ក្រុម​មេធាវី​លោក ហ៊ុន សែន ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទៅ​តុលាការ ទាមទារ​សំណង​កន្លះ​លាន​ដុល្លារ

ដោយ ខាន់ លក្ខិណា
2024.02.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​មេធាវី​លោក ហ៊ុន សែន ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទៅ​តុលាការ ទាមទារ​សំណង​កន្លះ​លាន​ដុល្លារ

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក។ រូប៖ ហ្វេសប៊ុក Soeng Senkaruna


មេធាវី​របស់​អតីត​តំណាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី៥ កុម្ភៈ បាន​ដាក់​បណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ឱ្យ​គណបក្ស​កាន់​អំណាច ចំនួន ២ពាន់​លាន​រៀល ឬ​ស្មើ​នឹង​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក។

ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ បញ្ជា​ទៅ​ក្រុម​មេធាវី​គណបក្ស ឱ្យ​សិក្សា​ផ្លូវ​ច្បាប់ ប្ដឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ចំពោះ​ការ​អត្ថាធិប្បាយ​លើ​សំណុំរឿង​បក្ស​កាន់​អំណាច​ប្ដឹង​លោក សុន ឆ័យ។

ពាក្យ​បណ្ដឹង​របស់​ក្រុម​មេធាវី​តំណាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សារព័ត៌មាន​ស្និទ្ធ​របស់​រដ្ឋាភិបាល Fresh News ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី៥ កុម្ភៈ របស់​ក្រុម​មេធាវី ដែល​ប្ដឹង​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា គឺ​យោង​ទៅ​តាម​អត្ថបទ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ។

ក្រុម​មេធាវី​របស់​បក្ស​កាន់​អំណាច​ចោទ​ថា ការ​ថ្លែង​របស់​លោក ស៊ឹង សែនករុណា ធ្វើ​ឱ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អំពើ​បង្ក​ចលាចល ញុះញង់​បង្កើត​ឱ្យ​មាន​ការ​ស្អប់​រើសអើង ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២៤ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ក្រុម​មេធាវី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា សំណូមពរ​ដល់​តុលាការ​ឱ្យ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​លើ​លោក ស៊ឹង សែនករុណា រួម​ទាំង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត​ឱ្យ គណបក្ស​កាន់​អំណាច ចំនួន ២.០០០.០០០.០០០ (ពីរ​ពាន់​លាន) រៀល។

បណ្ដឹង​របស់​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​គំរាម​ប្ដឹង​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ចំពោះ​ការ​អត្ថាធិប្បាយ​លើ​សំណុំ​រឿងបក្ស​កាន់​អំណាច​ប្ដឹង​លោក សុន ឆ័យ នៅ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ បាន​ចុះផ្សាយ​ដោយ​ស្រង់ប្រសាសន៍ លោក ស៊ឹង សែនករុណា ទៅ​ចុះ​ផ្សាយ​ថា វិវាទ​របស់​អ្នក នយោបាយ​គួរ​បញ្ចប់​ដោយ​នយោបាយ មិន​គួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ​មាន​ធនធាន​ថវិកា​ច្រើន គណបក្ស​នេះ គួរ​យោគយល់​ដល់​លោក សុន ឆ័យ គណបក្ស​កាន់​អំណាច តែងតែ យក​តុលាការ​មក​ធ្វើ​ជា​របាំង ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន និង​ថា គណបក្ស​នយោបាយ ទាំង​អស់​គួរតែ​ប្រើ​វិធី​ចាស់ទុំ ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​គួរ​បញ្ឈប់​នូវ​វប្បធម៌​គំរាមកំហែង​ដៃគូ​នយោបាយ​របស់​ខ្លួន ដើម្បី​ទុក​ជា​គំរូ សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ជា​ដើម។

វិទ្យុអាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​លោក ស៊ឹង សែនករុណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ កុម្ភៈ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ដែរ លោក ស៊ឹង សែនករុណា បាន​សរសេរ លើ​ហ្វេសប៊ុក​របស់​លោក អះអាង​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌ សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

លោក ស៊ឹង សែនករុណា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី៥ កុម្ភៈ ថា រាល់​ការ​ស្រង់​សម្ដី​របស់​លោក ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​វាយ​ប្រហារ​ចំៗ លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ នោះ វា​មិនមែន​ជា​ចេតនា និង​គោលបំណង របស់​លោក​នោះ​ទេ ដូច្នេះ​លោក​មិន​ទទួល​ស្គាល់​ឡើយ។

លោក​បញ្ជាក់​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ចេតនា​ណា​មួយ វាយ​ប្រហារ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក ស៊ឹង សែនករុណា «សូម​អរគុណ​ច្រើន​នូវ​ទឹកចិត្ត​ផ្ញើ​សារ​សួរ​សុខទុក្ខ និង​ព្រួយ​បារម្ភ​ពី​ខាង​គ្រួសារ​បងប្អូន មិត្តភ័ក្ដិ បងប្អូន​ខាង​សារព័ត៌មាន បងប្អូន​ខាង​អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​ជាតិ​អន្តរជាតិ បងប្អូន​មិត្តភ័ក្ដិ​ទូត​បរទេស​មួយ​ចំនួន ចំពោះ​សុវត្ថិភាព​របស់​ខ្ញុំ។ ខ្ញុំ​បាទ​មិន​អី​នោះ​ទេ»

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ ដែល​ទទួល​ព័ត៌មាន​នេះ។

លោក​ថា អ្នក​ធ្វើការ​នៅ​អង្គការ​សិទ្ធិមនុស្ស​មិន​មាន​ទ្រព្យ​អ្វី​ច្រើន​នោះ​ទេ គឺ​ធ្វើការ​ដោយ​សន្ដានចិត្ត ដោយ​ចង់​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រដ្ឋាភិបាល ទាក់ទង​នឹង​ផ្នែក​អភិវឌ្ឍន៍​សិទ្ធិមនុស្ស។

លោក អំ សំអាត ថា ការ​ផ្ដល់​បទ​សម្ភាសន៍​ទៅ​ដល់​សារព័ត៌មាន​របស់​លោក ស៊ឹង សែនករុណា កន្លងមក លោក​សង្កេត​ឃើញ គឺ​ក្នុង​ន័យ​ស្ថាបនា កែលំអ​នៅ​បញ្ហា​សិទ្ធិមនុស្ស សង្គម បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles