បក្សប្រឆាំងចង់ឃើញពលរដ្ឋរស់នៅក្នុងសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនៅឆ្នាំ២០២៤

កម្ពុជា
31/12/2023 – 11:00
ដោយ៖ សេង​ បារាំង
RFI

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤ ក្រុមគណបក្សប្រឆាំងមានជំនឿថាប្រជាជនខ្មែរនឹងរស់នៅប្រកបដោយសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងមហាគ្រួសារខ្មែរតែមួយ។ ចំណែកខាងមន្រ្តីរដ្ឋាភិបាលដែលដឹក​នាំដោយគណបក្សប្រជាជនកម្ពុជាវិញ ក៏បានផ្ញើសារជូនពរប្រជាពលរដ្ឋ និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៤ផងដែរ។

បក្សប្រឆាំងចង់ឃើញពលរដ្ឋរស់នៅក្នុងសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តនៅឆ្នាំ២០២៤ © សេង បារាំង


ដូចសព្វដងអ្នកនយោបាយតែងតែធ្វើការផ្ញើសារជូនពរប្រជាជននៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ក៏ដូចជាមានសារនយោបាយដោយភ្ជាប់ជាមួយគ្នានឹងសារជូនពរនេះ។ ជាក់ស្ដែងនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤ គណបក្សប្រឆាំងដែលរួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា​ ដែលជាគណបក្សសម្ព័ន្ធភាពនឹងគ្នា បានផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ និងជូនប្រជាពលរដ្ឋខ្មែរផងដែរ។

ក្រៅពីសារជូនពរ គណបក្សប្រឆាំងខាងលើក៏មានសារនយោបាយ ដោយមានជំនឿថានៅឆ្នាំថ្មីឆ្នាំ២០២៤ប្រជាជនខ្មែរនឹងរស់នៅប្រកបដោយសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងមហាគ្រួសារខ្មែរតែមួយ។

ចំណែកលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិវិញ បានចេញជាសារនយោបាយ ក៏ដូចជាសារជូនពរថា នៅឆ្នាំ២០២៤នេះ សូមនាំមកនូវពន្លឺនៃសិទ្ធិ សេរីភាព យុត្តិធម៌ និងសន្តិភាព ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

ដោយលោក ហ៊ុន សែន ដែលជាដៃគូប្រកួតប្រជែងនយោបាយជាមួយលោក សម រង្ស៊ីវិញ ពុំមានសារនយោបាយអ្វីទេ ក្រៅពីសារជូនពរពលរដ្ឋឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យការធ្វើដំណើរទៅទីជិត ទីឆ្ងាយ ប្រកបដោយសេចក្តីសុខសុវត្ថិភាព។

រីឯលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ក៏គ្មានសារនយោបាយអ្វីក្រៅពីការជូនពរនោះទេ គឺលោក ហ៊ុន ម៉ាណែត បានជូនពរប្រជាពលរដ្ឋឲ្យមានសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច៕

What Next?

Recent Articles