ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ដាក់ពាក្យ​ស្នើ​តុលាការ​លើក​ពេល​សវនាកា

ដោយ អាស៊ីសេរី
2023.11.24
RFA

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ដាក់ពាក្យ​ស្នើ​តុលាការ​លើក​ពេល​សវនាការ

(ពីឆ្វេង)សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា។ Photo: RFA


ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​២៣ វិច្ឆិកា បានដាក់​ពាក្យ​ស្នើ​សុំ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ពន្យារពេល​សវនាការ ដោយសារតែ​យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៦​នាក់ គឺ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ដើម្បី​រង់ចាំ​ទទួល​ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅ​ចុងខែ​វិច្ឆិកា នេះ។

ការ​ស្នើ​សុំ​នេះ ក្រោយពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​កោះហៅ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៦​នាក់​ក្នុង​នោះ​រួមមាន​កញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី និង​លោក ថុន រដ្ឋា ឲ្យ​ចូល​សវនាការ​ជំនុំជម្រះ​សំណុំរឿង​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វីដេអូ​ទាមទារ​ឱ្យ​ទម្លាក់​ការចោទប្រកាន់​មក​លើ​សកម្មជន​បរិស្ថាន កាលពី​ខែ​មិថុនា ឆ្នាំ​២០២១។

យុវជន​ចលនា​មាតា​ធម្មជាតិ​មួយ​រូប​គឺ លោក ថុន រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​ថា មូលហេតុ ដែល​លើក​ពេល​សវនាការ​នេះ គឺ​ដោយសារតែ​សមាជិក​២​នាក់​ផ្សេងទៀត​គឺ​កញ្ញា ស៊ុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុត កំពុង​នៅ​ក្រៅ​ប្រទេស។

លោក ថុន រដ្ឋា៖ «មេធាវី​របស់​យើង​នឹង​ដាក់​ពាក្យ​ស្នើ​ឲ្យ​មានការ​ពន្យារពេល​សវនាការ ដោយសារ​មូលហេតុ​គ្នា​យើង​នៅ​ក្រៅ ហើយ​មេធាវី​គាត់​មាន​ភារកិច្ច​ផង»។

ក្រោយពី​តុលាការ​បាន​ដោះលែង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ពួកគាត់​បាន​ទទួល​ពាន​រង្វាន់​២ រួច​មក​ហើយ និង​កំពុង​រង់ចាំ​ទទួល​ពាន់​រង្វាន់​ទី​៣​។ ទី​១ គឺជា​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ឆ្នើម​ប្រចាំឆ្នាំ​២០២១ ពី​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពានរង្វាន់​ទី​២ គឺជា​ពានរង្វាន់​អ្នកការពារ​ជួរមុខ ពី​អង្គការ Front Line Defenders ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា និង​ពានរង្វាន់​ទី​៣​នេះ គឺ​ពានរង្វាន់​កម្រិត​អន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ​២០២៣ ពី​ប្រទេស​ស៊ុយអែត​ (Sweden) ចំពោះ​ភាព​ក្លាហាន និង​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​តស៊ូ​មតិ​របស់​ចលនា​មាតា​ធម្មជាតិ នៅក្នុង​បរិបទ​ប្រទេស​ដែល​មាន​លំហ​ប្រជាធិបតេយ្យ​ត្រូវ​បាន​រឹតត្បិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles