ហេតុអ្វីមហាជនខ្លះបន្តមិនអស់ចិត្តនឹងការបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត?

កម្ពុជា
30/01/2024 – 12:44
ដោយ៖ ប៉ាង សុចិនាថ
RFI

កាលពីយប់ថ្ងៃទី២៩ ខែមករា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានច្រានចោលភ្លាមៗលើការចោទប្រកាន់ពីគណនីហ្វេសប៊ុកឈ្មោះ Sreypich Thou ដែលអះអាងជាកូនស្រីរបស់អ្នកជំងឺ។ តែទោះជាយ៉ាងណា ការបំភ្លឺរបស់មន្ទីរពេទ្យហាក់មិនបានធ្វើឪ្យមហាជនមួយចំនួនស្ងប់ចិត្តនៅឡើយទេ។ ក្នុងចំណោមមហាជនដែលបានសម្តែងភាពមិនអស់ចិត្តក៏មានជំនួយការនាយករដ្ឋមន្រ្តី អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ និងអ្នកជំនាញផ្នែកសារព័ត៌មានដែរ។ ដោយឡែក មួយថ្ងៃក្រោយមានប្រតិកម្មជាបន្តពីមហាជននេះ ភាគីមន្ទីរពេទ្យក៏បានចុះមកសុំខមាទោសដល់សព និងបានសន្យាដាក់ពិន័យទៅដល់បុគ្គលដែលប្រព្រឹត្តខុស។ នេះបើតាមការអះអាងរបស់គណនីហ្វេសប៊ុក SreyPich Thou

ហេតុអ្វីមហាជនខ្លះបន្តមិនអស់ចិត្តនឹងការបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត?


នៅក្នុងលិខិតស្រាយបំភ្លឺ ១ទំព័រពេញចុះថ្ងៃទី២៩ មករា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនដោយបញ្ជាក់ថា ការរៀបរាប់របស់គណនីហ្វេសប៊ុកឈ្មោះ SreyPich Thou និងការដែលសារព័ត៌មានមួយចំនួនបានយកព័ត៌មាននេះទៅផ្សាយបន្ត មិនមែនជាការពិតឡើយ។ តាមលិខិតស្រាយបំភ្លឺដដែល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានរៀបរាប់ពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺពេលមកដល់មន្ទីរពេទ្យ សេចក្ដីព្យាយាមរបស់គ្រូពេទ្យក្នុងការសង្គ្រោះអ្នកជំងឺឲ្យអស់លទ្ធភាព និងការសម្រេចចិត្តរបស់សាច់ញាតិអ្នកជំងឺក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា លិខិតស្រាយបំភ្លឺរបស់មន្ទីរពេទ្យមួយនេះជាការឆ្លើយតបនឹងការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុក SreyPich Thou ក្នុងថ្ងៃទី២៩ មករាដដែល។ ម្ចាស់គណនីហ្វេសប៊ុកមួយនេះបានរៀបរាប់ពីភាពរអាក់រអួលរបស់មន្ទីរពេទ្យខ្មែរ-សូវៀត ដែលបណ្តាលឲ្យឪពុកខ្លួនបាត់បង់ជីវិត។ ភាពរអាក់រអួលរួមមានការតម្រូវឲ្យបង់ប្រាក់ជាមុនរាល់ពេលត្រូវចាប់ផ្ដើមពិនិត្យឬព្យាបាលអ្នកជំងឺ កង្វះខាតនៃការសង្គ្រោះបឋម និងការរារាំងអ្នកជំងឺមិនឲ្យប្រើសេវារថយន្តសាម៉ុយពីខាងក្រៅជាដើម។

គ្រួសារសព
គ្រួសារសព © FB

សេចក្ដីស្រាយបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅមិនទាន់អាចបកស្រាយចម្ងល់ និងធ្វើឲ្យមហាជនមួយចំនួនស្ងប់ចិត្តនៅឡើយ។ ក្នុងចំណោមមហាជនដែលបានសម្តែងភាពមិនអស់ចិត្តក៏មានលោក ជា ធីរិទ្ធ អតីតអ្នកកាសែត និងបច្ចុប្បន្នជាជំនួយការនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អលោក ឱក សេរីសោភក្តិ៍  នាយកប្រតិបត្តិអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) លោក ណុបវី និងនាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ជាដើម។ ពួកគេបានបញ្ជេញមតិស្រដៀងៗគ្នាថា ការបកស្រាយបំភ្លឺរបស់មន្ទីរពេទ្យនេះហាក់មិនទាន់អស់សេចក្ដី និងមិនមានការឆ្លើយតបគ្រប់គ្រាន់ទៅលើចំណុចដែលបានចោទប្រកាន់នោះទេ។ ត្រង់ចំណុចនេះ មានអ្នកខ្លះបានស្នើឲ្យបើកការស៊ើបអង្កេតបន្តទៀតដើម្បីធានា និងបង្ហាញការការពិតដល់សាធារណជន។

យ៉ាងណា ក្រោយការបង្ហាញពីភាពមិនអស់ចិត្តពីសាធារជនមួយចំនួននេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៣០ខែមករានេះ ក៏បានទៅអុជធូបសុំខមាទោសដល់ផ្ទះគ្រួសារសព ដោយអះអាងថានឹងបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ពិន័យដល់បុគ្គលដែលបានប្រព្រឹត្តខុសនេះ។ នេះបើតាមការអះអាងរបស់គណនីហ្វេសប៊ុក SreyPich Thou

What Next?

Recent Articles