គណបក្សប្រឆាំងថៃទាត់ចោលការចោទប្រកាន់ថាជួយបក្សប្រឆាំងកម្ពុជា

កម្ពុជា
30/12/2023 – 05:55
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គណ​បក្ស​ប្រឆាំង​ថៃ ​Move​ Forward​ ឬ​ហៅម្យ៉ាង​ទៀតថា ​គណបក្ស​កៅក្លៃ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨​ធ្នូ ​ដោយ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​នយោបាយ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​កម្ពុជា​ ដែល​ចោទ​ប្រកាន់​គណ​បក្ស​ប្រ​ឆាំង​ថៃ​ថា ​ផ្តល់​ទឹក​ដី​របស់​ខ្លួន​ឲ្យ​ក្រុម​ប្រឆាំង​របស់​កម្ពុជា​ធ្វើសកម្ម​ភាព​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​។​ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​គណ​បក្ស​ប្រឆាំង​ថៃ​ Move​ Forward​ បាន​អះ​អាង​ថា​ ខ្លួនមិន​ដែល​រៀបចំ ​ឬ​គាំទ្រ​សកម្មភាព​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​នយោបាយ​នៅ​កម្ពុជា​នោះទេ​។

រូបភាពគណបក្សភ្លើងទៀនត្រូវបាន​ភ្ជាប់ទៅនឹងសកម្មភាពនៅថៃ
រូបភាពគណបក្សភ្លើងទៀនត្រូវបាន​ភ្ជាប់ទៅនឹងសកម្មភាពនៅថៃ © Fresh News

គណ​បក្ស​ប្រឆាំង​ថៃ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​នេះ ​ បាន​និយាយ​ថា​ ការ​សហការ​ជា​មួយគណ​បក្ស​នយោបាយ និង​ក្រុម​នយោបាយ​មក​ពី​ជុំវិញ​ពិភព​លោក ​ដើម្បី​ចែក​រំលែក​ទស្សនៈ​ និង​បទពិសោធន៍ ​អំពី​លទ្ធិប្រជាធិប​តេយ្យ ​និង​បញ្ហា​នយោបាយ​។

យ៉ាង​ណាក៏​ដោយ​ គណបក្សនេះ​អះអាង​ថា ​ខ្លួន​មិន​ដែល​មាន​ទំនាក់​ទំនង​ទ្វេភាគី​ ឬ​កិច្ចព្រម​ព្រៀងជា​មួយក្រុម​នយោបាយ​បរទេស​ណាមួយ​ឡើយ​។​ តែ​គណ​បក្ស​នេះ ទទួល​ស្គាល់ថា ​កិច្ច​សហប្រតិបត្តិការ​ នៅក្រោម​បណ្តាញមួយ​ឈ្មោះថា​ «បណ្តាញ​សង្គម​ប្រជាធិប​តេយ្យ​អាស៊ី-ប៉ាស៊ីភិក»​ គឺ​មាន​សមាជិក​រហូត​ជាង ​១៤០​ប្រទេស​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​The ​Nation​ នៅថ្ងៃ​ទី​៣០​ធ្នូ​។

កាល​ពី​ថ្ងៃ​ទី២៥ធ្នូ ​ក្រុម​​គណបក្ស​នយោបាយនៅ​កម្ពុជា​ចំនួន ៧ និង​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន ៦ ​បានដាក់លិខិត​ក្នុង​ទម្រង់​ដូចៗ​គ្នា ស្នើឲ្យ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យសកម្មភាពរបស់ គណបក្សថៃ។

ក្រុមនេះបានចោទប្រកាន់​គណ​បក្ស​ប្រឆាំង​ថៃ​ថា ​ផ្តល់​ទឹក​ដី​របស់​ខ្លួន​ឲ្យក្រុម​ប្រឆាំង​របស់​កម្ពុជា​ធ្វើសកម្មភាព​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​។​

ក្នុង​លិខិត​តវ៉ា​នោះ ​ក្រុម​ដដែលនេះ​ បាន​លើក​ឡើង​ដោយ​យោង​តាម​ច្បាប់​ស្តីពី​កិច្ច​ព្រមព្រៀងទ្វេ​ភាគី​រវាងប្រទេស​ទាំង​ពីរ​ និង​លក្ខន្តិកៈ​របស់​សមាគម​អាស៊ាន​។​ ក្រុម​នេះ ​បាន​ចាត់​ទុក​ថា ​សកម្មភាព​នយោបាយរបស់ គណបក្ស​កាវក្លៃ ​ហាក់បី​ដូច​ជា​កំពុង​ធ្វើ​សកម្មភាព​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ការ​ទូត​រវាង​កម្ពុជា-​ថៃ​ និង​ព្រមាន​ថា ​សកម្មភាព​នេះ​ក៏​ប៉ះពាល់​ផង​ដែរ​ ទាំង​វិស័យ​សេដ្ឋកិច្ច ​និង​នយោបាយ ​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ច្បាប់​ប្រទេសថៃ​ ដែល​មិន​អនុញ្ញាត​ឲ្យ​បរទេសណា​មួយ​យក​ទឹកដី​ខ្លួន ​ធ្វើសកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ ពិសេស​ប្រទេស​អាស៊ាន​។

អ្នក​តាម​ដាន​សភាព​ការណ៍​បារម្ភ​ថា ​ការដាក់​លិខិត​តវ៉ា​បែប​នេះ ​អាច​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​កម្ទេចគណ​បក្ស​នយោបាយ​ណាមួយ​នៅ​កម្ពុជា ​ខណៈ​ដែល​រូប​ភាព​នៃ​គណ​បក្ស​ភ្លើង​ទៀន​ ក៏​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​សកម្មភាព​នៅ​ទឹក​ដី​ថៃ​នោះ​ដែរ​៕

What Next?

Recent Articles