លោក ហ៊ុន សែន ឲ្យមេធាវីសិក្សាផ្លូវច្បាប់ប្ដឹងលោក សឹង សែនករុណា

កម្ពុជា
04/02/2024 – 10:01
ដោយ៖ សេង​ បារាំង
RFI

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានប្ដឹងលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក។ អតីតនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បាននិងកំពុងឲ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជាសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹងលោក សឹង សែនករុណា។ តាមលោក ហ៊ុន សែន លោកនឹងមិនផ្ដល់ឱកាសសម្រាប់អ្នកដែលប្រមាថមកលើ​គណបក្សប្រ​ជាជនកម្ពុជាទៀតឡើយ។

លោក ហ៊ុន សែន ឲ្យមេធាវីសិក្សាផ្លូវច្បាប់ប្ដឹងលោក សឹង សែនករុណា © សេង បារាំង


នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹងលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក។ តាមរយៈទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានសំណេរយ៉ាងដូច្នេះថា «គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួក​អ្នកមានបានយោគយល់ដល់យើងដែរឬទេ»?

ការព្រមានប្ដឹងលោក សឹង សែនករុណា ដោយប្រធានគណបក្សប្រជាជនរូបនេះ​ ធ្វើឡើងដោយភ្ជាប់ជា​មួយសេចក្ដីថ្លែងការណ៍របស់មេធាវីគណបក្សប្រជាជនកម្ពុជាចំនួន ៤រូប ដែលបានបកស្រាយឆ្លើយតបនឹងលោក សុន ឆ័យ ដែលបានផ្ដល់បទសម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ RFI និងសារព័ត៌មាន ឌឹ​ខេមបូឌា ឌេលី​។ ការផ្ដល់បទសម្ភាសរបស់លោក​ សុន ឆ័យនៅពេលនោះ នៅគ្រាដែលតុលាការកំពូលចេញសាលដីកាសម្រេចឲ្យលោក សុន ឆ័យ បង់សងជំងឺចិត្តគណបក្សប្រជាជន ពាក់ព័ន្ធបរិហាកេរ្កិ៍ជាសាធារណៈ។

លោក ហ៊ុន សែន ឲ្យមេធាវីសិក្សាផ្លូវច្បាប់ប្ដឹងលោក សឹង សែនករុណា
លោក ហ៊ុន សែន ឲ្យមេធាវីសិក្សាផ្លូវច្បាប់ប្ដឹងលោក សឹង សែនករុណា © សេង បារាំង

តាមលោក ហ៊ុន សែន ក្នុងការចុះផ្សាយក៍មានការនិយាយដោយលោក សឹង សែនករុណាដែរ។ តែលោកមិនបានបញ្ជាក់ថា លោក សឹង​សែនករុណា និយាយអ្វីមកលើគណបក្សប្រជាជនឡើយ។ ត្រង់ករណីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យមេធាវីគណបក្សប្រជាជនសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោក សឹង សែនករុណា ម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។

យ៉ាងណាមិញពាក់ព័ន្ធការព្រមាន ប្ដឹងនេះ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការនិយាយរបស់លោកកន្លងមក គឺឈរកណ្ដាលជានិច្ច មិនមាននិន្នាការលម្អៀងទៅបក្សណាឬអ្នកនយោបាយណានោះឡើយ។ កិច្ចការងាររបស់លោកគឺចង់ឃើញកម្ពុជាមានលទ្ធិប្រជាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតែប៉ុណ្ណោះ។

បើតាមអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាមកប្រមាថមើលងាយគណបក្សតទៅទៀតទេ។ សម្រាប់លោក ហ៊ុន សែនយើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ ត្រង់បញ្ហានេះ លោកលើកឡើងដូច្នេះថា «សិទ្ធិរបស់​អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ»

What Next?

Recent Articles