ដោយ សុជីវី
2024.01.11
RFA

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ។ រូប៖ ហ្វេសប៊ុកលោក ហេង សួរ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងថា រដ្ឋាភិបាលសំរេចជាផ្លូវការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករដែលធ្វើការនៅតាមរោងចក្រនានាទូទាំងប្រទេសចំនួន ២០៤ដុល្លារសហរដ្ឋអាមេរិកចាប់ពីខែមករា ឆ្នាំ២០២៤តទៅ។
រដ្ឋមន្ត្រីដដែលអះអាងថា ការដំឡើងប្រាក់ខែគោលដល់កម្មករនេះ គឺមានកំរិតខ្ពស់ទៅហើយ បើ ប្រៀបទៅនឹងប្រាក់ខែកម្មករនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាមីយ៉ាន់ម៉ា (Myanmar) ឬភូមា បង់ក្លាដេស (Banglades) ប្រទេសឡាវ (Lao) និងតំបន់ខ្លះនៃប្រទេសវៀតណាម (Vietnam) ជាដើម នោះ។
ទោះជាយ៉ាងណាក្រុមកម្មករខ្មែរយល់ថា ការប្រកាសដំឡើងប្រាក់ខែគោលដ៏តិចតួចនេះ មិនបានជួយលើកស្ទួយជីវភាពកម្មករទេ។
ក្រុមសហជីពការងារ និងកម្មករមួយចំនួនមិនសប្បាយចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលសំរេចដំឡើងប្រាក់តែ ៤ដុល្លារ បន្ថែមទៅលើប្រាក់ខែគោលរបស់កម្មករនោះទេ ដោយសារតែគេយល់ថា ប្រាក់ដ៏តិចតួចនេះគឺមិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នដែលទំនិញសព្វសារពើព្រមទាំងប្រេងសាំងកំពុងតែឡើងថ្លៃខ្ពស់នោះឡើង។
កម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ដាប់ប៊ែលយូអែនឌី ខេមបូឌា ខូអិលធីឌី (W&D Cambodia Co. LTD) ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញលោក សឿង ប្រុស មានប្រសាសន៍ថា រដ្ឋាភិបាល ដែលសំរេចដំឡើងប្រាក់ ៤ដុល្លារបន្ថែមពីលើប្រាក់ខែគោល២០០ដុល្លារនោះ គឺមិនបានជួយឱ្យកម្មករដូចរូបគាត់មានជីវភាពធូរធារទេ។
បុរសដដែលបន្តទៀតថា លោកមិនត្រេកអរឡើយខណៈដែលរដ្ឋាភិបាលដំឡើងប្រាក់ ៤ដុល្លារលើប្រាក់ខែគោល ហើយរោងចក្រមួយចំនួនមិនដំណើរការ ខណៈរោងចក្រខ្លះទៀតឱ្យកម្មករធ្វើការមិនគ្រប់ម៉ោង ពិបាករកការងារធ្វើព្រមទាំងថ្លៃជួលផ្ទះស្នាក់នៅបានឡើងថ្លៃ ៥ដុល្លារបន្ថែមទៀត និងទំនិញស្ទើរគ្រប់មុខនៅលើទីផ្សារព្រមទាំងអង្ករផងក៏ឡើងថ្លៃខ្ពស់ដែរនោះ។
លោក សឿង ប្រុស៖ «រោងចក្រមួយចំនួនព្យួរការងាររោងចក្រមួយចំនួនបានបិទទ្វារ ហើយរោងចក្រដែលកំពុងតែដំណើរការឱ្យកម្មករចេញម៉ោង ៤ល្ងាចអីចឹង បានតែប្រាក់ខែគោលហ្នឹង? ហើយចុះនៅប្រាក់បង់ថ្លៃផ្ទះជួលបង់ថ្លៃទឹកថ្លៃភ្លើងការហូបចុកប្រចាំថ្ងៃ? កម្មករគាត់មានកាតប.សស តែពេលឈឺប.ស.សអត់ដាក់សេរ៉ូមឱ្យ អត់មើលថែផង ដូច្នេះគាត់ទៅពេទ្យឯកជនអស់លុយដដែល។ ហើយអ្នកខ្លះទៀតគាត់មានបន្ទុកម្ដាយចាស់ឪពុកចាស់ មានកូនតូចៗត្រូវបង់ថ្លៃកូនរៀនទៀត គឺចាយអត់គ្រប់គ្រាន់ទេ»។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាអ្នកស្រី ទូច សើ ក៏យល់ឃើញប្រហាក់ប្រហែលគ្នានេះថា ការបន្ថែមប្រាក់ចំនួន ៤ដុល្លារទៅលើប្រាក់ខែគោលសរុប ២០៤ដុល្លារនេះមិនបានជួយឱ្យកម្មករមានជីវភាពធូរធារទេ គឺស្ថានភាពរបស់កម្មករភាគច្រើននៅតែរស់ទាំងត្រដរ។
អ្នកស្រី ទូច សើ មានប្រសាសន៍ទៀតថា ថ្វីបើរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅទូទាំងប្រទេសក្តី ក៏ប៉ុន្តែរោងចក្រមួយចំនួននៅមិនទាន់អនុវត្តតាមគោលការណ៍បើកជាប្រាក់ខែឱ្យកម្មករទេ គឺគេនៅតែទូទាត់ប្រាក់ទៅឱ្យកម្មករតាមចំនួនបុងហើយប្រាក់ទូទាត់របៀបនេះមានកំរិតតិចជាងប្រាក់ខែដែលរដ្ឋបានកំណត់ទៅទៀត។
អ្នកស្រី ទូច សើ៖ «តើរដ្ឋាភិបាលគិតថាកម្លាំងកម្មករធនធានប៉ុណ្ណឹងស្មើនឹងលុយប្រាក់ខែ ២០៤ដុល្លារ? ប៉ុន្តែតាមខ្ញុំគិតឃើញថា រោងចក្រនៅស្រុកខ្មែរ គឺថៅកែចិនគាត់កេងប្រវ័ញ្ច និងគាបសង្កត់។បញ្ហាមួយទៀតបើសិនជាកម្មករដេរស៊ីប្រាក់ខែ គឺមិនថ្វីទេ តែបើកម្មករដេរស៊ីប្រាក់គិតតាមបុងវិញ គឺកំរិតទាបជាងប្រាក់ខែតែរោងចក្រខ្លះ បើសិនជាដេរស៊ីប្រាក់ខែគាត់អាចបានប្រាក់ថ្លៃជាងគិតបុង។បើអ្នកដេរគិតលុយតាមបុង ឧទាហរណ៍បាន ១៧០ដុល្លារ គឺនៅតែ១៧០ដដែល គឺថៅកែមិនបានដំឡើងឱ្យស្មើប្រាក់ខែគោលរបស់កម្មករដែលបានកំណត់នោះទេ»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានកោះយ៉ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដែលមានកម្មករចំនួនប្រមាណ១១.០០០នាក់ បានចូលរួម កាលពីថ្ងៃទី៨ ខែមករា ថាការបន្ថែមប្រាក់ឈ្នួល ៤ដុល្លារថែមទៀតនោះ ប្រសិនបើបូកបន្ថែមជាមួយប្រាក់អត្ថប្រយោជន៍ជាប់កាតព្វកិច្ចផ្សេងៗទៀតផង គឺកម្មករអាចនឹងទទួលបានប្រាក់ឈ្នួលជាមធ្យមពី ២២០ ទៅ ២៣០ដុល្លារ ក្នុង១ខែ ដោយមិនទាន់គិតបញ្ចូលប្រាក់បន្ថែមម៉ោង និងប្រាក់បេឡាសន្តិសុខសង្គម (ប.ស.ស) នៅឡើយ។
លោក ហេង សួរ បញ្ជាក់ថា ការដែលរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ២០៤ដុល្លារ នេះគឺមានកំរិតខ្ពស់បើប្រៀបធៀបទៅនិងប្រាក់ខែកម្មករនៅតាមបណ្ដាប្រទេសមួយចំនួនទៀតនោះ។
លោក ហេង សួរ៖ «ប្រសិនជាធៀបប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាជាមួយនឹងប្រាក់ឈ្នួលនៅបណ្ដាប្រទេសមួយចំនួន គឺប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាខ្ពស់ជាង បណ្ដាប្រទេសទាំងនោះដូចជាប្រទេសស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៤០ដុល្លារ ក្នុង ១ខែ ប្រទេសមីយ៉ាន់ម៉ា ៨៣ដុល្លារ ក្នុង១ខែ ឡាវត្រឹម ៨៨ដុល្លារ ក្នុង ១ខែ និងបង់ក្លាដេស ត្រឹម ១១៦ដុល្លារ ក្នុង ១ខែ រីឯតំបន់ខ្លះនៃវៀតណាមក៏ទាបជាងកម្ពុជាដោយសារវៀតណាមមានប្រាក់ឈ្នួលអប្បបរមាចន្លោះ ១៤៥ដុល្លារ ដល់ ២០៩ដុល្លារ»។
ចំណែកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមក្រសួងការងារ និងយន្តការត្រីភាគីដែលបានស្នើមករដ្ឋាភិបាលសុំឱ្យបន្ថែមប្រាក់តែ ២ដុល្លារលើប្រាក់ខែគោលកម្មករប៉ុណ្ណោះក៏ប៉ុន្តែលោកបានស្នើសុំឱ្យបណ្ដារោងចក្រសហគ្រាសជួយបន្ថែមឱ្យកម្មករចំនួនដល់ទៅ ៤ដុល្លារ។
លោក ហ៊ុន ម៉ាណែត ថ្លែងទៀតថា នៅក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅឡើយ ហើយប្រទេសជាច្រើននៅមិនទាន់មានលទ្ធភាពដំឡើងប្រាក់ខែឱ្យកម្មករផងនោះ គឺកម្ពុជាបែរជាប្រឹងប្រែងដំឡើងជូនកម្មករឱ្យទាល់តែបានបើទោះបីជាតិចតួចក៏ដោយ។
លោក ហ៊ុន ម៉ាណែត៖ «បងប្អូនគិតថាអាហ្នឹងតិច ប៉ុន្តែនៅក្នុងដំណាក់កាលលំបាកប្រទេសច្រើនណាស់ប្រកួតប្រជែងក្នុងតំបន់របស់យើង អត់ដំឡើងប្រាក់ខែតែ នៅកម្ពុជាតិចក្តីច្រើនក្តីយើងបានដំឡើង។ ហើយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យើងបានប្រកាសរបស់ក្រសួងការងារហើយខែមករា ឆ្នាំ២០២៤ នេះយើងបានដំឡើងប្រាក់តែម្ដងពី ២០០ ទៅ ២០៤ដុល្លារ ជាអប្បបរមា។ នេះជាការអបអរមួយសូមអបអរសាទរដល់បងប្អូនយើង»។
