គ្រួសារ​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ដំណឹង​ថា អ្នកស្រី ប៊ុន រ៉ានី ដួល​សន្លប់

ដោយ ជី វិតា
2024.02.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ដំណឹង​ថា អ្នកស្រី ប៊ុន រ៉ានី ដួល​សន្លប់

 រូប៖ VOD


គ្រួសារ លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា រួមទាំង​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​ផង រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ព័ត៌មាន​បែក​ធ្លាយ ដែល​ចុះ​ផ្សាយ​ថា ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុនរ៉ានី ដួល​សន្លប់ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្នុង​ក្រុង​ភ្នំពេញ។

រយៈ​ពេល​ជិត ១០ម៉ោងកន្លងផុតហើយ ដែល​មាន​ការ​ចុះ​ផ្សាយ​ថា ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ផង​នោះ កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ តែ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន មិន​ទាន់​បង្ហាញ​ប្រតិកម្ម ឬ​ឆ្លើយតប​ការ​ចុះ​ផ្សាយ​នោះ​ឡើយ។

ទំព័រ​ហ្វេសប៊ុក និង​តេឡេក្រាម ផ្លូវការ​របស់​លោក ហ៊ុន សែន គឺ​ត្រឹម​បង្ហោះ​ព័ត៌មាន​ស្ដីពី​សកម្មភាព​ការងារ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បំពេញ​ការងារ​ជា​នាយក​រដ្ឋមន្ត្រី។ រីឯ​កូនៗ របស់​លោក ហ៊ុន សែន រួមមាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត និង​អ្នកស្រី ហ៊ុន ម៉ាណា ជា​ដើម​នោះ គឺ​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​សុខភាព​ម្ដាយ​របស់​ខ្លួន។

សារព័ត៌មាន វីអូឌី បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១ ខែកុម្ភៈ​ថា អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្រោយ​ដួល​សន្លប់ កាល​ពី​ថ្ងៃ​ទី៣១ ខែមករា។ វីដេអូឃ្លីបបែកធ្លាយមួយប្រវែងជាង១នាទីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេ​ឃើញ​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ស្ដេច​យាង​ទៅ​សួរ​សុខទុក្ខ​អ្នក​ជំងឺ នៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ​មួយ។ វីដេអូ ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី៣១ ខែមករា​នោះ គេ​ឃើញ​មាន​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា និង​កូន​ប្រសារ​លោក ហ៊ុន សែន ឈរ​ទទួល​ស្វាគមន៍​សម្ដេចម៉ែ ហើយ​ពួក​គេ​ពាក់​ម៉ាស់​ទាំង​អស់​គ្នា ប៉ុន្តែ​គេ​មិន​បង្ហាញ​រូប​អ្នក​ជំងឺ​ទេ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​អង្គរក្ស​ការពារ​សុវត្ថិភាព​គ្រួសារ លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង បាន​ទេ នៅ​ថ្ងៃ​ទី១ ខែកុម្ភៈ។ ចំណែក ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប៉ែន បូណា អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកស្រី ប៊ុន រ៉ានី ដែល​មាន​វ័យ ៧០ឆ្នាំ មិន​ដែល​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ថា អ្នកស្រី​មាន​ជំងឺ​អ្វី​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ភរិយា​របស់​លោក​មាន​បញ្ហា​ចង្កេះ។  កាលពីឆ្នាំ២០២៣ ប្អូនស្រី​បង្កើត​របស់​អ្នកស្រី ប៊ុន រ៉ានី ម្នាក់ គឺ​អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បាន​ទទួល​មរណភាព​ដោយ​រោគាពាធ ក្នុងវ័យ៦៧ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles