ដោយ យ៉ង ចាន់តារា
2023.11.26
RFA

យុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងកុមារក្នុងគោលបំណងលើកកម្ពស់សិទ្ធិ និងយុត្តិធម៌សង្គម រៀបចំដោយក្រុមអង្គការសង្គមស៊ីវិល។ Screenshot
ក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្ត្រី សិទ្ធិការងារ និងសិទ្ធិមនុស្ស នៅថ្ងៃទី២៥ វិច្ឆិកា បានរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងកុមារក្នុងគោលបំណងលើកកម្ពស់សិទ្ធិ និងយុត្តិធម៌សង្គម។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រី ដើម្បីបញ្ឈប់វប្បធម៌និទ្ទណ្ឌភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព។
អង្គការសង្គមស៊ីវិល សមាគម និងសហជីព ចំនួន២០ស្ថាប័នរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ «គ្មានអំពើ ហិង្សាលើស្ត្រី និងក្មេងស្ត្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងកម្មវិធីធំគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ខាងមុខដែលមានមនុស្សចូលរួមប្រមាណ៥០០នាក់ ។ យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។
អង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ននោះ រួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ (LRSU) សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ វិច្ឆិកា ថា យុទ្ធនាការនេះផ្ដោតសំខាន់ទៅលើបញ្ហាការប្រើអំពើហិង្សា ការចោទប្រកាន់ និងការលាបពណ៌សកម្មជនជាស្ត្រីដែលតស៊ូមតិដើម្បីរកដំណោះស្រាយសមរម្យពីរដ្ឋាភិបាល។ លោកស្រីកត់សំគាល់ថា រដ្ឋាភិបាលបច្ចុប្បន្នអនុវត្តសិទ្ធិគ្មានតម្លាភាព និងតែងយកច្បាប់មករឹតត្បិតសេរីភាពសកម្មជនជាស្ត្រីទៅវិញនៅពេលពួកគាត់តស៊ូមតិដើម្បីទាមទាររកយុត្តិធម៌។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ខ្ញុំជឿថា នៅប្រទេសជាច្រើននៅប្រទេសដែលជឿនលឿនហ្នឹងគេស្ដាប់មតិរបស់ពលរដ្ឋខ្លួន ហើយកែសម្រួលទៅតាមតម្រូវការពលរដ្ឋជាពិសេសស្ថាប័នរដ្ឋដែលយកពន្ធពីពលរដ្ឋបើកប្រាក់ខែឱ្យអ្នកទាំងនោះរឹតតែត្រូវគោរពពលរដ្ឋ និងស្ដាប់ពលរដ្ឋទៅទៀត ប៉ុន្តែនៅពេលដែលប្រទេសមួយមិនឱ្យតម្លៃទៅពលរដ្ឋរបស់ខ្លួន ហើយកេងចំណេញឬក៏រំលោភបំពានទៅពលរដ្ឋរបស់ខ្លួន ពលរដ្ឋរបស់ខ្លួន នឹងក្លាយជាទាសករ និងក្លាយទៅជាអ្នកដែលត្រូវបានកេងប្រវ័ញ្ចតទៅទៀត ប៉ុន្តែបើស្ដាប់ពលរដ្ឋរបស់ខ្លួនបញ្ហាធំប៉ុនមេឃក៏ដោះស្រាយបានដែរ»។
យុទ្ធនាការរយៈពេល១៦ថ្ងៃនេះ គឺរៀបចំឡើងដោយមានសកម្មជនសហជីព និងពលរដ្ឋនាំគ្នាប្ដូរស៊ុមរូបថតនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃដដែលនេះ ។ ចំណែកនៅថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ នឹងមានការចាក់ផ្សាយពីកម្រងវីដេអូចំនួន៧ បង្ហាញពីការតម្រូវរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងចេញសេចក្ដីថ្លែងការណ៍រួមអំពីតម្រូវការ និងសំណូមពរដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានលើស្ត្រី និងក្មេងស្ត្រី។ ដោយឡែកនៅថ្ងៃទី០៣ ខែធ្នូ អង្គការសង្គមស៊ីវិលនឹងធ្វើកម្មវិធីជួបជុំគ្នាសម្ដែងមតិដោយមានការចូលរួមពីស្ត្រីដែលរងការរំលោភបំពានសិទ្ធិនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្ត្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ហើយចាប់ពីថ្ងៃទី៤ ដល់ទីថ្ងៃទី១០ធ្នូ នឹងដាក់ឱ្យមានការបង្ហាញពីវីដេអូជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការចង់បានរបស់ស្ត្រី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៥ វិច្ឆិកា ។
ជុំវិញបញ្ហានេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ឃើញថាការធ្វើយុទ្ធនាការនេះគឺជារឿងល្អដើម្បីជាសារដាស់តឿនដល់រដ្ឋាភិបាលអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ លោកបន្តថា អំពើនិទ្ទណ្ឌភាពនៅក្នុងសង្គមនឹងកាន់តែកើតមានប្រសិនបើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌មិនឈរលើគោលការណ៍ឯករាជ្យនោះ។
លោក នី សុខា៖ «ខ្ញុំគិតថារឿងអ្វីក៏ដោយវាត្រូវតែពង្រឹងអំពីបញ្ហានីតិរដ្ឋ ជាពិសេសពង្រឹងបញ្ហាប្រព័ន្ធយុត្តិធម៌នេះឱ្យបានអនុវត្តនៅធ្វើយ៉ាងណាផ្ដល់យុត្តិធម៌ឱ្យបានស្មើគ្នាចំពោះប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសកម្ពុជាដោយមិនមានការរើសអើងដោយមិនមានការផាត់ចោលក្រុមណាមួយដែលយើងគិតថា ជាបញ្ហានៃការចាត់ទុកក្រុមណាមួយជាក្រុមប្រឆាំងឬក៏ក្រុម ស្របឬក៏ក្រុមរើសអើងនយោបាយ»។
កន្លងទៅរដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត តែងប្រើប្រព័ន្ធតុលាការជាឧបករណ៍គំរាមកំហែងសកម្មជនសង្គម និងសកម្មជននយោបាយជាស្ត្រី ដើម្បីកុំឱ្យពួកគាត់ចេញតវ៉ារកយុត្តិធម៌។ ជាងនេះទៅទៀតស្ត្រីជាកូដករណាហ្គាវើលដ៍ សកម្មជននយោបាយ និងសកម្មជនដីធ្លី បានរងការវាយដំ ការចាប់ឃុំខ្លួន ការឃ្លាំមើលពីសំណាក់អាជ្ញាធរ ការផ្ញើសារគំរាមសម្លាប់ជាដើម ដោយគ្រាន់តែពួកគាត់អនុវត្តសិទ្ធិស្របតាមច្បាប់របស់ខ្លួន។
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលលុបបំបាត់ការប្រើអំពើហិង្សាគ្រប់រូបភាពលើស្ត្រី បញ្ឈប់ការរំលោភបំពានសិទ្ធិស្ត្រី ដោយងាកមកលើកម្ពស់សិទ្ធិស្ត្រីនិងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមការងារសង្គមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។