ដោយ សេក បណ្ឌិត
2024.01.25
RFA

(រូបថតឯកសារ) លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេលទៅចូលរួមសវនាការករណីរបស់លោក នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ រូបពីពលរដ្ឋ
អ្នកឃ្លាំមើលថា ដោយសារតែគណបក្សកាន់អំណាចមិនហ៊ានប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា ដូច្នេះ លោក កឹម សុខា នឹងពិបាកទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ណាស់។ ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា ការកាត់ទោសលោក កឹម សុខ គឺជាការងាររបស់តុលាការ និងមិនពាក់ព័ន្ធជាមួយការធ្វើនយោបាយរបស់គណបក្សកាន់អំណាចនោះទេ។
អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលលើកឡើងស្រដៀងៗ គ្នា ថា ដោយសារតែប្រព័ន្ធតុលាការស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច ដូច្នេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងមិនអាចទទួលបានយុត្តិធម៌នោះឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត យល់ឃើញថា ដោយសារគណបក្សប្រជាជនកម្ពុជា ធ្វើនយោបាយបែបទុច្ចរិត និងមិនហ៊ានប្រកួតប្រជែងនយោបាយដោយត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះលោកសន្និដ្ឋានថា លោក កឹម សុខា នឹងមិនអាចមានសិទ្ធិធ្វើនយោបាយវិញទេ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោស លោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេស ឬបទក្បត់ជាតិ និងហាមមិនឱ្យធ្វើនយោបាយ គាំទ្រអ្នកនយោបាយ និងមិនអាចជួបអ្នកណាក្រៅសាច់ញាតិរបស់ខ្លួនឡើយ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងនឹងបើកសវនាការលើលោក កឹម សុខា នៅថ្ងៃទី៣០ ខែមករាខាងមុខ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា គ្រួសារត្រកូល ហ៊ុន ចង់បន្តដឹកនាំប្រទេសយកគំរូតាមប្រទេសផ្ដាច់ការផងនោះ ដូច្នេះ លោក កឹម សុខា នឹងមិនអាចទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍នោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនកម្ពុជាមិន ដែលធ្វើនយោបាយបែបកំសាកនោះឡើយ។ លោកបន្តថា ការកាត់ទោសលោក កឹម សុខា គឺជាភារកិច្ចរបស់ប្រព័ន្ធតុលាការ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនមានឥទ្ធិពលទៅលើតុលាការនោះដែរ។
អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យចាត់ទុកថា ការចោទប្រកាន់ទៅលើលោក កឹម សុខា រហូតដល់ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលាយមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ ដូចជា សហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក (United States) និងអូស្ត្រាលី (Autralia) ជាដើម តែងតែទាមទារដល់រដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងលោក កឹម សុខា ឱ្យមានសេរីភាព និងសិទ្ធិធ្វើនយោបាយឡើងវិញ ដោយឥតលក្ខខ័ណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។