ទោះបីជាយ៉ាងណាកម្មករ និងសហជីពខ្លះនៅតែយល់ឃើញថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលមានកំរិតតិចតួចនេះគឺមិនសក្ដិសមនឹងគោលនយោបាយលើកស្ទួយជីវភាពកម្មករឡើយ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ យល់ថា ការដំឡើងប្រាក់ឈ្នួលជូនកម្មករនេះវាមិនមែនជាបន្ទុកចំណាយរបស់ថៅកែ ដែលជាអ្នកផលិតតែម្នាក់ឯងនោះទេ មានន័យថា គឺអ្នកដែលបញ្ជាទិញក៏បានទូទាត់ទាំងថ្លៃសម្ភារៈ ដោយគិតទាំងថ្លៃប្រាក់ខែកម្មករ និងប្រាក់ដែលទុកឱ្យថៅកែចំណេញរួចជាស្រេចហើយដែរ។
លោក អាត់ ធន់ បន្តទៀតថា ថៅកែរោងចក្រ និងសហគ្រាសនៅកម្ពុជាភាគច្រើនដែលជាជនជាតិចិនបានកេងយកប្រាក់ចំណេញច្រើនហួសហេតុទើបពួកគេដំឡើងប្រាក់ខែគោលជូនកម្មករដ៏តិចតួចដែលមិនសមរម្យបែបនេះ។
លោក អាត់ ធន់៖ «ខ្ញុំគិតថា អត់សមកាលណាឱ្យប្រាក់ឈ្នួលដែលមានកំរិតទាប ដែលមិនអាចធានានូវជីវភាពសមរម្យបាន។ សួរថា ចុះនិយោជកចំណេញប៉ុន្មាន? ចំណេញច្រើនឬតិចវាអត់សំខាន់ ព្រោះខ្ញុំបានធ្វើការយ៉ាងច្រើនជាមួយអ្នកបញ្ជាទិញអន្តរជាតិធំៗ ដែលទិញនៅស្រុកខ្មែរហ្នឹងគេទុកកំរិតចំណេញឱ្យថៅកែហើយ។ អីចឹងការឡើងប្រាក់ឈ្នួលឱ្យកម្មករនេះវាមិនមែនជាការចំណាយរបស់និយោជកអ្នកផលិតតែមួយមុខទេ។ តាមពិតទៅ កាលណាថៅកែកំណត់ប្រាក់ឈ្នួលសមរម្យគឺអ្នកបញ្ជាទិញគេនឹងបង្កើនតម្លៃ ឬក៏អាចផ្ដល់លទ្ធភាពឱ្យថៅកែចំណេញបានហើយ ក៏អាចឱ្យកម្មកររស់នៅក្នុងស្ថានភាពសមរម្យបានដែរ»។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានរោងចក្រសហគ្រាសទាំងអស់ជាង ៤ម៉ឺន (៤០.៨៤០) ដែលមានកម្មករនិយោជិកសរុបជាង ១លាន ៧សែននាក់កំពុងបម្រើការ។ ក្នុងចំណោមរោងចក្រសហគ្រាសទាំងនោះ គឺរោងចក្រកាត់ដេរ រោងចក្រផលិតស្បែកជើង និងរោងចក្រផលិតសម្ភារៈសម្រាប់ការធ្វើដំណើរមានជិត ១ពាន់៧រយ (១.៦៨០) ដោយមានកម្មករចំនួនជាង ៩០ម៉ឺននាក់និងបានទទួលប្រាក់ឈ្នួលប្រចាំឆ្នាំជិត៣ពាន់ (២.៩០០) លានដុល្លារអាមេរិក។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ឱ្យដឹងថា តាមរបាយការណ៍គឺថៅកែរោងចក្រដែលភាគច្រើនជាជនជាតិចិនបានប្រាក់ចំណេញប្រមូលយកទៅប្រទេសរបស់គេចំនួនប្រហែលពី ៥០០ទៅ ៧០០លានដុល្លារក្នុង១ឆ្នាំៗ។ លោក អាត់ ធន់ បញ្ជាក់ទៀតថា បើគិតពីប្រាក់ឈ្នួលដែលថៅកែចិនបើកឱ្យកម្មករវិញគឺប្រមាណតែ៣០ភាគរយនៃប្រាក់ចំណេញប៉ុណ្ណោះ មានន័យថា ការផ្ដល់ប្រាក់ឈ្នួលមកឱ្យកម្មករខុសគ្នាឆ្ងាយពេកពីទឹកប្រាក់ដែលថៅកែរោងចក្រចំណេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។