ដោយ ចាន់ ដារ៉ូ
2024.02.05
RFA

លោក គង់ រ៉ៃយ៉ា អតីតសកម្មជនគណបក្សភ្លើងទៀន និងប្រពន្ធ និងកូនតូចពីរនាក់ ត្រូវបានកម្លាំងតម្រួតថៃចាប់ឃុំ ចាប់តាំងពីថ្ងៃទី២ កម្ភៈមក។ រូបគេផ្ដល់ឱ្យ
ពលករខ្មែរ និងព្រះសង្ឃមួយក្រុមចូលសួរសុខទុក្ខនិងយកស្បៀងអាហារ ជូនដល់ជនភៀសខ្លួនខ្មែរ ដែលកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំង នៃប៉ូលិសអន្តោប្រវេសន្តថៃ ក្នុងទីក្រុងបាងកក។ ពួកគេអះអាងថា ជនភៀសខ្លួនទាំងនោះព្រួយបារម្ភពីសុវត្ថិភាពដោយខ្លាចអាជ្ញាធរថៃបញ្ជូនពួកគេត្រឡប់ទៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សយល់ថា គួរដល់ពេលឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ជជែកជាមួយរដ្ឋាភិបាលថៃ ដើម្បីឱ្យរដ្ឋាភិបាលប្រទេសនេះគោរពសិទ្ធិជនភៀសខ្លួន។
ក្រុមពលករ និងព្រះសង្ឃនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ បានយកម្ហូបអាហារចូលសុខទុក្ខជនភៀសខ្លួនខ្មែរចំនួន ១១នាក់ រួមទាំងក្មេងតូច ៤នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន នៅមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន្តថៃ ក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗ នេះ។
ពលករខ្មែរធ្វើការនៅប្រទេសថៃ លោក អែម ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ កុម្ភៈថា ជនភៀសខ្លួនទាំងនោះត្រូវបានអាជ្ញាធរថៃឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន្តសួនភ្លូ (Suan Phlu) ចំណែកប្រពន្ធនិងកូនបញ្ជូនទៅឃុំនៅពន្ធនាគារផ្នែកស្ត្រី និងកុមារនៅទីក្រុងបាងកក ដោយពួកគេមានសុខភាពល្អជាធម្មតា។ ប៉ុន្តែលោកឱ្យដឹងថា រឿងដែលលោកខ្លោចចិត្តពេលឃើញពួកគេយំរៀបរាប់ដោយសារបារម្ភខ្លាចអាជ្ញាធរថៃបញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជាដើម្បីដាក់ពន្ធនាគារនៅប្រទេសកំណើត។ លោកថា ពួកគេស្នើដល់មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួនប្រចាំនៅប្រទេសថៃជួយអន្តរាគមន៍ដោយធ្វើយ៉ាងណាកុំឱ្យអាជ្ញាធរថៃបញ្ជូនត្រឡប់ទៅស្រុកខ្មែរវិញ។
លោក អែម ពិសិដ្ឋ៖ «ពួកគាត់នៅតែបារម្ភ ខ្ញុំសួរគាត់ទៅចង់ឱ្យជួយយ៉ាងមិចឱ្យគាត់ឆាប់បានចេញកាន់តែល្អ ពួកគាត់អត់ចង់នៅហ្នឹងទៀតទេ ពីព្រោះពួកគាត់នៅហ្នឹងទៀតពិបាក មានតែទឹកភ្នែក មានតែបាក់ទឹកចិត្ត ម្នាក់ៗនិយាយថាបញ្ជូនទៅខ្មែរវិញអ៊ីចឹង ខ្ញុំបានលើកទឹកចិត្តគាត់ថាអង្គការ ក៏ដូចជា យូអិនហ្នឹងចុះទៅដើម្បីមើលថែ និងលើកទឹកចិត្តពួកគាត់អ៊ីចឹងទៅ»។
កាលពីថ្ងៃទី២ កុម្ភៈ ប៉ូលិសថៃបានចូលចាប់ខ្លួន លោក ផន ផាន់ណា នៅបន្ទប់ស្នាក់នៅក្នុងខេត្តរាក់យ៉ង (Rayorng) ដោយសមត្ថកិច្ចបានបញ្ជូនលោក ផន ផាន់ណា និងប្រពន្ធរបស់លោក រួមទាំងកូនតូចៗ ពីរនាក់យកទៅឃុំខ្លួន។ នៅថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានទៅព័ទ្ធបន្ទប់ស្នាក់នៅរបស់អតីតសកម្មជនគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា និងនាំខ្លួនលោក គង់ រ៉ៃយ៉ា ប្រពន្ធ និងកូនតូចពីរនាក់ទៅឃុំខ្លួន។
ចំណែកសកម្មជនបក្សប្រឆាំង និងជាតំណាងជនភៀសខ្លួនម្នាក់ទៀត គឺលោក លឹក សុខា ក៏ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួននៅម្ដុំស្ថានីយរថយន្តអនុស្សាវរីយ៍ នៅក្នុងទីក្រុងបាងកក នៅយប់ទី២ ខែកុម្ភៈ។
