កម្ពុជា
05/02/2024 – 11:13
ដោយ៖ អេង គីមហុង
RFI
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិរងបណ្ដឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីឆបោកប្រាក់ដែលប្ដឹងដោយ លោក ស៊ន សុខហេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ។ លោក ស៊ន សុខហេងបានប្តឹងលោកស៊ុន ចន្ធី ទៅកាន់សាលាដំបូង ខេត្តកំពង់ធំកាលពីថ្ងៃទី១ ខែកុម្ភៈ។ តែលោក ស៊ុន ចន្ធីនៅមិនទាន់ឆ្លើយតបយ៉ាងណានឹងបណ្ដឹងនេះនៅឡើយទេមកដល់ពេលនេះ។
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី រងបណ្តឹងឆបោកប្រាក់ជាង១២លានរៀល © Internet
ពាក្យបណ្តឹងប្តឹងលោក ស៊ុន ចន្ធី ទៅកាន់សាលាដំបូងខេត្តកំពង់ធំបានធ្វើឡើងដោយអ្នកតំណាងលោក ស៊ន សុខហេង។ នៅក្នុងពាក្យបណ្តឹងដែលមានស្នាមមេដៃទទួលស្គាល់ដោយមនុស្ស៥នាក់ផ្សេងទៀតបានរៀបរាប់ថា កាលនៅជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំស្រុកសន្ទុក លោក ស៊ុន ចន្ធី បានប្រមូលថវិកាពីសមាជិកចំនួន១៩នាក់ដោយម្នាក់ៗត្រូវបង់ជាង១លានរៀល(១,៦០,០០០រៀល) ដោយអ្នកខ្លះបង់គ្រប់ និងអ្នកខ្លះបង់បានពាក់កណ្ដាលដើម្បីចូលរួមចំណាយនៅក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតក្នុង២០២៣។
លោក ស៊ន សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា លោក ស៊ុន ចន្ធី បានសន្យានៅពេលនោះថា បើមិនបានឃោសនាទេ លោកនឹងប្រគល់ប្រាក់ទៅសមាជិកទាំង១៩នាក់វិញ។ តែផ្ទុយមកវិញ លោក ស៊ុន ចន្ធី យកប្រាក់ទាំងនោះទៅបង្កើតគណបក្សថ្មីដោយមិនបានបង់សង់ត្រឡប់វិញដូចការសន្យាឡើយ។

បន្ទាប់ពីបានរៀបរាប់សាវតានៃរឿងរ៉ាវរួចហើយ ម្ចាស់បណ្ដឹងលោក ស៊ន សុខហេងបានស្នើឲ្យសាលាដំបូងខេត្តកំពង់ធំរកយុត្តិធម៌ជូនលោក និងមនុស្ស៨នាក់ផ្សេងទៀត។ ទន្ទឹមគ្នានេះ លោក ស៊ន សុខហេង បានសំណូពរ ៣ចំណុច ទី១ គឺផ្ដន្ទាទោសលោក ស៊ុន ចន្ធី តាមផ្លូវច្បាប់ ទី២ សងប្រាក់ជាង១២លានរៀលឲ្យអ្នកទាំង៩នាក់វិញ និងទី៣ សងជំងឺចិត្ត និងសងការចំណាយផ្សេងៗ សរុបចំនួន ៥ពាន់ដុល្លារ។ ជុំវិញពាក្យបណ្តឹងដែលលោកស៊ន សុខហេងបានប្តឹងលោក ស៊ុន ចន្ធី ពេលនេះ វិទ្យុបារាំងអន្តរជាតិបានព្យាយាមទាក់ទងលោក ស៊ុន ចន្ធី តាមទូរស័ព្ទច្រើនដង តែអត់មានអ្នកលើក។
គួរបញ្ជាក់ថា បន្ទាប់ពីលាឈប់ពីតំណែងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ស៊ុន ចន្ធី ចេញមកបង្កើតគណបក្សនយោបាយថ្មីនេះមានឈ្មោះថា «គណបក្សកម្លាំងជាតិ» និងបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣។
មួយវិញទៀត លោក ស៊ុន ចន្ធី ដែលជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី ធ្លាប់បានចូលរួមជាមួយបក្សប្រឆាំងយូរដែរ ពោលពីនៅជាមួយអតីតគណបក្សសង្គ្រោះជាតិមកម្ល៉េះ។ លោកស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ គឺទើបនៅចុងឆ្នាំ២០២១ ដែលលោកទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីបានស្នើសុំទៅរដ្ឋាភិបាល៕