ស្ត្រីអាយុ១០២ឆ្នាំអង្វរកុំឲ្យដាក់គុកកូនប្រុសដែលរិះគន់វៀតណាម

កម្ពុជា
26/11/2023 – 08:55
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ស្ត្រី​ខ្មែរ​ម្នាក់​អាយុ​១០២​ឆ្នាំ​ បាន​លើក​ដៃ​សំពះ​អង្វរ​កុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​កូន​ប្រុស​របស់​គាត់​ទៅ​ដាក់​ពន្ធនា​គារ​តាម​អំណាច​សាល​ក្រម​តុ​លាការ​។​ តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​កាត់​ទោស​លោក​ កង សារ៉ន​ ដាក់​ពន្ធ​នា​គារ​៣​ឆ្នាំ​ ពី​បទ​ ជេរ​ប្រមាថ​ បទ​ញុះញង់​ និងប្រមាថ​ព្រះមហា​ក្សត្រ​។​ បុរស​រូប​នេះ ​តែង​តែ​រិះ​គន់​មិន​សំចៃ​មាត់​ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា​ និង​ក៏មាន​ការ​ស្រែក​សួរ​ទៅ​កាន់​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​កក្កដា​ថា ​ «បើ​ជាប់​ឆ្នោត​ហ៊ាន​ដេញ​យួន​ចេញ​ពី​ស្រុក​ខ្មែរ​ទេ?​»​

លោក កង សារ៉ន និងម្តាយ អាយុ១០២ឆ្នាំ © កង សារ៉ន


តាម​វីដេអូ​ដែល​ផ្ទុះឡើង​នៅ​តាម​បណ្តាញ​សង្គម​ថ្ងៃ​ទី​២៥​វិច្ឆិកា​២០២៣​ បាន​បង្ហាញ​ថា​ កង​កម្លាំង​ជា​ច្រើន​នាក់​បាន​ទៅ​ចាប់​ខ្លួន​ លោក ​កង ​សារ៉ន​ ដល់​ផ្ទះ​របស់​បុរស​រូប​នេះ​ នៅ​ភូមិ​បន្ទាយ​ទី​១ ​ឃុំ​ទួលពង្រ ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ជាមួយ​គ្នា​នោះ ​ក៏​មាន​វីដេអូ​ដែល​ម្តាយ​របស់​លោក ​កង​ សារ៉ន ​អាយុ​១០២​ឆ្នាំ​ បាន​លើកដៃ​សំពះ​អ្វរ​ទៅ​កាន់​រដ្ឋា​ភិបាល​កម្ពុជា​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​កូន​ប្រុស​គាត់​ ដោយសារ​តែ​រិះ​គន់​រឿង​វៀតណាម​រស់​នៅ​កម្ពុជា​។​ ស្ត្រី​រូបនេះ​បាន​ចាត់​ទុក​ការ​កាត់​ទោស​កូន​ប្រុស​របស់​គាត់​ដោយ​សារ​តែ​រិះ​គន់​រឿង​វៀត​ណាម​នោះថា​ ជា​រឿង​អយុត្តិធម៌​ ហើយថា​ សុខ​ចិត្ត​ឲ្យ​កូន​ប្រុស​គាត់​ស្លាប់​ជា​ជាង​ចូល​គុក​។

មុន​ពេល​ប្រ​គល់​ខ្លួន​ឲ្យ​សមត្ថ​កិច្ច​ លោក​ កង​ សារ៉ន​ បាន​ដាក់​ជណ្តើរ​ឡើង​ទៅ​លើ​ដំបូង​ផ្ទះ​ថតជាវី​ដេអូ​ និង​ត្រូវបាន​គេ​អះអាង​ថា​ ជា​ការ​ប៉ុន​ប៉ង​ធ្វើអត្តឃាត​ កុំ​ឲ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ ហើយ​វីដេអូ​នេះ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ពាស​ពេញ​បណ្តាញ​សង្គម​។

សួម​បញ្ជាក់​ថា​ តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា ​បាន​កាត់​ទោស​លោក​ កង​ សារ៉ន​ ដាក់​ពន្ធនា​គារ​៣​ឆ្នាំ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​ បទ​ញុះញង់​ និង​ប្រមាថ​ព្រះម​ហាក្សត្រ។​ ប៉ុន្តែ​លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​សរ​សេរ​លើ​ហ្វេស​ប៊ុ​កថា​ ការកាត់​ទោស​លោក​ កង​ សារ៉ន​ ឲ្យ​ជាប់​គុក​៣​ឆ្នាំ ​ដោយសារ​គាត់​បាន​រិះគន់​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​នៅ​កម្ពុជា​៕

What Next?

Recent Articles