តំណាងគណៈកម្មការជនភៀសខ្លួនប្រចាំប្រទេសថៃ លោក ខឹម មុន្នីកុសល ប្រាប់ថា ការដែលសមត្ថកិច្ចថៃចុះចាប់ក្រុមជនភៀសជាបន្តបន្ទាប់មកនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ។ លោកឱ្យដឹងថា បច្ចុប្បន្នពួកលោកដែលមានឈ្មោះ និងរូបថតក្នុងដៃអាជ្ញាធរថៃ ត្រូវតាមចាប់ខ្លួនកំពុងសម្ងំរស់នៅតែក្នុងបន្ទប់ ដោយមិនហ៊ានចេញទៅយកស្បៀងអាហារនៅអង្គការដូចលើកមុននោះទេ។
លោក ខឹម មុន្នីកុសល៖ «យើងមិនអាចលាក់បាំងបានទេនូវសកម្មភាពបង្ក្រាបនៅចំពោះមុខនេះគឺជាផែនការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាក់ស្ដែងណាស់ ហើយនៅក្នុងហ្នឹងមន្ត្រីស្ថានទូតគឺសកម្មណាស់ដែលកំពុងសហការគ្នាជាមួយអាជ្ញាធរថៃ ជាពិសេសប៉ូលិសថៃតាមស្វែងរកមិនថាពួកយើងជាជនភៀសខ្លួនទេ សូម្បីពលករក៏គេតាមដាន គាបសង្កត់ដែរ»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សង្កេតឃើញថាជនភៀសខ្លួនទាំងនោះបានរត់គេចខ្លួនទៅក្រៅប្រទេសដើម្បីរកកន្លែងមានសុវត្ថិភាពដោយសារអាជ្ញាធរខ្មែរតាមធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់តាមប្រព័ន្ធតុលាការតាមយាយីអ្នកដែលមាននិន្នាការផ្ទុយ។ លោកយល់ថាឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនគួរបន្តជែកជាមួយរដ្ឋាភិបាលថៃឱ្យពិនិត្យលើកាតព្វកិច្ចអន្តរជាតិឡើងវិញទាក់ទងការគោរពសិទ្ធិ និងធានាសុវត្ថិភាពជនភៀសខ្លួនដែលកំពុងរស់នៅប្រទេសថៃ។
លោក នី សុខា៖ «បើយើងមើលលើគោលការណ៍អន្តរជាតិប្រទេសមួយចំនួន ដែលជាសមាជិកនៃអនុសញ្ញាស្ដីពីជនភៀសខ្លួនត្រូវតែគោរពនូវខ្លឹមសារនៃអនុសញ្ញាហ្នឹង អ៊ីចឹង បើតាមខ្លឹមសារហ្នឹងថៃមិនគួរចាប់បញ្ជូនពលរដ្ឋខ្មែរដែលទទួលឋានជាជនភៀសខ្លួនដែលចេញមកប្រទេសកំណើតទេ»។
បច្ចុប្បន្ននេះមានជនភៀសខ្លួនខ្មែរកំពុងជាប់ឃុំនៅប្រទេសថៃចំនួន ១៥នាក់ ក្នុងនោះ ក៏មានទាំងមនុស្សចាស់ និងកុមារផង។ ករណីសមត្ថកិច្ចថៃសម្រុកចុះចាប់ជនភៀសខ្លួនកាន់តែខ្លាំងនេះ គឺធ្វើឡើងនៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃទី៧ ខែកុម្ភៈ ខណៈអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិទាមទាររដ្ឋាភិបាលថៃនិងកម្ពុជាត្រូវបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សជាបន្ទាន់។
ចំណែកក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៥ ខែកុម្ភៈ ឱ្យដឹងថា ដំណើរទស្សនកិច្ចទៅប្រទេសថៃនេះ លោក ហ៊ុន ម៉ាណែត នឹងចូលគាល់ព្រះមហាក្សត្រ និងជួបប្រធានរដ្ឋសភាថៃ។ អំឡុងពេលនៅទីក្រុងទីក្រុងបាងកកនេះដែរ លោក ហ៊ុន ម៉ាណែត ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដើម្បីជជែកលើផលប្រយោជន៍ទៅវិញទៅមក រួចហើយប្រទេសទាំងពីរនឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជួប ប៉ារីស៍ ដើម្បីសាកសួររឿងនេះបន្ថែមបានទេ នៅថ្ងៃទី៥ ខែកុម្ភៈ។
យ៉ាងណាក្តី អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលអាជ្ញាធរថៃបង្ក្រាបជនភៀសខ្លួនមិនដកដៃទំនងជាចង់ផ្គាប់ចិត្តរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់សំឡេងប្រឆាំងជាឆ្អឹងទទឹងកសម្រាប់លោក ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា។ លោកមើលឃើញថា ថៃនឹងទទួលកាដូធំពីរដ្ឋាភិបាលកម្ពុជាមកវិញ គឺយកប្រៀបលើទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេស ការចរចាលើគម្រោងអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់ជម្លោះនៃព្រំដែនសមុទ្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។