កម្ពុជា
24/11/2023 – 11:11
ដោយ៖ អោ ស្រីពេជ្រ
RFI
សមាជិកសហជីពក្រុមហ៊ុនឡានក្រុង Giant Ibis Transport ចេញតវ៉ាជាថ្មី ដោយអះអាងថាពួកគេមិនទាន់ត្រូវបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតនៅឡើយ ក្រោយបញ្ឈប់ពីការងារអំឡុងវិបត្តិកូវីដ១៩កន្លងទៅ។ ការតវ៉ាកើតមាន នៅខណៈម្ចាស់ក្រុមហ៊ុនឡានក្រុងនេះប្តឹងថ្នាក់ដឹកនាំសហជីព២រូប ពីបទរារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដោយសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ និងឃុំខ្លួនបណ្តោះអាសន្ន។

បុគ្គលិក-កម្មករនយោជិតក្រុមហ៊ុនឡានក្រុង Giant Ibis Transport បន្តតវ៉ានៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារឱ្យក្រុមហ៊ុនរកដំណោះស្រាយក្នុងការបញ្ឈប់ការងារពួកគេ កាលពីអំឡុងវិបត្តិកូវីដ១៩កន្លងទៅ។ តាមការអះអាងរបស់មេសហជីព លោក សៀម ម៉ូរ៉ាឌី សមាជិកសហជីពដែលបច្ចុប្បន្ននៅសល់ចំនួន១២នាក់ នៅពុំទាន់បានទទួលប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារនៅឡើយ ដ្បិតពួកគេត្រូវបានបញ្ឈប់ពីការងារដោយគ្មានមូលហេតុត្រឹមត្រូវ។
លោក សៀម ម៉ូរ៉ាឌី ត្អូញត្អែរថា បច្ចុប្បន្ននេះ សមាជិកខ្លួនកំពុងមានវិបត្តិសេដ្ឋកិច្ចគ្រួសារ រងការរើសអើងក្នុងប្រព័ន្ធការងារ មិនថានៅក្រុមហ៊ុនឡានក្រុង Giant Ibis Transport នេះដែលបានដំណើរការវិញជាប្រក្រតី ឬ ក៏នៅកន្លែងការងារថ្មីទេ ព្រោះពួកគេទាំងនោះ ត្រូវបានដាក់ឱ្យនៅក្នុងបញ្ជីខ្មៅ ក្នុងនាមជាសមាជិកសហជីពចេញតវ៉ា។
លើសពីនេះទៀត លោក សៀម ម៉ូរ៉ាឌី ផ្ទាល់ និងអនុប្រធានសហជីពម្នាក់ទៀត ឈ្មោះ អោ ចន្ធី ក៏កំពុងរងពាក្យបណ្តឹងពីម្ចាស់ក្រុមហ៊ុនឡានក្រុង Giant Ibis transport ពីបទរារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដោយសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឱ្យអ្នកទាំង២ស្ថិតនៅក្រោមការពិនិត្យ និងឃុំខ្លួនបណ្តោះអាសន្ន។ ចំពោះលោក សៀម ម៉ូរ៉ាឌី ប្រធានសហជីពការប្រើយន្តការផ្លូវតុលាការនេះដើម្បីដាក់សម្ពាធមកលើបុគ្គលិកកម្មករនិយោជិតក្នុងការតស៊ូមតិទាមទារនៃយុត្តិធម៌តែប៉ុណ្ណោះ។
បើតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៥តុលាកន្លងទៅ ថ្នាក់ដឹកនាំសហជីពទាំង២រូប បានរារាំងញុះញង់ និងគំរាមមិនឱ្យបុគ្គលិកផ្សេងទៀតទទួលយកប្រាក់បំណាច់ពីក្រុមហ៊ុនឡើយ និងបានបង្កភាពចលាចលក្នុងក្រុមហ៊ុន ដោយថែមទាំងបានយករថយន្តចតរារាំងបាំងពីក្រោយមិនឱ្យរថយន្តរបស់ក្រុមហ៊ុនដែលត្រូវដឹកអ្នកដំណើរចេញ ដើម្បីបង្កជាឧបសគ្គដល់ការធ្វើចរាចរណ៍ជាសាធារណៈរបស់ក្រុមហ៊ុន រហូតដល់ពេលខ្លះការរារាំងនោះទាល់តែមានការអន្តរាគមន៍ពីអាជ្ញាធរខណ្ឌទើបពួកគេបើករថយន្តចាកចេញ។
PUBLICITÉ
ដីកាដដែលនេះឱ្យដឹងថា ក្រុមហ៊ុនបានប្រកាសបើកដំណើរការឡើងវិញនៅឆ្នាំ២០២២ ដោយបានហៅបុគ្គលិកចាស់ៗឱ្យចូលធ្វើការវិញ ហើយមានបុគ្គលិកខ្លះបានចូលធ្វើការ និងបុគ្គលិកខ្លះមិនបានចូលធ្វើការវិញទេ ប៉ុន្តែពួកគេដែលមិនចូលធ្វើការនោះត្រូវបានក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ការងារទៅតាមច្បាប់កំណត់រួចហើយ។
គួរជម្រាបជូនផងថា ក្រុមហ៊ុនរថយន្តក្រុង Giant Ibis transport ជាក្រុមហ៊ុនដឹកអ្នកដំណើរមួយដែលចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោក គិត ម៉េង ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនធំមួយក្នុងប្រទេស។ វិវាទនេះ ត្រូវបានភាគីសហជីពនិងក្រុមហ៊ុនចូលតុចរចាជាច្រើនលើកដោយមានការសម្របសម្រួលពីក្រសួងការងារ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានដំណោះស្រាយណាមួយទៅដល់ក្រុមកម្មករទាំងអស់នោះឡើយ៕