ដោយ អាស៊ីសេរី
2023.11.30
RFA

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញ ស៊ុន រដ្ឋា ពេលទទួលពានរង្វាន់កម្រិតអន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ២០២៣ ដោយផ្ទាល់នៅទីក្រុងស្តុកហូម (Stokholm) ប្រទេសស៊ុយអែត (Sweden)។ រូប៖ អង្គការ LiveLihood
ក្រុមយុវជនចលនាមាតាធម្មជាតិ ចំនួន៣នាក់ រួមមានកញ្ញា មាន លីសា កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត នៅរាត្រីថ្ងៃទី២៩ វិច្ឆិកា ទទួលពានរង្វាន់កម្រិតអន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ២០២៣ ដោយផ្ទាល់នៅទីក្រុងស្តុកហូម (Stokholm) ប្រទេសស៊ុយអែត (Sweden)។ ពានរង្វាន់នេះមានតម្លៃប្រហាក់ប្រហែលនឹងពាន់រង្វាន់ណូបែលសន្តិភាព។
ពានរង្វាន់ Right Livelihood ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ នៅប្រទេសស៊ុយអែត (Sweden) ។ គិតមកទល់បច្ចុប្បន្នមានអ្នកទទួលបានពានរង្វាន់ចំនួន ១៩៤នាក់ ហើយគណៈកម្មាធិការជ្រើសរើសអ្នកទទួលរង្វាន់នេះវិញ មកពីប្រទេស៧៦ប្រទេស និង១៤៣សញ្ជាតិ។ រីឯអ្នកទទួលបានពានរង្វាន់នេះ សុទ្ធសឹងតែជាអ្នកការពារសិទ្ធិមនុស្ស ការពារសិទ្ធិជនជាតិដើមភាគតិច និងអ្នកការពារបរិស្ថានធនធានធម្មជាតិជាដើម ។ នៅក្នុងឆ្នាំ២០២៣នេះ មានក្រុមចំនួន ៤ប៉ុណ្ណោះដែលទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ក្នុងនោះក៏មានក្រុមមកពីប្រទេសកម្ពុជាផងដែរ គឺក្រុមចលនាមាតាធម្មជាតិ។
ការផ្ដល់ពានរង្វាន់នេះ ក្រោយពីគណៈកម្មាធិការបានវាយតម្លៃ លើភាពក្លាហាន និងការច្នៃប្រឌិតក្នុងការតស៊ូមតិរបស់ចលនាមាតាធម្មជាតិ នៅក្នុងបរិបទប្រទេសដែលមានលំហប្រជាធិបតេយ្យត្រូវបានរឹតត្បិតក្នុងកម្រិតធ្ងន់ធ្ងរ។
បន្ទាប់ពីតុលាការបានដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ពួកគាត់បានទទួលពានរង្វាន់២ រួចមកហើយ និងកំពុងរង់ចាំទទួលពានរង្វាន់ទី៣។ ទី១ គឺជាពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ ពីបណ្ដាញអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ហើយពានរង្វាន់ទី២ គឺជាពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាននៅកម្ពុជា និងពានរង្វាន់ទី៣នេះ គឺពានរង្វាន់កម្រិតអន្តរជាតិ រ៉ាយឡាយលីហ៊ូត (Right Livelihood) ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត (Sweden)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។