រខ្លះ ក៏បានកាត់បន្ថយការហូបចុកប្រចាំថ្ងៃ ដោយសារប្រាក់ចំណូលថយចុះ ព្រោះគ្មានការងារធ្វើទៀងទាត់ ខណៈរោងចក្រខ្លះបានប្រកាសក្ស័យធន និងបិទទ្វារ ហើយរោងចក្រមួយចំនួន ក៏បានកាត់បន្ថយចំនួនកម្មករ ឬម៉ោងការងារជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហាទាំងនេះដោយសារតែពលរដ្ឋបាត់បង់ប្រាក់ចំណូលបណ្ដាលមកពីសេដ្ឋកិច្ចធ្លាក់ចុះ ហើយប្រសិនបើរដ្ឋាភិបាលដោះស្រាយយឺតយ៉ាវ កម្ពុជាអាចប្រឈមនឹងវិបត្តិសង្គមធ្ងន់ធ្ងរ នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Are you kids me Manet? What have you done since your father gave you the position?? You ain’t done s..t beside going to meet those labor workers. What happens in Kompong Chhnang? You made up about a monk to spread bad Dhamar to the people. You are useless!