កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
26/11/2023 – 09:52
ដោយ៖ សាំ ឧត្តម
RFI
ក្រុមអង្គការសង្គមស៊ីវិលចំនួន២១ស្ថាប័ន ផ្តើមធ្វើយុទ្ធនាការ១៦ថ្ងៃប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម។ យុទ្ធនាការនេះ មានកម្មវត្ថុច្បាស់លាស់មួយ គឺផ្តល់សំឡេងឱ្យសកម្មជន អ្នកការពារសិទ្ធិមនុស្សជាស្ត្រី ដើម្បីឱ្យពួកគេអាចលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះ ពិសេសដើម្បីជំរុញឱ្យរដ្ឋាភិបាលបេ្តជ្ញាការពារសិទ្ធិមនុស្សឱ្យបានពេញលេញចំពោះអ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងក្មេងស្រី។

សកម្មជន និងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍អង្កុយតវ៉ាស្នើឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ © AP
ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់សមាគម អង្គការសង្គមស៊ីវិល សហជីព ចំនួន២១ស្ថាប័នបានឱ្យដឹងថា យុទ្ធនាការ១៦ថ្ងៃនេះនឹងចាប់ផ្តើមពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ខណៈពួកគេក៏គ្រោងជួបជុំគ្នាសម្តែងមតិនៅទីលានប្រជាធិបតេយ្យនាថ្ងៃទី០៣ ខែធ្នូដោយមានការចូលរួមពីសកម្មជនជាស្ត្រីជាង៥០០នាក់។
យុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទគ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម គឺធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យក្រុមស្ត្រីដែលភាគច្រើនជាសកម្មជន ឬអ្នកការពារសិទ្ធិឱ្យពួកគេអាចលើកឡើងនូវបញ្ហាប្រឈមនានាដែលខ្លួនជួបប្រទះអំឡុងពេលអនុវត្តសិទ្ធិស្របច្បាប់ រួមនឹងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានារបស់ស្ត្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព។
លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូនៃសមាគមបណ្តាញយុវជនកម្ពុជាប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការបង្កើតយុទ្ធនាការនេះឡើង ដោយក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញពីបញ្ហាប្រឈមជាច្រើនដែលស្ត្រី និងក្មេងស្រីជាសកម្មជន ឬអ្នកការពារសិទ្ធិមនុស្សជួបប្រទះនាពេលសព្វថ្ងៃ។ យុទ្ធនាការ១៦ថ្ងៃនេះ ធ្វើឡើង ក៏ដើម្បីលើកទឹកចិត្តឱ្យសកម្មជនជាស្ត្រី និងក្មេងស្រីបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ពិសេសលើកិច្ចការការពារសិទ្ធមនុស្ស។
ចំណែកអ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាថ្លែងថា សកម្មជនជាស្ត្រីតែងរងការគំរាមកំហែងពីអាជ្ញាធរ រាល់ពេលដែលពួកគេចេញតវ៉ា ឬសម្តែងសិទ្ធិដែលស្របតាមច្បាប់។ ក្នុងនោះ អ្នកស្រីកត់សម្គាល់ថា សកម្មជនជាស្ត្រីតែងរងការជេរប្រមាថ ការបៀតបៀនគ្រប់រូបភាព និងការប្រើប្រាស់អំពើហិង្សាលើស្ត្រីពីសំណាក់អាជ្ញាធរ ដែលបញ្ហាទាំងនេះអ្នកស្រីទទូចស្នើឱ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា យុទ្ធនាការ១៦ថ្ងៃនេះ មានការរៀបចំកម្មវិធីជាច្រើនដោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា និងនៅថ្ងៃទី០៨ ខែធ្នូ នឹងមានការផ្សាយអំពីប្រធានបទចំនួន៤នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ គឺមានកម្មវិធីសំណួរចម្លើយនៅលើប្រព័ន្ធអនឡាញដោយផ្តោតជាសំខាន់ទៅលើប្រធានបទទាក់ទងនឹងយុទ្ធនការ១៦ថ្ងៃ។
ដោយឡែកនៅថ្ងៃទី២៧ ខែវិច្ឆិកា អង្គការសង្គមស៊ីវិលទាំង២១ស្ថាប័ននឹងចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយលើកឡើងអំពីតម្រូវការ និងសំណូមពរទៅកាន់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រីជាសកម្មជន ខណៈនៅថ្ងៃទី០៣ ខែវិច្ឆិកា នឹងមានការរៀបចំកម្មវិធីជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ៕