កម្ពុជា
26/01/2024 – 09:07
ដោយ៖ សេង បារាំង
RFI
អង្គការសមាគម និងសហគមន៍ជិត៤០ស្ថាប័នបានស្នើឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងលើប្រជាសហគមន៍សំរោងត្បូងដែលរស់នៅក្បែរបឹងតាមោក។ ទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋរស់នៅទីនោះដែរ។
សង្គមស៊ីវិលជិត៤០ស្នើឲ្យបញ្ឈប់ការគំរាមកំហែងប្រជាសហគមន៍សំរោងត្បូង
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមសង្គមស៊ីវិលដែលរួមមានសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្ដែងការព្រួយបារម្ភចំពោះសន្តិសុខ និងសុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង។ ការព្រួយបារម្ភនេះកើតឡើង ខណៈរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ឲ្យទៅក្រុមហ៊ុន និងបុគ្គលឯកជន។ ចំណែកសហគមន៍សំរោងត្បូងនឹងអាចត្រូវបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។
តាមសង្គមស៊ីវិលទាំងនេះ ការបណ្តេញពលរដ្ឋដោយបង្ខំ និងការកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនទៅឲ្យក្រុមហ៊ុន និងបុគ្គលឯកជន ជាការអនុវត្តស្តង់ដាពីរខុសគ្នាដែលបង្កើតចេញជាអំពើអយុត្តិធម៌សង្គម។ ក្រុមសង្គមស៊ីវិលយល់ថា ការធ្វើបែបនេះនាំឲ្យសហគមន៍មានការឈឺចាប់ បាត់បង់មុខរបរ សេដ្ឋកិច្ចធ្លាក់ចុះ ជំពាក់បំណុល ធ្វើចំណាកស្រុក ឬ ព្រាត់ប្រាស់គ្រួសារជាដើម។

សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដដែល បានបញ្ជាក់ថា តាំងពីឆ្នាំ២០២១ ដល់២០២៣ មានសមាជិកចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការ ពីបទចោទប្រើអំពើហិង្សាដោយចេតនា និងប្រឆាំងមន្រ្តីរាជការសាធារណៈដែលអាចទទួលទោសធ្ងន់។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣មានសមាជិកម្នាក់បានរត់គេចខ្លួនដោយព្រួយបារម្ភពីបញ្ហាសុវត្ថិភាពដោយសារតែបានចេញមុខការពារដីធ្លីផ្ទះសម្បែង និងសិទិ្ធលំនៅឋានរបស់ពួកគេ។
ក្រៅពីសម្តែងការព្រួយបារម្ភ ក្រុមអង្គការសង្គមស៊ីវិលក៏បានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងលើប្រជាសហគមន៍សំរោងត្បូង និងស្នើឲ្យផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។ ទន្ទឹមគ្នានេះ ពួកគេក៏ស្នើសុំឪ្យតុលាការទម្លាក់ការចោទប្រកាន់លើអ្នកតំណាងសហគមន៍ទាំង ១៨នាក់ផងដែរ។ តាមសង្គមស៊ីវិល ប្រជាសហគមន៍សំរោងត្បូងបានតាំងទីលំនៅតាំងពីឆ្នាំ១៩៩៦ ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដែលបច្ចុប្បន្នមានផ្ទះ៧៦ខ្នង។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១៩ សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នជាតិនានាដូចជា សាលាសង្កាត់សំរោងត្បូង សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ឬក្រសួងរៀបចំដែនដីជាដើម។ ប៉ុន្តែហាក់ដូចជាគ្មានដំណោះស្រាយ និងបានអូសពេលកាន់តែយូរ នេះបើតាមសេចក្ដីថ្លែការណ៍រួមរបស់សង្គមស៊ីវិលដដែល៕