អ្នកឃ្លាំមើល​ថា ក្រម​ប្រតិបត្តិ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង គួរ​កំណត់​ទណ្ឌកម្ម និង​អនុវត្ត​ឲ្យ​ត្រឹមត្រូវ ទើប​ធានា​ប្រសិទ្ធភាព

ដោយ ខាន់ លក្ខិណា
2024.02.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


អ្នក​ឃ្លាំមើល​ថា ក្រម​ប្រតិបត្តិ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គួរ​កំណត់​អំពី​ទណ្ឌកម្ម និងអនុវត្ត​ឱ្យ​ត្រឹម​ត្រូវ ទើប​ធានា​ប្រសិទ្ធភាព។ ការ​លើក​ឡើង​នេះ ក្រោយ​ លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ពាណិជ្ជកម្ម​ដឹក​នាំ​បង្កើត​ក្រម​ប្រតិបត្តិ​មួយ​ជាក់លាក់ ដើម្បី​អនុវត្ត​លើ​ការ​ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។

អ្នក​ឃ្លាំមើល​ថា​ មាន​តែ​ក្រម​ប្រតិបត្តិ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ​មិន​គ្រប់​គ្រាន់​ សម្រាប់​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ទេ ​គឺ​ទាល់​តែ​មន្ត្រី​គ្រប់​ថ្នាក់​មាន​ម្ចាស់​ការ​បំពេញ​តួនាទី ​ដោយ​ការ​ទទួល​ខុស​ត្រូវនិង​មាន​តម្លាភាព ទើប​មាន​ប្រសិទ្ធភាព។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃ​ទី0៤ ​កុម្ភៈ ​ថា ការ​បង្កើត​ក្រម​ប្រតិបត្តិ​ជាការ​យក ​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង​ហើយ ប៉ុន្តែ​ប្រការ​សំខាន់​ គឺ​ខ្លឹមសារ​នៃ​ក្រម​ប្រតិបត្តិ​នេះ គួរ​​កំណត់​ទណ្ឌកម្ម ដើម្បី​ធានា​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​ដោយសារ​គ្រឿង​ស្រវឹង។

លោក យង់ គិមអេង ​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​កាត់​បន្ថយ​ គ្រឿង​ស្រវឹង គួរ​តែ​ទម្លាក់​ចោល​ឱ្យ​អស់​នូវ​ផ្ទាំង​ប៉ាណូ​ស្រា​នៅ​តាម​ទី​សាធារណៈ ហើយ​ដាក់​ជំនួស​វិញ​នូវ​ស្លាក​សញ្ញា​អប់រំ ដូចជា ការ​អប់រំ​សីលធម៌​និង​ ការ​អប់រំ​អំពី​ចរាចរណ៍​ជា​ដើម ទើប​មាន​ប្រយោជន៍។

លោក យង់ គិមអេង «វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប្រយោជន៍​ច្រើន​ទីមួយ​ កាត់​បន្ថយ​នៅ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង ទីពីរ​អាច​ជួយ​ឱ្យ​យុវជន​ឬ​ក៏​យុវជន​កម្ពុជា​កាត់​បន្ថយ​បាន​នៅ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង យើង​អាច​អភិវឌ្ឍន៍​បាន​នៅ​ធនធាន​មនុស្ស​អី​ហូរហែរ​ជាច្រើន​ កសាង​នៅ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​សុវត្ថិភាព​ភូមិ​ឃុំ។ ប៉ុន្តែ​ខ្ញុំ​ថា​មិន​គួរ​ត្រឹម​ថា ត្រួត​ពិនិត្យ​ទេ គួរ​តែ​មាន​បទញ្ជា​ឱ្យ​ដក​ចេញ​ទាំងអស់​ទៅ​បាន​ជា​ការ​ប្រសើរ»។

កាលពី​ថ្ងៃទី២ ​កុម្ភៈ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ ពាក់ព័ន្ធ​នានា​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ជា​ពិសេស​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផ្ទាំង​ប៉ាណូ​តាម​ទី​សាធារណៈ​ដោយ​ត្រូវ​កម្រិត​ឱ្យ​បាន​សមរម្យ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ ដែល​បង្ក​ឡើង​ដោយសារ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ពាណិជ្ជកម្ម​ដឹក​នាំប​ង្កើត​ក្រម​ ប្រតិបត្តិ​មួយ​ជាក់លាក់ ដើម្បី​អនុវត្ត​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ រួម​ទាំង​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នកស្រី ឱ វណ្ណឌីន បាន​ទេ នៅ​ថ្ងៃទី៥ ​កុម្ភៈ​ ដោយសារ​​ទូរសព្ទ​ចូល​គ្មាន​អ្នក​ទទួល។

​វិធាន​ការ​បង្កើត​ក្រម​ប្រតិបត្តិ​នេះ ក្នុង​ពេល​គ្រឿង​ស្រវឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​តាម​កញ្ចក់​ទូរទស្សន៍ ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ធំៗ​ តាម​ដង​ផ្លូវ​ និង​តាម​ទីកន្លែង​សាធារណៈ​នៅ​ទូទាំង​ប្រទេស ហើយ​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន តែង​ភ្ជាប់​ជាមួយ​នឹង​សារ​ដែល​ជំរុញ​ឱ្យ​ចង់​ពិសា​គ្រឿង​ស្រវឹង​ផង​ដែរ។

បន្ថែម​ពី​លើនេះ ក្រុមហ៊ុន​ស្រា​បៀ​មួយ​ចំនួន​រៀបចំ​កម្មវិធី​ ប្រគំ​តន្ត្រី​បែប​ទេសចរណ៍​ចល័ត​តាម​ខេត្ត ក្រុង រាជធានី ដែល​មាន​ការ​ចូលរួម​ពី ​អ្នក​ចម្រៀង​ពិធីករ ពិធីការិនី​មួយ​ចំនួន ដើម្បី​ផ្សាយ​ពាណិជ្ជ​លក់​ស្រា​បៀ​ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ ដែល​គ្រប់គ្រង​ដោយ​ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប៉ុស្តិ៍​ទូរទស្សន៍​ឯកជន​មួយ​ចំនួន​ទៀត។

ការ​ផ្សព្វផ្សាយ និង​បង្កើត​កម្មវិធី​ផ្សេងៗ ដើម្បី​លក់​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹក​គគ្រេង​​នេះ ស្រប​ពេល​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​សេព​គ្រឿង​ស្រវឹង​កើត​មាន​ឡើង និង​បាន​ផ្តាច់​ផ្តិល​ជីវិត​មនុស្ស​នៅ​តាម​ដង​ផ្លូវ​ជា​បន្តបន្ទាប់់។

សកម្មជន​សង្គម​ លោក គឹម ជីលីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រី​ថ្នាក់​ក្រោម គួរ​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ មិនមែន​រង់ចាំ​រហូត​ទាល់​តែ​នាយករដ្ឋមន្ត្រី​ចេញ​បញ្ជា​នោះ​ទេ ហើយ​ត្រូវ​ដោះស្រាយ​ជា​ប្រព័ន្ធ​ ដូចជា ​បច្ចេកទេស​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ស្ពាន​និង​គំនូស​សញ្ញា​ចរាចរណ៍ ​ការ​បញ្ជ្រាប​ការ​អប់រំ​ស្ដីពី​ចរាចរណ៍​ដល់​កម្រិត​សិក្សា​ថ្នាក់​មូលដ្ឋាន ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រឿង​ស្រវឹង ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ឱ្យ​មាន​តម្លាភាព និង​​ត្រូវ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ជា​ដើម។

លោក គឹម ជីលីន «អង្គការ​អន្តរជាតិ​ក្ដី​ធ្លាប់​ធ្វើ​របាយការណ៍​ជាមួយ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។ ក្នុង​មាន​អនុសាសន៍​មួយ​ជុំវិញ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ តាំង​ពី​ឆ្នាំ២០១៩​មក​ម្លេះ ប៉ុន្តែ​យើង​មើល​ឃើញ​ថា ទោះ​បីជា​មាន​អនុសាសន៍​ការ​ណែនាំ​ក៏​មិន​ឃើញ​មាន​ការ​យក​ចិត្ត​ទុកដាក់​ដែរ ទាល់​តែ​បញ្ហា​នេះ ចាប់​ផ្ដើម​កើត​មាន​ឡើង​​យ៉ាង​គគ្រឹក​គគ្រេង​ គួរ​ឱ្យ​ព្រួយ​បារម្ភ​ហើយ​ហានិភ័យ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង​ទើប​បាន​ឃើញ​រដ្ឋាភិបាល​មន្ត្រី​ពាក់ព័ន្ធ​ចាប់​ផ្ដើម​ស្ទុះស្ទារ»

ការស្ទង់មតិ​មួយ​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី៤ ​មេសា ​ឆ្នាំ២០២៣ បង្ហាញ​ថា បុរស​ ៧នាក់​ក្នុង​ចំណោម ​១០​នាក់​ ដែល​ស្មើ ៧០ភាគរយ ​ទទួល​ទាន​គ្រឿង​ស្រវឹង។ ដូច្នេះ ក្នុង​មួយ​ខែ ​បុរស ​១០ភាគរយ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​រៀងរាល់​ថ្ងៃ ឬស្ទើរ​តែ​រាល់ថ្ងៃ ខណៈ​បុរស​ ៦០​ភាគរយ​ទទួល​ទាន​គ្រឿង​ស្រវឹង​ពី ១ថ្ងៃ ​ទៅ ​៥ថ្ងៃ។

របាយការណ៍​របស់  វ៉ៃស៍ វ៉ូតធ័រ (Wisevoter) អំឡុង​ពាក់​កណ្ដាល​ឆ្នាំ២០២៣​ រក​ឃើញ​ថា កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី១ ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ប្រជាជន​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជាង​គេ ខណៈ​របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ គីរិន (Kirin) ចេញ​ផ្សាយ​កាលពី​ពេលថ្មីៗ​ នេះ ក៏​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ពីរពាន់បីរយលាន​ដុល្លារ ទៅ​លើ​​ស្រាបៀ​ដោយ​ម្នាក់ៗ​ ទទួល​ទាន​ស្រា​បៀ​ប្រមាណ ​៧២លីត្រ​ក្នុង​មួយ​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles