ដោយ ស្ងួន អមរា
2024.01.26
RFA

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោនកន្លះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកនគរបាល
កម្លាំងមន្ទីរប្រឆាំងបទល្មើសកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យចំនួន ៥នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធការចោទប្រកាន់ថា ពួកគេដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជាង ១តោនកន្លះ។ មន្ត្រីសិទ្ធិមនុស្សស្នើតុលាការផ្ដន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ និងទាមទារឱ្យសមត្ថកិច្ចស្វែងរកមេខ្លោងពាក់ព័ន្ធយកមកអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បញ្ហានៃការហូរចូលគ្រឿងញៀនមកកម្ពុជា។
អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមករាថា លោកបានស្នើសុំព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញពន្យារពេល ២៤ម៉ោងទៀត ក្នុងការបញ្ជូនជនសង្ស័យជនជាតិចិន និងតៃវ៉ាន់ចំនួន ៥នាក់ទៅតុលាការ។ លោកថា ការពន្យារពេលនេះ ក្រោមហេតុផលថា សមត្ថកិច្ចកំពុងស៊ើបអង្កេតរកភស្តុតាងបន្ថែម និងតាមចាប់មនុស្សមួយចំនួនទៀតកំពុងរត់គេចខ្លួន។
លោកបញ្ជាក់ថា បច្ចុប្បន្នគ្រឿងញៀនជាង ១តោនកន្លះ និងជនសង្ស័យចំនួន ៥នាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោក ម៉ក់ ជីតូ៖ «មិនទាន់បញ្ជូនទេ យើងសុំពន្យារ ២៤ម៉ោង ព្រោះការបំពេញនិតីវិធីនៅមិនទាន់ចប់ ព្រោះគ្នាវាច្រើន យើងសួរចម្លើយមិនទាន់អស់ ហើយយើងកំពុងស្រាវជ្រាវបន្ថែមទៀត ឥឡូវយើងកំពុងស្នើសុំដីកាចាប់ខ្លួនអ្នកដែលសេសសល់ និងស្នើសុំនិវាទក្រហម (Red Notice) ដើម្បីសហការជាមួយប្រទេសទាំងអស់»។
កាលពីថ្ងៃទី២២ ខែមករា កម្លាំងនគរបាលថ្នាក់ជាតិ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាបបានជនសង្ស័យជនជាតិតៃវ៉ាន់ និងចិនចំនួន ៥នាក់ដែលពួកគេបម្រុងដឹកជញ្ជូនគ្រឿងញៀនជាង ១តោនកន្លះតាមដែនសមុទ្រខេត្តព្រះសីហនុ ទៅកាន់កោះតៃវ៉ាន់។ សមត្ថកិច្ចក៏បានបន្តស្រាវជ្រាវរកឃើញឃ្លាំងស្តុកគ្រឿងញៀនរបស់ជនសង្ស័យនៅចំណុច ៣ទីតាំងផ្សេងគ្នា ដោយទីតាំងឃ្លាំងស្តុកគ្រឿងញៀនទីមួយស្ថិតក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ និងពីរទីតាំងទៀតស្ថិតក្នុងខេត្តព្រះសីហនុ។
អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ឱ្យដឹងទៀតថា គ្រឿងញៀនជាង ១តោនកន្លះ ភាគច្រើនជាប្រភេទម្សៅខេ ឬប្រភេទកេតាមីន (Ketamine) និងមេតំហ្វេតាមីន (ICE)។ លោកថា ក្រុមឧក្រិដ្ឋជនបានដឹកជញ្ជូនគ្រឿងញៀនទាំងនោះចេញពីប្រទេសទី៣ ចូលកម្ពុជាម្ដងបន្តិចៗ ដើម្បីស្ដុកទុក រង់ចាំថ្ងៃដឹកចេញទៅដែនកោះតៃវ៉ាន់។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មើលឃើញថា ការណ៍ដែលឈ្មួញនៅតែអាចដឹកជញ្ជូនគ្រឿងញៀនចូលកម្ពុជាបានដោយសារសមត្ថកិច្ច និងតុលាការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។
លោក រស់ សុដ្ឋា៖ «ការខ្វះប្រសិទ្ធភាពលើការចាត់វិធានការលើគ្រឿងញៀនដោយសារតែ បញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ អ៊ីចឹងអំពើពុករលួយតាមយើងដឹងមក ពាក់ព័ន្ធនឹងមន្ត្រីគ្រាក់ៗ ដូចកន្លងទៅពាក់ព័ន្ធបញ្ហាគ្រឿងញៀនពាក់ព័ន្ធនឹងមន្ត្រីកំពង់ស្ពឺ រាជធានីភ្នំពេញ សង្ឃឹមថា នឹងចាត់ការបានជនដែលខិលខូច ជនល្មើសដែលជួញដូរគ្រឿងញៀនហ្នឹងបានច្រើនថែមទៀត»។
កាលពីឆ្នាំ២០២៣ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជិត ៨ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យ ជិត ២ម៉ឺននាក់ ក្នុងនោះ តុលាការចោទប្រកាន់ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសជាង ១ម៉ឺននាក់ (១០.០៣៦) នាក់។ ក្នុងឆ្នាំ២០២៣ ដដែល សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនប្រមាណ ៤ តោន និងសារធាតុគីមីផ្សំកែច្នៃជាគ្រឿងញៀនជាង ១តោន។ ដោយឡែកទំព័រឆ្នាំថ្មី ២០២៤ នេះវិញគិតត្រឹម ថ្ងៃទី២៤ ខែមករា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ១រយករណី (១៣២ករណី) និងរឹបអូសគ្រឿងញៀនប្រមាណជាង ២តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។