ដោយ ទីន ហ្សាការីយ៉ា
2023.11.29
RFA

សកម្មជន អង្គការមាតាធម្មជាតិកម្ពុជា ឡើងទទួលពានរង្វាន់ពីអង្គការ Rights livelihood ជាផ្លូវការ នៅទីក្រុងស្ដុកខម (Stockholm) ប្រទេសស៊ុយអែត (Sweden) កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ Right livelihood
សកម្មជន អង្គការមាតាធម្មជាតិ បានទទួលពានរង្វាន់ពីអង្គការ Rights livelihood ជាផ្លូវការហើយ កាលពីយប់ថ្ងៃទី២៩ វិច្ឆិកានេះ។
សកម្មជនអង្គការមាតាធម្មជាតិចំនួនបីនាក់ បានឡើងទៅទទួលពានរង្វាន់ដោយផ្ទាល់ពីអង្គការ Rights livelihood នៅទីក្រុងស្ដុកខម (Stockholm) ប្រទេសស៊ុយអែត (Sweden) រួមមាន លោក លី ចាន់ តារាវុធ កញ្ញា មាន លីហ្សា និងកញ្ញា ស៊ុន រដ្ឋា។
កញ្ញា ស៊ុន រដ្ឋា បានថ្លែងសារ នៅពេលឡើងទៅទទួលពានរង្វាន់ថា នាងរំភើប ដែលអង្គការចលនាមាតាធម្មជាតិបានទទួលពានរង្វាន់នេះ។ កញ្ញាបន្ថែមថា ពានរង្វាន់នេះ មិនត្រឹមតែមានតម្លៃសម្រាប់យុវជនមាតាធម្មជាតិប៉ុណ្ណោះទេ តែវាមានតម្លៃ សម្រាប់ពលរដ្ឋកម្ពុជាទាំងមូល។ កញ្ញាបានថ្លែងរៀបរាប់ថា សកម្មជនចលនាមាតាធម្មជាតិបានប្រឈមនឹងការគំរាមកំហែងជាច្រើនក្នុងបេសកកម្មការពារធនធានធម្មជាតិ បរិស្ថាន និងការតស៊ូមតិលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា។
កញ្ញា ស៊ុន រដ្ឋា ថ្លែងនៅចំពោះមុខអ្នកចូលរួមរាប់រយនាក់ ដោយនាងបានហៅ ក្រុមយុវជនចលនាមាតាធម្មជាតិថា ជា «ក្រុមខុសច្បាប់»។ កញ្ញាបានពន្យល់ថា សកម្មភាពការងាររបស់ពួកគាត់ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា មិនមែនជាសកម្មភាពខុសច្បាប់នោះទេ ប៉ុន្តែ ពួកគាត់ត្រូវបានរដ្ឋាភិបាលផ្ដល់ប្រសិទ្ធិនាមថា ជាក្រុមខុសច្បាប់ទៅវិញ។
កញ្ញា ស៊ុន រដ្ឋា៖ «ខ្ញុំប្រើពាក្យខុសច្បាប់នេះ ពីព្រោះជាអ្វី ដែលរដ្ឋាភិបាលកម្ពុជា បានហៅពួកយើង ថា ជាក្រុមខុសច្បាប់។ ជាក់ស្ដែង ដូចជា តារា វុធ និងខ្ញុំ ដែលឈរនៅទីនេះ ធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគាររយៈពេល ៥ខែ កាលពីឆ្នាំ២០២១»។
កញ្ញា ស៊ុន រដ្ឋា និង លី ចាន់តារាវុធ កំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ។ តុលាការបានចោទប្រកាន់អ្នកទាំងពីរ ពីបទ រួមគំនិតក្បត់ និងប្រឆាំងព្រះមហាក្សត្រ ដែលអាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។
យុវជនទាំងបីនាក់ កញ្ញា មាន លីហ្សា កញ្ញា ស៊ុន រដ្ឋា និង លោក លី ចាន់រាវុធ ដែលឡើងទៅទទួលពានរង្វាន់ Right Livelihood នៅពេលនេះ គឺតំណាងឲ្យអង្គការចលនាមាតាធម្មជាតិ នៅក្រោយពីកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា ត្រូវបានតុលាការបដិសេធមិនឲ្យពួកគេទៅទទួលពានរង្វាន់ ដោយផ្ទាល់។
គណៈកម្មការផ្ដល់ពានរង្វាន់ Right livelihood បានលើកឡើងថា ពានរង្វាន់ផ្ដល់ឲ្យយុវជនអង្គការចលនាមាតាធម្មជាតិនេះ គឺសម្រាប់ភាពក្លាហាន និងភាពទាក់ទាញរបស់ពួកគេ ក្នុងការអភិរក្សបរិស្ថាន ធនធានធម្មជាតិ នៅក្នុងបរិបទសង្គមមួយ ដែលលំហប្រជាធិបតេយ្យត្រូវបានរឹតត្បិតធ្ងន់ធ្ងរ។
អ្នករៀបចំកម្មវិធីបានសួរសំណួរទៅកាន់ក្រុមយុវជនទាំងបីនាក់ ក្រោយពេល ស៊ុន រដ្ឋា បានថ្លែងសន្ទរកថារួចរាល់ថា តើសកម្មជនចលនាមាតាធម្មជាតិនឹងអ្វីទៅមុខទៀត។ កញ្ញា មាន លីហ្សា បានឆ្លើយតបភ្លាមថា ក្រុមសកម្មជនចលនាមាតាធម្មជាតិ នឹងធ្វើយុទ្ធនាការ ការពារ កោះកុង និងមានសកម្មភាពផ្សេងៗ ទៀត ដើម្បីការពារបរិស្ថាន ដូចជា ធ្វើជាវីឌីអូ គូរួបថ្លុក (Cartoon) ជាដើម។ ជាពិសេស ពួកគេនឹងធ្វើសកម្មភាព ដើម្បីជំរុញយុវជនឲ្យក្លាយជាយុវជនសកម្ម។
ក្រៅពីយុវជនទាំងបីនាក់បានឡើងទៅទទួលពានរង្វាន់ដោយផ្ទាល់ នៅលើវេទិកានេះ គេក៏បញ្ចាំងវីឌីអូរបស់អង្គការចលនាមាតាធម្មជាតិ អំពីសកម្មភាពរបស់យុវជន ធ្វើការ ការពារបរិស្ថាន និងធនធានធម្មជាតិនេះដែរ។
សកម្មជនបរិស្ថាន និងសកម្មជនសង្គមឆ្នើមជាច្រើននាក់ទៀត មកពីមជ្ឈិមបូព៌ា និងមកពីប្រទេសប្រកាន់របបផ្ដាច់ការមួយចំនួនទៀត ដែលពួកគេមានឆន្ទៈ និងបានលះបង់សព្វបែបយ៉ាង ដើម្បីការពារបរិស្ថាន សិទ្ធិមនុស្ស ក៏បានទៅទទួលពានរង្វាន់នេះដែរ។
រយៈពេល ៤០ឆ្នំាមកនេះ អង្គការ Right livelihood បានផ្ដល់ពានរង្វាន់ជូនដល់បុគ្គល ដែលក្លាហាន ចំនួន ១៩៤នាក់ មកពី ៧៦ប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។