គណបក្ស​ភ្លើងទៀន ទទូច​ដល់​អាជ្ញាធរ​ឲ្យ​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​បក្ស​ខ្លួន

ដោយ មាន ឫទ្ធិ
2024.01.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​ភ្លើងទៀន ទទូច​ដល់​អាជ្ញាធរ​ឲ្យ​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​បក្ស​ខ្លួន

មន្ត្រីគណបក្ស​ភ្លើងទៀន ធ្វើសមាជវិសាមញ្ញ កាល​ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ Photo: RFA


គណបក្ស​ភ្លើងទៀន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​មហាផ្ទៃ ឲ្យ​ពន្លឿន​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ តាម​សំណើ​របស់​គណបក្ស​ភ្លើងទៀន​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ថែរក្សា​ការពារ​ក្រុមប្រឹក្សា​ទាំង​នោះ ដែល​ជា​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុង-ស្រុក-ខណ្ឌ​នៅ​ពេល​ខាង​មុខ។

គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃ​ទី ២២ ខែមករា សម្ដែង​ការ​ព្រួយ​បារម្ភ និង​​ខកចិត្ត​ចំពោះ​ការ​រាំងស្ទះ​ការផ្លាស់ប្ដូរ ឬ​ដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន។ គណបក្ស​ភ្លើងទៀន ចាត់ទុក​ការ​រារាំង​ការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត ជា​ចេតនា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត។

អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២២​ មករា​ថា មក​ទល់​នឹង​ពេល​នេះ គណបក្ស​ភ្លើងទៀន បាន​ស្នើសុំ​ផ្លាស់​ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ មក​ពី​គណបក្ស​នេះ ប្រមាណ ៣០ឃុំសង្កាត់ នៅ ១០រាជធានីខេត្ត។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​នោះ ដោយសារ​តែ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មួយចំនួន លាលែង​ចេញ​ពី​សមាជិក​គណបក្ស ហើយ​មួយចំនួន​ទៀត​បាន​ទទួល​អនិច្ចកម្ម និង​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​គណបក្ស​ភ្លើងទៀន​បញ្ចប់​សមាជិកភាព​ជាដើម។ អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន​រូប​នេះ ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួងមហាផ្ទៃ​ឲ្យ​ពន្លឿន​ការដោះដូរ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ តាម​សំណើ​របស់​គណបក្ស​នេះ។

លោក លី សុធារ៉ាយុត្តិ៖ «ជា​ការពិត​ណាស់​ប្រសិន​បើ​សំណើ នៃ​ការ​ផ្លាស់ប្ដូរ​របស់​គណបក្ស​ភ្លើងទៀន​មិន​ត្រូវ​បាន​ឆ្លើយតប​ជា​វិជ្ជមាន មិន​ត្រូវ​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ក៏​ក្រសួង​មហាផ្ទៃ​វា​ប៉ះពាល់​ទី១ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​គណបក្ស​នយោបាយ របស់​គណបក្ស​ភ្លើង​ទៀន ដែល​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ក្នុង​ការ​ថែទាំ និង​ថែរក្សា​ការពារ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត​របស់​យើង​ទី១។ ទី២ គឺ​ប៉ះពាល់​ដល់​អង្គ​បោះឆ្នោត​របស់​យើង​​តែ​ម្ដង ។ ទី៣ គឺ​ប៉ះពាល់​ដល់​លទ្ធផល​ នៃ​ការ​បោះឆ្នោត​អ​សកល​នា​ពេល​ខាង​មុខ»

មាត្រាទី១៦ នៃ​ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ចែងថា កាល​បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ណាមួយ​ត្រូវ​បាត់បង់​សមាជិកភាព ត្រូវ​ជ្រើសរើស​បេក្ខជន ដែល​មាន​ឈ្មោះ​បន្ទាប់​តាម​លេខរៀង ក្នុង​បញ្ជី​បេក្ខជន​ជាមួយ​មក​ជំនួស​ដោយ​មិន​បាច់​បោះឆ្នោត​ឡើង​វិញ​ឡើយ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២២ ខែមករា​ថា បញ្ហា​ស្នើ​សុំ​ដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ ក្រសួង​មហា​ផ្ទៃ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ណាមួយ​នោះ​ទេ ។ លោក​ចាត់​ទុក​ការ​ស្នើសុំ​ដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នោះ ជា​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស។

លោក ខៀវ សុភ័គ៖ «ជា​រួម​មក​ពី​ជម្លោះ​ផ្ទៃ​ក្នុង​របស់​គាត់។ អ្នក​ដែល​គាត់​សុំ​ដោះដូរ គាត់​ថា ទេ គេ​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ហ្នឹង​តើ ម៉េច​ត្រូវ​ដោះដូរ​គេ គេ​មាន​ធ្វើ​អ្វី​ខុស​ជាមួយ​គណបក្ស​ហ្នឹង​ឯណា តែ​ប៉ុណ្ណឹង​ជម្លោះ​ផ្ទៃ​ក្នុង​របស់​គាត់​ទេ ក្មួយ​ណា គ្មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​នឹង​សមត្ថកិច្ច​យើង​ទេ។ គាត់​ឈ្លោះ​គ្នា​ផ្ទៃ​ក្នុង​បែងចែក​អ្វី​ជា​រឿង​គាត់ ដូច្នេះ​យើង​ទទួល​ស្គាល់ អ្វី​ដែល​ជា​ក្រុម​ប្រឹក្សា​មួយ ដែល​គាត់​ឧទ្ទេសនាម​មក​ពីមុន ហើយ​ទៅ​ចោទ​គេ​ថា​ គេ​ឯណា​ឯ​ណី ដក​គេ​ឆៅៗ​អីចឹង​ទៅ អ្នកណា​គេ​យល់​ព្រម»

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធមី មានប្រសាសន៍ថា ការ​គ្រប់​គ្រប់​រដ្ឋបាល ឃុំ-សង្កាត់ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​ក្រសួង​មហាផ្ទៃ ហើយ​ការ​ស្នើសុំ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​គណបក្ស​នយោបាយ។ លោក​បន្ត​ថា ការ​មិន​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត តាម​សំណើ​របស់​គណបក្ស​នយោបាយ​ទេ អាច​នឹង​ប៉ះពាល់​ដល់​ស្មារតី​របស់​អង្គ​បោះឆ្នោត និង​ការ​បោះឆ្នោត​អ​សកល​នា​ពេល​ខាង​មុខ។

លោក សំ គន្ធមី៖ «ខ្ញុំ​គ្រាន់​តែ​មាន​សំណូមពរ​ជូន​ទៅ​ក្រសួង​មហាផ្ទៃ ដែល​ជា​ក្រសួង​សាមី​ហ្នឹង ស្ថាប័ន ដែល​មាន​សមត្ថកិច្ច​ហ្នឹង​ សូម​មេត្តា​ជួយ​ពន្លឿន​តាម​សំណើ​របស់​គណបក្ស​ភ្លើងទៀន​ហ្នឹង​ទៅ ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ហ្នឹង​កុំ​ឲ្យ​វា​មាន​ភាព​មិន​ទុកចិត្ត​នៅ​ក្នុង​ជួរ​គណបក្ស​ សូម​ជួយ​ធ្វើ​តាម​សំណើ​របស់​គណបក្ស​ផង​បាទ»

កាល​ពី​ពេលថ្មីៗនេះ សារ​សំឡេង​មន្ត្រី​បក្ស​កាន់​អំណាច​និយាយ​ឆ្លើយឆ្លង​គ្នា រយៈ៨នាទី ដែល​វិទ្យុ​អាស៊ីសេរី​ទទួល បាន​នោះ​ពួកគេ​ណែនាំ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ព្យាយាម​ប្រើ​វិធី​អូស​ទាញ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ឱ្យ​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​ដោយ​អះអាង​ថា លោក ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ខេត្ត​​នឹង​ផ្តល់​លុយ​កាក់ រក្សា​មុខ​តំណែង​នៅ​ដដែល និង​ចែក​ដីធ្លី​ឱ្យ​ថែម​ទៀត។ ប៉ុន្តែ​ពួកគេ​ដាក់​លក្ខខណ្ឌ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ភ្លើង​ទៀន ដែល​បាន​ចុះ​ចូល​ត្រូវ​រក្សា​ការ​សម្ងាត់​រហូត​អ្នក​ទាំង​នោះ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រួចរាល់​ហើយ​ទើប​អាច​ប្រកាស​ផ្ដាច់​ខ្លួន​តាម​ក្រោយ។

រីឯ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន ក៏​អះអាង​ថា​ មន្ត្រី​បក្ស​កាន់​អំណាច​ដើរ​សូកប៉ាន់​ ដោយ​សន្យា​ផ្តល់​តួនាទី និង​លុយ​កាក់​ដល់​អង្គ​បោះឆ្នោត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​មក​ពី​បក្ស​ភ្លើង​ទៀន​ឱ្យ​ចុះ​ចូល និង​បោះឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ និង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៦ ខែឧសភា ខាង​មុខ​នេះ ។

គណបក្ស​ភ្លើង​ទៀន និង​អ្នក​ជំនាញ​ការបោះឆ្នោត​ នៅតែ​ទទូច​ដល់​អាជ្ញាធរ និង​ក្រសួងមហាផ្ទៃ បង្ក​ភាព​ងាយស្រួល​ដល់​ការ​ស្នើ​សុំ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ធានា​ការ​បោះឆ្នោត​អ​សកល​ទាំង២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles